ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​ទៀត​នឹង​ដឹងថា តើ​គោព្រៃ​ជំទង់​​កម្ពុជា​ ស្ថិត​ក្នុង​ពូ​ល​ជាមួយ​ក្រុម​ណា​ខ្លះ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​ចាប់ឆ្នោត​បែងចែក​ពូ​ល​នៃ​ពានរង្វាន់​បាល់​ទាត់​យុវជន​ជើងឯក​អាស៊ី អាយុ​ក្រោម​១៩​ឆ្នាំ ឆ្នាំ​២០២០ (AFC U-19 Championship Uzbekistan…

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​ចាប់ឆ្នោត​បែងចែក​ពូ​ល​នៃ​ពានរង្វាន់​បាល់​ទាត់​យុវជន​ជើងឯក​អាស៊ី អាយុ​ក្រោម​១៩​ឆ្នាំ ឆ្នាំ​២០២០ (AFC U-19 Championship Uzbekistan 2020) នឹង​មក​ដល់​ហើយ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ខាង​មុខ ខណៈ​អ្នក​គាំទ្រ​កម្ពុជា កំពុង​ចាំ​អ៊ុត​យ៉ាង​អន្ទះសារ ដើម្បី​បានដឹង​ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ស្ថិត​ក្នុង​ពូ​ល​អ្វី និង​ត្រូវ​ប៉ះ​ក្រុម​ជើង​ខ្លាំង​ណាខ្លះ?

បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​(AFC) ពិធី​ចាប់ឆ្នោត​ជុំ​ផ្ដាច់ព្រ័ត្រ ដែល​មាន​បេក្ខភាព​ចូលរួម​១៦ គ្រោង​ធ្វើ​ឡើង​នា​ម៉ោង​៣​និង​៣០​នាទី​រសៀល​នៅ​ទីស្នាក់ការ AFC ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ។ ហើយ​បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ ក្រោយ​ចាប់ឆ្នោត​បែងចែក​ពូ​ល​រួច ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​៣១ ខែតុលា ឆ្នាំ​២០២០ នៅ​ទឹកដី​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន​។

ចំពោះ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា បន្ទាប់​ពី​បំបែក​កំណត់​ត្រា​៤៥​ឆ្នាំ​ឡើង​ជុំ​ផ្ដាច់ព្រ័ត្រ​ពាន AFC U-19 Championship Uzbekistan 2020 កម្ពុជា​គឺ​ស្ថិត​ក្នុង​ពូ​ល​ទី​៣ ដើម្បី​ធ្វើការ​ចាប់ឆ្នោត​ជាមួយ U19 ម៉ា​ឡេ​ស៊ី អុ​ី​រ៉ា​ក់ និង​វៀតណាម ។ រីឯ​បេក្ខភាព​ឡើង​ជុំ​ផ្ដាច់ព្រ័ត្រ ដែល​ស្ថិត​នៅ​៣​ពូ​ល​ផ្សេង​ទៀត រួម​មាន​ក្រុម U-19 កា​តា តា​ហ្ស៊ី​គី​ស្ថាន អ៊ី​រ៉​ង់ បា​រ៉ែ​ន អា​រ៉ា​ប៊ី​សា​អូឌីត អូស្ដ្រាលី កូរ៉េ​ខាងត្បូង ជប៉ុន ឥណ្ឌូ​ណេ​ស៊ី ឡាវ យេ​ម៉ែ​ន និង​អ៊ូ​ស​បេ​គី​ស្ថាន​។

គួរ​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា បាន​ឈាន​ដល់​ជុំ​ផ្ដាច់​ព្រ័ត្រ ឬ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ខាងលើ បន្ទាប់​ពី​ក្រុម U-19 កម្ពុជា បាន​ធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ក្នុង​វគ្គ​ជម្រុះ នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៩ ហើយ​បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ពូ​ល G មុន​បូក​ពិន្ទុ​ក្លាយជា​ក្រុម​លេខ​២ ល្អ​ជាងគេ ក្នុង​ចំណោម ៥​ក្រុម ដែល​ឡើង​មក​បង្គ្រប់​កៅអី​ជុំ​ផ្ដាច់ព្រ័ត្រ​។

ពិធី​ចាប់ឆ្នោត​ខាងលើ​ក៏​នឹង​មាន​ផ្សាយ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់ AFC រួម​ទាំង​ស្ថានីយ​ទូរទស្សន៍​​ក្នុងស្រុក BTV ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ