ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​អំបិល​នៅ​ខេត្តកំពត​-​កែប ដើម្បី​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ វិនិយោគិន​ចិន​គ្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​អំបិល​នៅ​ខេត្តកំពត​-​កែប ដើម្បី​បំពេញតម្រូវការ​ទាំង​ទីផ្សារ​អំបិល​ក្នុងស្រុក និង​ការ​នាំ​ចេញ ។ នេះ បើ​តាម​លោក ប៊ុ​ន បារាំង…

ខេត្តកំពត ៖ វិនិយោគិន​ចិន​គ្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​អំបិល​នៅ​ខេត្តកំពត​-​កែប ដើម្បី​បំពេញតម្រូវការ​ទាំង​ទីផ្សារ​អំបិល​ក្នុងស្រុក និង​ការ​នាំ​ចេញ ។ នេះ បើ​តាម​លោក ប៊ុ​ន បារាំង ប្រធាន​សហ​គម​ផលិត​អំបិល​ខេត្តកំពត ។

ប្រធាន​សហ​គម​ផលិត​អំបិល​ខេត្តកំពត​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​ប្រទេស​ចិន​បាន​ត្រៀម​ចុះ​សិក្សា​ពី​គម្រោង​បង្កើត​រោងចក្រ​នេះ​ហើយ ប៉ុន្តែ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ទេ ដោយ​រង់ចាំ​ស្ថានភាព​ជម្ងឺ​កូ​វី​ដ​១៩ ស្ងប់ស្ងាត់​សិន ។

លោក បារាំង បាន​បញ្ជាក់​ថា «​គម្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​អំបិល​មាន​សារៈសំខាន់ ណាស់ ដើម្បី​ជំរុញ​ការ​ផលិត​អំបិល​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មានគុណ​ភាព​ឆ្លើយ​តប​បាន​តម្រូវការ​ទីផ្សារ ខណៈ​បច្ចុប្បន្ន​រោងចក្រ​ផលិត​អំបិល​នៅ​ខេត្តកំពត​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ផលិត​មិន​តាម​តម្រូវការ​» ។ លោក​សង្ឃឹម និង​ជឿជាក់​ថា ក្រោយ​បញ្ចប់​កូ​វី​ដ​១៩ រោងចក្រ​មួយ​នេះ​អាច​នឹង​មាន​វត្ត​មាននៅ​លើ​ទឹកដី​កម្ពុជា ។

លោក បារាំង បាន​បន្ត​ដូចនេះ​ថា « សព្វ​ថ្ងៃនេះ​ខ្ញុំ​កំពុង​តែ​ទាក់ទង​អ្នក​វិនិយោគិន​ចិន ប៉ុន្តែ​គេ​រៀប​មក​សិក្សា ប៉ុន្តែ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​គេ​ផ្អាក​សិន ។ បើសិនណា​មិន​មាន​ជំងឺ​កូ​វី​ដ​ហ្នឹង​ប្រហែលជា​គេ​សិក្សា ហើយ​ដំឡើង​រោងចក្រ​មួយ​រោងចក្រ ។ រោងចក្រ​ដែល​វិនិយោគិន​ចិន​មក​សហការ វា​ជួយ​ការ​បំ​លែង​អំបិល​ពី​គ្រួ​ស​ឲ្យ​ទៅ​ជា​ម៉ត់​ដែល​អាច​ប្រើ​សម្រាប់​ហូប​បាន ។ ដោយសារ​អំបិល​ពេល​យក​ពី​ស្រែ​មក​ជា​អំបិល​គ្រួ​ស យើង​យក​មក​កែ​ច្នៃ​អោយ​ជា​អំបិល​ម៉ត់​ដាក់​ជា​កញ្ចប់​ៗ ។ យើង​សព្វ​ថ្ងៃនេះ​យើង​កំពុង​ខ្វះខាត​រោងចក្រ​កែ​ច្នៃ​អំបិល​គ្រួ​សម​ក​ជា​អំបិល​ម៉ត់ ទើប​យើង​កំពុង​ទំនាក់ទំនង​ខាង​ចិន​ឲ្យ​គាត់​ជួយ​» ។ លោក​បញ្ជាក់​ថា ការ​ផលិត​អំបិល​ក្នុង​ឆ្នាំ​២០២០​នេះ​រំពឹង​ថា នឹង​ប្រមូល​បាន​ប្រមាណ​៨​ម៉ឺន​តោន​លើ​ផ្ទៃដី​ជាង​៤០០០​ហិច​តា ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុម​ផលិត​អំបិល​មាន​ចំនួន​២០០​ក្រុមសាមគ្គី ហើយ​ចែក​ចេញ​ជា​៧​មណ្ឌល គឺ​មាននៅ​ក្នុងស្រុក​ទឹកឈូ ក្រុង​កំពត សេះស ស្រុក​កំពុងត្រាច និង​កែប ។ ក្នុង​មួយ​ឆ្នាំ​កម្ពុជា​ត្រូវការ​អំបិល​ប្រមាណ​១០​ម៉ឺន​តោន​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ