រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ដែលកើតមានជំងឺដ៏ចម្លែកដុះសាច់ជាដុំៗពកពេញខ្លួនប្រាណ និងមុខមាត់ប្លែកខុសពីមនុស្សដទៃគ្មានទីពឹង គួរឱ្យអាណិតអាសូរបំផុតម្នាក់ត្រូវគេបានប្រទះឃើញអង្គុយនៅលើចិញ្ចើមផ្លូវនៅក្បែរផ្សារស្ទឹងមានជ័យ (ចាស់) ដើម្បីសុំលុយយកទៅចិញ្ចឹមជីវិតរបស់គាត់។ ដោយលោកតាក៏បានធ្វើការអំពាវនាវទៅដល់សប្បុរសជនទាំងឡាយណា ដែលមានសន្តានចិត្តមេត្តាធម៌ផ្តល់ជំនួយទៅដល់រូបគាត់ ដែលកំពុងតែរស់នៅជួបលំបាកយ៉ាងពីរនាក់ ប្តីប្រពន្ធ គ្មានកូន គ្មានចៅក្នុងជីវភាពយ៉ាងលំបាកវេទនាពីរនាក់ ។
លោកតា រស់ ពុំ អាយុ៦៥ឆ្នាំ ដែល់រស់នៅឯខេត្តព្រៃវែងបានរៀបរាប់ប្រាប់ឱ្យដឹងថា រូបលោកបានរៀបការជាមួយនឹងលោកយាយជាប្រពន្ធឈ្មោះ ជុំ សេត អាយុ៦៤ឆ្នាំ អស់រយៈពេលជាង៤០ឆ្នាំមកហើយៗគ្មានកូនចៅអ្វីនឹងគេម្នាក់ឡើយ ដោយរស់នៅក្នុងភូមិស្នោរ ឃុំសេនារាជ្យឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ការស់នៅពួកគាត់ទាំងពីរនាក់យាយតា គឺមិនមានមុខរបរកស៊ីអ្វីឡើយ ហើយក៏ធ្វើអ្វីមិនកើតដែរ ដោយសារតែខ្លួនមានវ័យកាន់តែចាស់ណាស់ទៅហើយ ហើយក៏រស់នៅពឹងលើគេឱ្យប៉ុណ្ណោះ ។ជំងឺនេះ គឺវាកើតមានលើខ្លួនរបស់គាត់តាំងពីកំណើតមកម្ល៉េះ ចាប់ពីក្បាល រហូតដល់ចុងជើងគ្មានសល់សាច់ឡើយ ដោយកាលពីក្មេងវាគ្រាន់តែជាសាច់ដុះដុំៗតូចៗនៅលើខ្លួនតែប៉ុណ្ណោះ តែរូបគាត់អាចធ្វើស្រែចំការ និងដើរស៊ីឈ្នួលរែកដីឱ្យគេបាន គ្រាន់យកលុយមកចិញ្ចឹមជីវិតបានដូចគេដូចឯង។
លោកតាក៏រៀបរាប់ប្រាប់បបន្តថា ពេលដែលរូបលោកតាមានវ័យកាន់តែធំ សាច់ដែលដុះលើខ្លួនរបស់គាត់ វាក៏កាន់តែរីកធំឡើងៗដែរ ហើយលោកក៏បានទៅជួបសួរគ្រូពេទ្យដើម្បីព្យាបាលដែរ តែត្រូវពេទ្យប្រាប់ថា «វាមិនដឹងជាប្រភេទជំងឺអ្វី? ហើយក៏មិនអាចមានវិធីព្យាបាលដែរ?» ។
លោកតាបន្តថា លុះដល់វ័យកាន់តែចាស់ទៅៗក្នុងរយៈពេលប្រមាណជាជាង១០ឆ្នាំចុងក្រោយនេះ សាច់ដែលដុះនៅលើខ្លួនប្រាណរបស់គាត់ វាក៏កាន់តែដុះធំទៅៗ មានធំ មានតូចទៅតាមកន្លែង ហើយក៏មានសាច់មួយផ្ទាំងធំដុះលើមុខបាំងភ្នែករបស់គាត់ធ្វើឱ្យមានការលំបាកក្នុងការមើល ហើយម្យ៉ាងទៀតវ័យក៏កាន់តែចាស់ធ្វើអ្វីលែងកើតដែរ។
ជាចុងក្រោយលោកតាក៏សុំធ្វើការអំពាវនាវទៅដល់សប្បុរសជនណាដែលមានចិត្តសប្បុរសធម៌ មេត្តាជួយផ្តល់ជំនួយដល់រូបគាត់ផង ព្រោះរាល់ថ្ងៃរូបគាត់គ្មានកូន គ្មានចៅទេ គឺរស់នៅតែពីរនាក់តាយាយ ក្នុងជីវភាពក្រខ្សត់ជួបការលំបាកយ៉ាងខ្លាំងគ្មានអ្វីពឹងឡើយយ។ ដោយលោកតាមានទូរស័ព្ទលេខផ្ទាល់ខ្លួនរបស់គាត់ គឺលេខ ០៨៧ ២០១ ៩០៣។
គួរពញ្ជាក់ថា នៅពេលដែរ យើងធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២១៧ ហួសស្ពានកាសស្ទឹងមានជ័យ ទៅជិតដល់ផ្សារស្ទឹងមានជ័យចាស់នោះ និងបានឃើញបុរសវ័យចំណាស់ម្នាក់អង្គុយទទូលក្រមានៅលើចិញ្ចើមផ្លូវ ដោយមើលទៅលើដៃជើង លើផ្ទៃមុខ និងក្បាលរបស់គាត់ មានដុះសាច់កំពិចកំពក មានតូច មានធំ យ៉ាងចម្លែក និងអាណិតអាសូរជាទីបំផុតផងដែរ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ