ខេត្តប៉ៃលិន ៖ មន្ទីរបរិស្ថានខេត្ត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមន្ត្រីឧទ្យានុរក្សក្រុមទី២ បានសហការជាមួយអង្គការMJP ចុះល្បាតនៅចំណុចភ្នំខៀវ ដកហូតបានកាំភ្លើង CKC កាត់ស្វាយកាត់កាណុង ១ដើម កាំភ្លើងស្នប់១ដើម និងកាំភ្លើងកែច្នៃឆ្នុកដូង២ដើម មករក្សាទុក ខណៈដែលមន្ត្រីឧទ្យានុរក្សក្រុមទី១ ប្រចាំស្នាក់ការភ្នំដំបង ចុះល្បាតនៅចំណុចគគីប្រហោង ជួបរោងតង់កៅស៊ូ ១កន្លែង ដោយពេលនោះ ក្រុមការងារ បានរុះរើដុតកម្ទេចចោលរោងនេះនៅហ្នឹងកន្លែង។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់កោះ សន្តិភាពថ្ងៃទី ១៥ ខែមិថុនានេះថា «យើងធ្វើការងារនេះ គ្រប់ខេត្តក្រុងទូទាំងប្រទេស ជាពិសេសកន្លែងក្នុងដែនដីអភិរក្ស សត្វព្រៃឬសត្វកម្រជាដើម ដោយយើងធ្វើការចុះល្បាតជាប្រចាំ (រាល់ម៉ោងនិងរាល់ថ្ងៃ) ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ រួមទាំងការកាប់ បំផ្លាញព្រៃឈើ ការទន្ទ្រានកាន់កាប់ដី និងការបរបាញ់សត្វខុសច្បាប់ទាំងនោះ»។
មិនត្រឹមតែចុះល្បាតរាល់ម៉ោង និងថ្ងៃទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក៏បានសហការ ចុះអប់រំផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍នៃព្រៃឈើ និងផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ ព្រមទាំងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដល់ប្រជាពលរដ្ឋមូលដ្ឋាន នៅក្នុងភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ផងដែរ។
លោក នេត្រ ភក្ត្រា បានបន្តថា រយៈពេល ៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន២៣៣៣ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។
លោកបន្តដូចនេះថា ក្នុងចំណោមបទល្មើសធនធានធម្មជាតិទាំងនេះ មាន១៧៩ករណីមានការពាក់ព័ន្ធ នឹងមនុស្សជិត ២០០នាក់ត្រូវចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបាន ធ្វើការផាកពិន័យអន្តរកាលបានចំនួន៤០៣ករណី និងធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តបទល្មើសបានចំនួន៦១៣ករណីពាក់ព័ន្ធនឹងមនុស្សចំនួន៦២៤នាក់ អនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕
ចែករំលែកព័តមាននេះ