ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​សង់ស្ពាន​អាកាស​ថ្មើរជើង ២៥​ទៀត ខណៈ​នេះ​រាជធានី​ភ្នំពេញ​មាន ៥​ទីតាំង​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​កំណើន​របស់​ប្រជាពលរដ្ឋ រស់នៅ​ក្ន​ង​ក្រុងភ្នំពេញ ចេះ​តែ​កើនឡើង​រហូត​ដល់​ប្រមាណ​ជាង​៣​លាន និង​តម្រូវការ​ទៅ​តាម​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស របស់​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ស្ថាបនា ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​២៥…

រាជធានី​ភ្នំពេញ ៖ ដោយសារ​កំណើន​របស់​ប្រជាពលរដ្ឋ រស់នៅ​ក្ន​ង​ក្រុងភ្នំពេញ ចេះ​តែ​កើនឡើង​រហូត​ដល់​ប្រមាណ​ជាង​៣​លាន និង​តម្រូវការ​ទៅ​តាម​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស របស់​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ស្ថាបនា ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​២៥ ទីតាំង​ទៀត ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ខ​​ណៈ​បច្ចុប្បន្ន​​មាន​ស្ពាន​អាកាស​ថ្មើ​រ​ជើ​ង​មាន​ចំនួន​៥​ទីតាំង​ហើ​យ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់​បែប​នេះ នៅ​ពេល​ដែល​លោក​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ការ​រ​ដ្ឋា​ន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ នា​ព្រឹក​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ​២០២០ ខណៈ​ស្ពាន​នេះ ស្ថាបនា​បាន​ប្រមាណ​ជា​៩៥% និង​គ្រោង​បញ្ចប់​ទាំងស្រុង​នៅ​រយ​:​ពេល​៣​ស​ប្ដា​ហ៍​ទៀត ។

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា សម្រាប់​ភ្នំពេញ​របស់​យើង មក​ដល់​ពេល​នេះ ទាំង​អ្នក​ស្នាក់​អាស្រ័យ ទាំង​អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍ មាន​ចំនួន​ប្រមាណ​ជាង​បី​លាន​នាក់ ដែល​តម្រូវ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យើង ធ្វើការ​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ ទាំង​ការ​កសាង​ផ្លូវ លូ ជាមួយនឹង​ការ​កសាង​ស្ពាន​អាកាស​ក្រោម​ដី លើ​ដី និង​ស្ពាន​អាកាស​ថ្មើ​ជើង​ជាដើម ដើម្បី​រំដោះ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ។ ជាក់ស្ដែង​សម្រាប់​ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរ ពីរ​កន្លែង​បន្ថែម​ទៀត នោះ​គឺ​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ និង​ស្ពាន​អាកាស​ថ្មើរជើង នៅ​ស្តុ​ប​សន្ធរម៉ុ​ក ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ភ្នំពេញ​ពិតជា​មានការ​អភិវឌ្ឍ​យ៉ាង​លឿន ជាក់ស្ដែង​បើ​តាម​ការ​សិក្សា អង្គការ​ចៃ​កា បាន​បង្ហាញ​ថា ស្ពាន​លី​យ៉ុ​ង​ផាត់ ឬ​ស្ពាន​ព្រែក​ព្នៅ នឹង​ស្ថាបនា​ឡើង​រួចរាល់​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ស្ពាន លី យ៉ុ​ង​ផាត់ ហៅ​ស្ពាន​ព្រែក​ព្នៅ ស្ថាបនា​បាន​រួចរាល់​តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ មាន​ន័យ​ថា យើង​បាន​អភិវឌ្ឍ​លឿន មុន​១០​ឆ្នាំ ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន Space media Co,Ltd ថា គិត​មក​ដល់​ពេល​នេះ ការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ផ្សារ​ដើម​គរ​នេះ បាន​សម្រេច​លទ្ធផល​ប្រមាណ​ជា ៩៥​ភាគរយ​ហើយ ពោល​គឺ​នៅ​សល់​តែ ការ​ក្រាលកំរាល​ថ្មើ​ជើង ការ​សម្អាត ការ​តុបតែង កា​រត​ភ្លើង និង​ការ​លាបថ្នាំ​ជាដើម ហើយ​ការងារ​នេះ នឹង​បញ្ចប់​នៅ​៣​ស​ប្តា​ហ៍​ទៀត ។

គួរ​បញ្ជាក់​ថា មក​ដល់​ពេល​នេះ រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង ចំនួន​៥​កន្លែង​ហើយ គឺ​ស្ពាន​អាកាស​ថ្មើរជើង​នៅ​តំបន់​សាលា​ជម្ពូ​វ​ន្ត័​ចំនួន​២ រង្វង់​មូល​នាង​គ​ង្ហី​ង​មួយ នៅជិតសាលាសន្ធរម៉ុក មួយ និង​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ផ្សារ​ដើម​គរ ដែល​គ្រោង​ដាក់​អោយ​ដំណើរការ​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ