ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការ​ងារ​ប្រកាស​បិទ​មជ្ឈ​មណ្ឌល​​នាំ​ពល​ការិនី​​ទៅ​ធ្វើការនៅបរទេស​ T&P

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោងតាមលិខិត​របស់​អគ្គនាយកដ្ឋានការងារនៃក្រសួង​ការ​ងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កាល​ពី​ថ្ងៃទី១៨ មីនា ឆ្នាំ​២០១១ ​ចុះហត្ថលេខាដោយ​លោក​សេង សក្កា ជម្រាបទៅប្រធានក្រុមហ៊ុន​ធី&ភី ដែល​កោះ​​សន្តិភាពទទួលបានឲ្យដឹងថា ​មជ្ឈ​មណ្ឌល​នេះ​​ត្រូវ​​​បាន​ប្រកាស​ឱ្យ​បិទជាបន្ទាន់ និង​ជាស្ថាពរ​។

ក្នុងលិខិតដដែល​បានបន្តថា អគ្គនាយកដ្ឋាន​ការងារនៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈបានពិនិត្យឃើញថា ការគ្រប់គ្រងមជ្ឈ​មណ្ឌល​ណែនាំតម្រង់ទិសឈ្មោះ T&P Training Center របស់ក្រុមហ៊ុនធី&ភីខូអិល ធីឌី ស្ថិតនៅផ្ទះលេខ១១ ផ្លូវលេខ២៧១ ភូមិ​ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជ​ធានីភ្នំពេញ និងស្ថានភាព​មជ្ឈ​មណ្ឌលនេះ មិន​មានលក្ខណៈគ្រប់​គ្រាន់​អាចអនុញ្ញាតឲ្យបន្ត​ដំណើរ​ការតទៅទៀតបានឡើយ។ អាស្រ័យ​ហេតុ​នេះ អគ្គនាយកដ្ឋានការងារកំណត់ឲ្យ​​បិទ​ដំណើរ​ការ​មជ្ឈមណ្ឌលដែលមានឈ្មោះ និង​អាសយ​​ដ្ឋាន​ដូច​ខាងលើនេះ ជាបន្ទាន់ និង​ជាស្ថា​ពរ​ចាប់​ពី​ពេល​នេះ​តទៅ ដោយត្រូវដោះ​ស្រាយ​រាល់​​បញ្ហា​ជាប់ទាក់ទងឲ្យបានត្រឹម​ត្រូវ​ចប់​សព្វ​គ្រប់​ចៀស​វាង​ជះ​ឥទ្ធិពលមិនល្អនានា ដែល​កើត​មាន​ឡើង​ចំពោះកម្មករក៏ដូចជា​ផល​វិបាកមិន​ល្អ​ផ្សេងៗទៀត​ផងដែរ។

លិខិត​អគ្គនាយក​ដ្ឋានការ​ងារ​​បាន​ជម្រាប​ផង​ដែរថា មិនត្រូវឲ្យមានករណី​មជ្ឈ​មណ្ឌល​ណា​មួយ​នៅក្រោមឱវាទក្រុម​ហ៊ុន​ធី&ភី ខូអិលធីឌី មាន​ការគ្រប់គ្រង និងស្ថាន​ភាព​​មិន​សម​ស្រប​បែប​នេះទៀតឡើយ​ចាប់ពី​ពេល​នេះ​តទៅ។ ក្នុង​ករណី​ត្រូវរៀបចំបើក​ដំណើរ​ការមជ្ឈ​មណ្ឌល​ថ្មី​ណាមួយ​​ត្រូវសហការ និង​ទទួលបាន​ការ​យល់​ព្រម និងការណែនាំជា​មុន​ពីអគ្គ​នាយក​ដ្ឋាន​ការ​ងារ​ដើម្បី​ធានា​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​របស់​មជ្ឈ​មណ្ឌល​។ គួរ​រំលឹក​ថា មជ្ឈ​មណ្ឌល​ធី​អេន​ភី នេះ​បាន​ផ្ទុះ​ឡើង​នូវ​រឿង​រា៉វ​គួរ​ឱ្យ​​តក់​ស្លុត​មួយ ខណៈ​​ពល​ការិនី​​​មួយ​រូប​ដោយ​សារ​តែ​នឹក​​កូន​សុំ​ច្បាប់​មិន​បាន​​ ក៏​​លួចរត់​​​​ចុះ​តាម​ទុយោ​ពី​អគារ​កម្ពស់​​៤​ជាន់​រហូត​​ធ្លាក់​មក​ទើរ​លើ​​ដំបូល​ផ្ទះ​ប្រជា​ពល​រដ្ឋ​ជិត​ខាង បណ្តាល​ឱ្យ​​បាក់​ជើង​ទាំង​២​ និង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​​មក​ពល​ការិនី​ម្នាក់​ទៀត​​ក៏​បាន​ស្លាប់​នៅ​ក្នុង​ទី​តាំង​​មជ្ឈ​មណ្ឌល​នោះ​ដែរ៕