ការបកស្កុត ឬស្ទីកឃ័រចេញពីតួរថយន្តក៏អាចរាប់ថាជាការងារតម្រូវឱ្យមានបច្ចេកទេសជំនាញខ្លះដែរដើម្បីចៀសវាងនាំបញ្ហាសៅហ្មងចិត្តផ្សេងៗពីគុណវិបត្តិក្រោយពេលអនុវត្តដោយពុំមានក្បួនខ្នាតត្រឹមត្រូវ ។ ដូចនេះសូមលើកយកវិធីបកស្កុតចេញពីរថយន្តប្រកបដោយសុវត្ថិភាពដូចតទៅ៖
ក-អ្វីដែលចាំបាច់ក្នុងការប្រើប្រាស់
-ឧបករណ៍ផ្លុំសម្ងួតសក់ដែលប្រើខ្យល់កម្ដៅ
-ផ្លែកាំបិតឬប្រដាប់កោស(ប្រសិនបកចេញពីកញ្ចក់រថយន្ត)
-កាតរឹង(ID កាតជាដើម)
-កន្សែងឬក្រណាត់ពីរ
-ប្រដាប់សម្អាតកញ្ចក់(ករណីបកចេញពីកញ្ចក់រថយន្ត)
-ស្ព្រាយ៍បាញ់ជាតិរលោងនិងលាងសម្អាត ។
ខ-អ្វីដែលត្រូវអនុវត្ត
១-ត្រូវច្បាស់ថាស្កុតឬស្ទីកឃ័រនិងតំបន់ដែលនៅជុំវិញនោះគឺលាងជម្រះធូលីបានស្អាត ។
២-ដោតកុងតាក់ឧបករណ៍ផ្លុំសក់ចុចបើកកម្ដៅឱ្យក្ដៅហើយកាន់ឧបករណ៍នោះតម្រង់ឱ្យកៀកនៅផ្នែកខាងលើស្ទីកឃ័រនោះត្រឹមតែប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះ ។ កុំព្យាយាមដាក់ផ្អឹបប្រដាប់ផ្លុំសក់ផ្ទាល់លើស្ទិកគ័រឱ្យសោះពិសេសជាងនេះទៀតគឺលើទឹកថ្នាំរថយន្តតែម្ដង ។
៣-រក្សាទីតាំងប្រដាប់ផ្លុំសក់នៅតំបន់ផ្នែកកណ្ដាលនៃស្ទិកគ័រដែលអ្នកបម្រុងបកវាចេញនោះប្រមាណជាពីរបីនាទី នៅគ្រានោះត្រូវច្បាស់ថាខ្យល់ដែលចេញមកក្រៅគឺក្ដៅបន្ទាប់មកចាប់ផ្ដើមប្ដូរទិសដៅបែរចេញយឺតៗមកផ្នែកគែមៗរបស់វា ។
៤-ក្រោយពីផ្លុំកម្ដៅស្ទីកឃ័រក្ដៅហើយប្រើប្រាស់កាតរឹងដូចមានរៀបរាប់ខាងលើដោយយកគែមវាដើម្បីកោសចេញតាមសម្រួល ។ ត្រង់ចំណុចនេះអ្នកក៏អាចប្រើចុងក្រចកកៀរវាចេញក៏បានដែរបើអាចធ្វើទៅបាន ។ ប្រសិនបើតំបន់នៃផ្ទៃស្ទីកឃ័រនោះក្ដៅគ្រប់គ្រាន់ហើយអ្នកនឹងអាចរំកិលជ្រុងកាតពីក្រោមស្ទីកឃ័ររហូតដល់ដាច់ចេញអស់ទាំងស្រុង ។
៥-បន្តប្រើគែមនៃកាតរឹងនោះកោសពីក្រោមស្ទីកឃ័ររហូតទាល់តែដាច់ចេញពីផ្ទៃរថយន្តជាការស្រេច ។
៦-ភ្លាមៗនោះស្ទីកឃ័រក៏បានរបូតចេញដូច្នេះអ្នកអាចអនុវត្តជំហានទី១-៤ដើម្បីកម្ចាត់នូវកាកសំណល់ដែលស្អិតជាប់នោះចេញឱ្យអស់ស្អាតតែម្ដង ។
៧-នៅពេលដែលមួយផ្នែកនៃរថយន្តគឺពិតជាជម្រះចេញកាកសំណល់ដែលស្អិតជាប់នោះអស់ហើយចូរប៉ូលាវាជាមួយនឹងឧបករណ៍សម្អាតកញ្ចក់មួយចំនួន ឬស្ព្រាយ៍ដូចមានរៀបរាប់នៅចំណុច(ក)ដើម្បីបញ្ចប់កិច្ចការរបស់អ្នកឱ្យសមតាមបំណង ៕
ចែករំលែកព័តមាននេះ