ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទសំបូរព្រៃគុក​មាន​វាសនា​មិន​ខុស​ពី​ប្រាសាទ​នានា​នៅ​កម្ពុជា​ឡើយ គឺ​ស្ងាត់​ភ្ញៀវ​ឈឹង

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ ក្រោយ​ត្រូវ​ភ្លៀង​ប៉ុន្មាន​មេ នា​ដើមរដូវ​វស្សា​នេះ​តំបន់​ប្រាសាទសំបូរព្រៃគុក​ប្រៀប​ដូច​ទទួល​បាន​ពរ​ជ័យ​ពី​ព្រះ​ភិ​រុណ ដែល​ដល់​កាល​វេលា​សម្ដែងឫទ្ធិ​បង្អុ​ល​ភ្លៀង​ស្រោចស្រព​ប្រឹថពី ញ៉ាំង​បណ្ដា​ព្រឹក្ស​ព្រៃ​ក្នុង​តំបន់ការពារទេសភាព​ព័ទ្ធ​រាជធានី​បុរាណ​ខ្មែរ​នេះ​ឱ្យ​លូតលាស់​ស្លឹក​ត្រួយ​បៃតង​ស្រស់​ខ្ចី ។ ប្រាសាទ​ធ្លាប់តែ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាប់​មិន​ដាច់ ឥឡូវ​តំបន់​ប្រាសាទបុរាណ​មួយ​នេះ…

ខេត្តកំពង់ធំ ៖ ក្រោយ​ត្រូវ​ភ្លៀង​ប៉ុន្មាន​មេ នា​ដើមរដូវ​វស្សា​នេះ​តំបន់​ប្រាសាទសំបូរព្រៃគុក​ប្រៀប​ដូច​ទទួល​បាន​ពរ​ជ័យ​ពី​ព្រះ​ភិ​រុណ ដែល​ដល់​កាល​វេលា​សម្ដែងឫទ្ធិ​បង្អុ​ល​ភ្លៀង​ស្រោចស្រព​ប្រឹថពី ញ៉ាំង​បណ្ដា​ព្រឹក្ស​ព្រៃ​ក្នុង​តំបន់ការពារទេសភាព​ព័ទ្ធ​រាជធានី​បុរាណ​ខ្មែរ​នេះ​ឱ្យ​លូតលាស់​ស្លឹក​ត្រួយ​បៃតង​ស្រស់​ខ្ចី ។

ប្រាសាទ​ធ្លាប់តែ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាប់​មិន​ដាច់ ឥឡូវ​តំបន់​ប្រាសាទបុរាណ​មួយ​នេះ គឺ​មាន​វាសនា​មិន​ខុស​ពី​តំបន់​ទេសចរណ៍​ប្រាង្គ​ប្រាសាទ​ផ្សេង​ៗ​នៅ​កម្ពុជា​នោះ​ទេ គឺ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ជា​សាកល​នៃ​វិបត្តិ​កូ​វី​ដ​១៩​នេះ ។

លោក តុ​ប សុ​ភ័ក អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា​នេះ​ថា «​ស្ថានភាព​ទេសចរណ៍​ក៏​មិន​ខុស​ពី​តំបន់​ព្រះ​វិហារ​ប៉ុន្មាន​ដែរ ដោយសារ​វិបត្តិ​កូ​វី​ដ​១៩​នេះ ។ មាន​ទេសចរណ៍​បរទេស​តិចតួច និង​ទេសចរ​ជាតិ​ទៅ​លេង​កម្សាន្ត​ខ្លះ​ដែរ តែ​ជា​ក្រុម​តូច​ៗ ឬ​លក្ខណៈ​គ្រួសារ មិត្តភក្តិ និង​ជា​លក្ខណៈ​ឯកជន មិន​មាន​ភ្ញៀវ​ជា​លក្ខណៈ​កញ្ចប់​ទស្សនកិច្ច​ធំ​ៗ​ទេ​» ។

បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​គ្រប់​គោល​ដោល​ដៅ​ទេសចរណ៍​ទាំងអស់​នៅ​ក្នុង​ប្រទេស​របស់​យើង តែ​ត្រូវ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ។

សុ​ភ័ក បាន​បន្ថែម​ថា «​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្រសួង​មិន​បាន​ជំរុញ​អោយ​មានការ​ដើរ​លេង​កម្សាន្ត​ជា​លក្ខណៈ​ទ្រង់​ទាយ​ទ្រាយ​ធំ ឬ​ជា​ក្រុម​ធំ​ៗ​នោះ​ទេ ប៉ុន្តែ​ប្រជាជន​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ឬ​ត្រឹម​ក្រុម​៤​ទៅ​៥​នាក់ ដែល​អាច​ទៅ​ទស្សនា​លេង​កម្សាន្ត​បាន​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​ក្នុង​ប្រទេស​របស់​យើង ។ ដោយ​គោរព​អោយ​បាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​» ។

យោង​តាម​ក្រសួងទេសចរណ៍​តំបន់​ប្រាសាទសំបូរព្រៃគុក ត្រូវ​បាន​សង់​លើ​ដី​រាបស្មើ​មាន​ទំហំ ៣,០០០ ហិ​កតា មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តកំពង់ធំ ។ ស្ថិត​នៅ​តាម​បណ្តោយ​ស្ទឹង​សែន រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​នេះ​មាន​ចម្ងាយ​ប្រមាណ ២៨ គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទីរួមខេត្ត​កំពង់ធំ ។

សូម​ជម្រាប​ផង​ដែរ​ថា តំបន់​ប្រាសាទសំបូរព្រៃគុក ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ នា​វេលា​ម៉ោង ៩​និង​៤០​នាទី (​ម៉ោង​នៅ​កម្ពុជា​) យប់​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក ដែល​ប្រារព្ធ​ឡើង​នៅ​ពី​ថ្ងៃ​ទី​០២-១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ក្រា​ខូ​វ សាធារណរដ្ឋ​ប៉ូ​ឡូញ​។

ប្រាសាទសំបូរព្រៃគុក ភាគច្រើន​កសាង​ឡើង​ដោយ​ព្រះបាទ​ឥ​សាន​វរ្ម័ន​ទី​១ ដែល​មាន​លក្ខណៈ​ជា​ប្រាសាទ​ទោល និង​សង់​ជា​ក្រុម​ក្នុង​កំពែង​តែ​មួយ ។ សម្ភារ​សំណង់ គឺ​មាន​ឥដ្ឋតាន កំបោរ​បាយអ ថ្មភក់ រីឯ​ប្លង់​ប្រាសាទ​មាន​រាង​បួន​ជ្រុង និង​ប្រាំបី​ជ្រុង មាន​ចម្លាក់​លើ​កំបោរ​បាយអ ។ គ្រឿង​លម្អ​ស្ថាបត្យកម្ម​មាន​ផ្តែរ និង​សរសរ​ពេជ្រ​សុទ្ធ​សឹង​ធ្វើ​អំពី​ថ្មភក់ ចំណែក​ជណ្ដើរ​សិលា និង​ស៊ុមទ្វារ ក៏​សាង​ឡើង​អំពី​ថ្មភក់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ