រាជធានីភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃនេះក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាតម្លៃលក់រាយប្រេងសាំងធម្មតាបានហក់ឡើងជាបន្តទៀតហើយ គឺក្នុងមួយលីត្រសាំងធម្មតាបានឡើងថ្លៃពី ២៧០០ រៀលក្នុងមួយលីត្រ ឡើងដល់ ២៨៥០ រៀលក្នុងមួយលីត្រសាំងសម្រាប់ការអនុវត្តចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ ។
ប្រាកដណាស់ចរាចរណ៍នៅកម្ពុជាបានវិលរកសភាពធម្មតាចាប់តាំងពីចុងខែឧសភា បន្ទាប់ពីកម្ពុជាបានព្យាបាលអ្នកកើតកូវីដ១៩ បានសះស្បើយជាបន្តបន្ទាប់ រហូតពលរដ្ឋមួយចំនួនធំហាក់ភ្លេចខ្លួនមិនសូវប្រុងប្រយ័ត្នដូចពីមុនៗឡើយ ព្រោះគេសង្កេតឃើញតាមដងផ្លូវអ្នកបើកបរម៉ូតូឡាន គឺមិនបានពាក់ម៉ាស់ការពារនោះទេ ខណៈនៅតាមភោជនីយដ្ឋានក្តីក៏ការរក្សាគម្លាតសុវត្ថិភាពគឺពុំមានការអនុវត្តសោះឡើយ ។
យ៉ាងណាមិញងាកមកមើល សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី ១៦ មិថុនានេះតម្លៃលក់រាយប្រេងសាំងធម្មតាបានឡើងថ្លៃចំនួន ១៥០ រៀលបន្ថែមទៀត នាំឲ្យតម្លៃលក់រាយក្នុងសាំងធម្មតាមួយលីត្រឡើងដល់ ២៨៥០រៀល ។ ចំណែកតម្លៃប្រេងម៉ាស៊ូត ក៏បានឡើងថ្លៃដល់ ២៦០០ រៀលក្នុងមួយលីត្រ ឡើងថ្លៃជាងមុនចំនួន ១០០រៀល។ ដែលតម្លៃថ្មីនេះគឺសម្រាប់ការអនុវត្តពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ មិថុនានេះ ។
អ្នកនាង នូវ ដានេ អ្នកបម្រើការងារនៅក្រុមហ៊ុនមួយបានឲ្យដឹងថា ធម្មតាការឡើងថ្លៃនូវមុខទំនិញគឺអាស្រ័យលើតម្រូវការជាក់ស្តែង តែយ៉ាងណាមិញ ជុំវិញការឡើងថ្លៃប្រេងសាំងធម្មតាគួរតែឡើងត្រឹម ៥០ រៀលក្នុងមួយលីត្រអីបានហើយ ព្រោះកូវីដ១៩ធ្វើឲ្យពលរដ្ឋមួយចំនួនធំបាត់បង់ចំណូល ហើយសំខាន់ជាងនេះអ្នកប្រើប្រាស់សាំងធម្មតាសម្រាប់ចាក់ម៉ូតូច្រើនជាអ្នកក្រដែលរងគ្រោះដោយកូវីដ
១៩ ។
អ្នកនាងបានបន្តថា «ពេលចុះគឺចុះតិចណាស់ តែពេលសាំងឡើងថ្លៃម្តងៗគឺ ១០០ ទៅ ២០០ រៀលក្នុងមួយលីត្រ ដូច្នេះវាហាក់ដូចជាពិបាកយល់ដែរ» ៕
ចែករំលែកព័តមាននេះ