ប្រជាពលរដ្ឋកម្ពុជាចំនួន២០៤នាក់ ដែលបានជាប់គាំងនៅប្រទេសម៉ាឡេស៊ី ដោយគ្មានជើងហោះហើរមកកាន់ប្រទេសកម្ពុជា ដោយសារជំងឺកូវីដ១៩ នោះ នៅពេលនេះពួកគាត់មានយន្តហោះជិះមកកាន់មាតុប្រទេសវិញហើយ ។ ពួកគាត់នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា ថ្ងៃទី១៦ មិថុនាស្អែកនេះ វេលាម៉ោង១៧និង២៥នាទី ។
លោក កុយ កួង អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា លទ្ធភាពដែលអាចឲ្យពលរដ្ឋកម្ពុជាដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ី មានយន្តហោះជិះត្រឡប់មកប្រទេសវិញនេះ កើតមានដោយសារ មានការពិភាក្សាបន្តបន្ទាប់ និងសម្របសម្រួលអស់រយៈពេលមួយខែកន្លះរវាងស្ថានទូតកម្ពុជានៅម៉ាឡេស៊ី និងក្រុមហ៊ុនអាសកាសចរណ៍ម៉ាឡេស៊ី ។
លោកកុយ កួង ឲ្យដឹងថា «ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានរៀបចំរួចរាល់នូវជើងហោះហើរពាណិជ្ជមួយ គឺជើងហោះហើរលេខ MH762 ដែលចេញពីទីក្រុងគួឡាឡាំពួ នៅវេលាម៉ោង១៦និង៣០នាទី ហើយមកដល់កម្ពុជានៅវេលាម៉ោង១៧និង២៥នាទី» ។
ក្នុងចំណោមពលរដ្ឋ ២០៤នាក់ ដែលអាចត្រឡប់មកកម្ពុជាវិញនាពេលនេះមានពលរដ្ឋ ១១៥នាក់ ជាពលរដ្ឋដែលស្ថិតនៅក្នុងករណីពលរដ្ឋខ្មែរចំនួន១៤៣នាក់ ដែលខកដំណើរ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ។
លោក កុយ កួយបានឲ្យដឹងថា ពលរដ្ឋមួយចំនួនទៀតមិនបានធ្វើដំណើរមកកាន់កម្ពុជានៅពេលនេះ ដោយសារមានអ្នកខ្លះពុំបានផ្តល់ព័ត៌មានមកស្ថានទូត និងមានមួយចំនួនសម្រេចមិនត្រឡប់មកកម្ពុជានៅពេលនេះវិញពីព្រោះត្រូវចូលធ្វើការ ឬអ្នកខ្លះទៀតជិតដល់ពេលត្រូវចូលរៀនវិញ ។
ការជាប់គាំងរបស់ប្រជាពលរដ្ឋកម្ពុជា នៅប្រទេសម៉ាឡេស៊ី បានធ្វើឲ្យមានការចោទប្រកាន់ថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដល់ពលរដ្ឋខ្លួន ដែលជាប់គាំងនៅក្រៅប្រទេស ដោយសារបញ្ហាកូវីដ១៩នោះ។ ពលរដ្ឋជាប់នៅលើម៉ាឡេស៊ី ធ្លាប់បានត្អូញត្អែរថា ស្ថានទូតខ្មែរនៅទីនោះមិនសូវយកចិត្តទុកដាក់ជាមួយពួកគាត់ ខណៈពួកគាត់ ជួបបញ្ហាជីវភាព ការហូបចុកនិងការស្នាក់នៅ ។ ក្រុមអង្គការសិទ្ធិមនុស្ស ក៏បានលើកពីបញ្ហានេះមកនិយាយផងដែរ៕
ចែករំលែកព័តមាននេះ