ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្យចាប់អារម្មណ៍ វត្តភ្នំហាន់ជ័យត្រូវបានគេចាត់ទុកជាវត្តមានបារមីស័ក្ដិសិទ្ធិ ស្ថិតនៅប្របតាមដងទន្លេមេគង្គ ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម។ នាព្រឹកថ្ងៃទី១៣ មិថុនា ២០២០ បានរៀបចំចំរើនព្រះជន្មថ្វាយ សម្ដេចព្រះមហាក្សត្រីនរោត្ដម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់៨៤យាងចូល៨៥ ព្រះវស្សា។ ជាមួយនោះលោកតា លោកយាយ ព្រមទាំងអាជ្ញាធរដែនដី បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ក្នុងលោក ជួយថែរក្សាបីបាច់សម្ដេចយាយ ឲ្យមានព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លុះពេលល្ងាច ភ្លៀងបានបង្អុរមួយមេធំមកលើក្រុងកំពង់ចាម និងតាមបណ្ដាស្រុកផ្សេងៗពិតជាត្រជាក់ត្រជុំ។ លោក ស្រី សុភ័ក្រ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានគូសបញ្ជាក់ថា៖ ស្របពេលដែល ពិភពលោកកំពុងតែទទួលរងនិងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យរាល់កម្មវិធីប្រជុំនានាត្រូវកាត់បន្ថយចំនួនអ្នកចូលរួម។ ជាក់ស្ដែងនៅក្នុងកម្មវិធី ចម្រើនព្រះជន្មសម្ដេចយាយ បានរៀបចំនៅភ្នំហាន់ជ័យ ដោយចំនួនអ្នកចូលរួមត្រូវបានកាត់បន្ថយ ដើម្បីបង្ការកុំឲ្យឆ្លងជំងឺ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តមានប្រ សាសន៍ដោយគូសបញ្ជាក់ថា កន្លងទៅព្រះមេគណខេត្ត ប៊ត តាំងឆេង បានចាត់ឱ្យមន្ត្រីសង្ឃ ចូលរួមយ៉ាងផុលផុសដោយនាំបច្ច័យជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ជាមួយនោះដោយ មានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ បានធ្វើឲ្យអ្នកជំងឺកូវីដ-១៩ ចំនួន ១៦នាក់ បានជាសះស្បើយទាំងអស់។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍បន្តថា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤យាងចូល៨៥ព្រះវស្សា សម្ដេចព្រះមហាក្សត្រីនរោត្ដម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ មិថុនា ២០២០ ខាងមុខ។
ក្នុងនាមគណៈកិត្តិយសសមាជិកសមាជិកាគណៈកម្មាធិការសាខា អនុសាខា មន្ត្រីប្រតិបត្តិ យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ទូទាំងខេត្តកំពង់ចាម សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំសម្ដែងថ្វាយនូវព្រះសព្វសាធុកាពរ បវរសួស្ដី សិរីវឌ្ឍនាវិបុលសុខ គ្រប់ប្រការ សូមសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហម កម្ពុជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមមានព្រះរាជរាជបុត្រភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជារាស្ត្រ ជាកូន ចៅ ចៅទួត ជារៀងដរាបតទៅ។
បន្ទាប់ពីព្រះមេគណខេត្ត ប៊ត តាំងឆេង និងព្រះសង្ស៧អង្គទៀត បានសូត្រពុទ្ធជ័យមង្គលចម្រើនព្រះបរិត្តទៅតាមទំនៀ មទម្លាប់ប្រពៃណីសាសនារួចមកឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំងថ្នាក់ ដឹកនាំខេត្ត បានអញ្ជើញវេភត្តហារ ប្រគេនព្រះសង្ឃចំនួន ៧អង្គ ដោយមួយអង្គៗទទួលបានចង្ហាន់១ស្រាក់ ផ្លែឈើ១កន្ត្រក សាដក១ និងបច្ច័យចំនួន៥ម៉ឺនរៀល ដោយឡែកព្រះចៅអធិការវត្តបច្ច័យ ២០ម៉ឺនរៀល។ យាយជីតាជី៨៥នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល។ សម្រាប់វត្តជ័យគីរីហៅវត្តភ្នំហាន់ជ័យ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវបានប្រគេនអង្ករ ២៥០គីឡូក្រាម មីជាតិ១០ កេស ត្រីខ១២០កំប៉ុង ទឹកក្រូច១០កេស ទឹកសុទ្ធ ១០កេស និងបច្ច័យ១លានរៀល។
បន្ទាប់មកថ្នាក់ដឹកនាំខេត្តបានអញ្ជើញចុះពិនិត្យការសាងសង់ ស្ពានបេតុងនៅជើងភ្នំហាន់ជ័យ ជាមួយនោះឯកឧត្តមអភិបាលខេត្ត ក៏បានឲ្យក្រុមសាងសង់ស្ពាន ជួយពន្លឿនការសាងសង់ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរក្នុងពេលខាងមុខដ៏ឆាប់ មុនទឹក ទន្លេហូរចូលព្រែក។ ចំណែកលោក អ៊ុ វិបុល ប្រធានមន្ទីរធនធានទឹកខេត្តបានបញ្ជាក់ថា ភ្លៀងដែលបានបង្អុរធ្លាក់ចុះមកនោះគឺប៉ះចំទាំង១០ស្រុកក្រុងនៅក្នុងខេត្តកំពង់ចាមដោយតំបន់ខ្លះមានភ្លៀងធ្លាក់តិច ឬច្រើនទៅតាមតំបន់៕ ដោយ ៖ យ៉ាន់ ចាន់ថេត
ចែករំលែកព័តមាននេះ