ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿ​ន ណាត ស្ថិត​ក្នុង​ការ​ពិនិត្យ​មើល ដើម្បី​​ចូលរួម​ប្រកួត​បវរកញ្ញា​ថ្នាក់​អន្តរ​ជាតិ​​ជា​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​កញ្ញាឯក​ចក្រវាល​កម្ពុជា ឆ្នាំ​២០១៨ កញ្ញា រឿ​ន ណាត កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​ពី​ថ្នាក់ដឹកនាំ​របស់​ខ្លួន ក្នុង​គម្រោង​ចង់​ឲ្យ​តារា​រូប​នេះ អាច​វិល​មក​កាន់ការ​ប្រកួត​ប្រជែង​​ផ្នែក​សម្រស់​ថ្នាក់​អន្តរជាតិ​ជា​ថ្មី​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ អតីត​កញ្ញាឯក​ចក្រវាល​កម្ពុជា ឆ្នាំ​២០១៨ កញ្ញា រឿ​ន ណាត កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​ពី​ថ្នាក់ដឹកនាំ​របស់​ខ្លួន ក្នុង​គម្រោង​ចង់​ឲ្យ​តារា​រូប​នេះ អាច​វិល​មក​កាន់ការ​ប្រកួត​ប្រជែង​​ផ្នែក​សម្រស់​ថ្នាក់​អន្តរជាតិ​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​កញ្ញា​ទទួល​បានការ​ចាប់អារម្មណ៍ និង​លេចធ្លោ​ម្នាក់​ផង​ដែរ នៅ​ក្នុង​ការ​ប្រកួតប្រជែង​កាលពី​ពេល​កន្លង​ទៅ​។

រឿ​ន ណាត ត្រូវ​បាន​គេ​រំពឹង​ថា នាង​អាច​នឹង​មានឱកាស​ចូលរួម​នៅ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​បរ​វ​កញ្ញា​ថ្នាក់​អន្តរជាតិ​ចំនួន​២​ធំ​ៗ​មាន​ដូច​ជា Miss International និង Miss Supranational ដែល​កម្មវិធី​ទាំង​ពីរ​ខាងលើ​នេះ ត្រូវ​បាន​គេ​គិត​ថា មាន​ភាព​សាក​សម​សម្រាប់​រូប​នាង​ខ្លាំង​។

បើ​យោង​តាម​ការ​បង្ហោះ​ពី​ផេ​ក Miss Cambodia បាន​ឲ្យ​ដឹង​ថា កញ្ញាឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​២០១៨ នឹង​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ម្តងទៀត ដោយ​ថ្មី​ៗ​នេះ National director របស់​នាង​កំពុង​សម្លឹង​មើល​សមត្ថភាព​នាង ថា តើ​រវាង Miss International និង Miss Supranational កម្មវិធី​មួយ​ណា​ដែល​សាក​សម​នឹង​នាង? ហើយ​តើ​អ្នក​ទាំងអស់​គ្នា​ចង់​ឃើញ រឿ​ន ណាត ប្រកួត​កម្មវិធី​មួយ​ណា? ហេតុ​អ្វី? តែសម្រាប់​ផេ​ក Miss Cambodia វិញ ចង់​ឃើញ​នាង​ប្រកួត Miss Supranational ព្រោះ​ចង់ឱ្យ​នាង​ក្លាយជា​ស្ត្រី​ខ្មែរ​ដំបូង​ដែល​ចូលរួម​ប្រកួត​កម្មវិធី​ហ្នឹង ហើយ​នាង​ក៏​មានឱកាស​ខ្ពស់​ដែរ ក្នុង​ការ​ទទួល​បាន​ម្កុដ Miss Supranational ផង​ដែរ​។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ​ដែរ កញ្ញា រឿ​ន ណាត បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​ច នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា ចំពោះ​បញ្ហា​នេះ គឺ​ប្រធាន​ក្រុម​ហ៊ុន និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ជា​ច្រើន​មាន​បំណង​ចង់​ឲ្យ​នាង​ទៅ​ចូលរួម​ប្រកួតប្រជែង​សារ​ជា​ថ្មី​ឡើង​វិញ​។

នាង​បញ្ជាក់​ថា សម្រាប់​នាង​ក៏​ចង់​ចូលរួម​ប្រកួត​ម្តងទៀត​ផង​ដែរ ព្រោះ​ជា​ឱ​កា​សម្រាប់​នាង​បញ្ចេញ​​សមត្ថភាព​ជា​ថ្មី ក្នុង​ពេល​ការ​ប្រកួត​កន្លង​មក គឺជា​ការ​ចូលរួម​ដំបូង​បំផុត​សម្រាប់​រូប​នាង ហើយ​អ្វី​ៗ​សុទ្ធតែ​ថ្មី​សម្រាប់​នាង ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​ធ្វើ​បាន​ល្អ​។ ប៉ុន្តែ​ប្រសិនបើ​មានឱកាស​ជា​ថ្មី​ឡើង​វិញ​ពិតមែន​នោះ នាង​នឹង​ខិតខំ​ពង្រឹងសមត្ថភាព​ឲ្យ​ខ្លាំង​ជាង​មុន ព្រោះ​ដោយ​យើង​ធ្លាប់​មានបទពិសោធន៍​ចូលរួម​ប្រកួត​ម្តង​រួច​ហើយ ហេតុនេះ​អ្វី​ៗ​យើង​អាច​ដឹង​ច្រើន និង​អាច​ត្រៀមខ្លួន​បាន​ល្អ​ជាង​មុន​ផង​ដែរ​។

យ៉ាងណា បើ​តាម រឿ​ន ណាត សម្រាប់​កម្មវិធី​ប្រកួតប្រជែង​ទាំង​ពីរ​ខាងលើ​នេះ នាង​មានការ​ចាប់​អារម្មណ៍​ទាំង​ពីរ ប៉ុន្តែ​មាន​ប្រិ​យ​មិត្ត​គាំទ្រ​នាង​ជា​ច្រើន​ចង់​ឃើញ​នាង​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Supranational ជាង ព្រោះ​កន្លង​មក កម្មវិធី​នេះ​មិន​មាន​នារី​ខ្មែរ​ណា​ម្នាក់​បាន​ចូលរួម​ប្រកួត​នោះ​ឡើយ​។ ហេតុនេះ ប្រសិនបើ​នាង​មានឱកាស​ចូលរួម​ក្នុង​កម្មវិធី​នេះ​មែន នោះ​អាច​ចាត់​ទុក​ថា នាង​ជានា​រី​ខ្មែរ​ទី​១ បង្អស់ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ ខណៈ​​ពេល​ថ្នាក់ដឹកនាំ​របស់​នាង​ក៏​មាន​បំណង​ចង់​ឲ្យ​នាង​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​។

ទោះជា​យ៉ាងណា រឿ​ន ណាត បាន​អះអាង​បន្ថែម​ថា សម្រាប់​គម្រោង​ខាងលើ​នេះ គឺ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ព្រោះ​អ្វី​ៗ​ស្ថិត​នៅ​ក្នុង​គម្រោង និង​ការ​ពិភាក្សា​គ្នា​នៅឡើយ ហើយ​រហូត​មក​ទល់​ពេល​នេះ នាង​ក៏​មិន​ទាន់​បានដឹង​នៅឡើយ​ទេ​ថា រូប​នាង​នឹង​អាច​មានឱកាស​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​ណាមួយ នៅ​ក្នុង​ចំណោម​កម្មវិធី​ទាំង​ពីរ​ខាងលើ​នេះ​។

គួរ​បញ្ជាក់​ថា កញ្ញា រឿ​ន ណាត បាន​ទទួល​នូវ​ការ​សរសើរ​ពី​មហាជន​ក៏​ដូច​ជា​អ្នកគាំទ្រ ក្នុង​ពេល​ដែល​នាង​បាន​បង្ហាញ​ឈុត​តំណាង​ជាតិ​អម​ដោយ​ផែនទី​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៨ នៅ​ប្រទេស​ថៃ កាលពី​ពេល​កន្លង​ទៅ​។

ឈុត​ប្រពៃណី​ជាតិ​ដែល​បង្ហាញ​ពី​កម្ពុជា និង​អត្ត​ស​ញ្ញ​ណ​ជាតិ​នេះ​កញ្ញា រឿ​ន ណាត បាន​ធ្វើ​ឱ្យ​លេចអណ្តែត​យ៉ាង​ស្រស់​ស្អាត​លើ​ឆាក​ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៨ អម​ដោយ​សំលេង​គាំទ្រ​ក្នុង​ព្រឹត្តិការណ៍ ព្រមទាំង​ប្រជាជន​ខ្មែរ​ផង​ដែរ​។

ទោះជា​យ៉ាងណា​ក្តី បើ​ទោះជា​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​កញ្ញា រឿង ណាត មិន​បាន​ជាប់​ចូល​ក្នុង Top 20 ក្តី ក៏​ប៉ុន្តែ​នាង​បាន​ខិតខំ​យ៉ាង​អស់ពី​សមត្ថភាព​ក្នុង​ការ​ប្រកួតប្រជែង​នេះ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​លាន់មាត់​សរសើរ​រូប​នាង គ្រប់​ៗ​គ្នា​តែ​ម្តង​។ យ៉ាងណា បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ភាព​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នេះ​រួច​មក រឿ​ន ណាត ស្រី​ស្អាត​សម្រស់​លេចធ្លោ​ពី​ធម្មជាតិ កំពុង​មាន​ប្រជាប្រិយភាព​ខ្ពស់​នា​ពេល​បច្ចុប្បន្ន ក្នុង​អាជីព​សិល្បៈ ដោយ​នាង​អាច​បញ្ចេញ​សមត្ថ​ភាព​យ៉ាង​ប៉ិន​ប្រសប់​ក្នុង​ការ​សម្តែង និង​ហាក់​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​សម្តែង​ជា​ខ្លាំង​ដែល​ស្ទើរតែ​គ្មាន​ពេល​សម្រាក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ