ប្រទេសអង់គ្លេស ៖ កីឡាករ Callum Hudson-Odoi របស់ក្រុមតោខៀវ Chelsea បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនលែងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទសង្ស័យចាប់បង្ខំសេពសន្ថវៈលើតារាម៉ូដែលទៀតហើយ ក្រោយការស៊ើបអង្កេតពីប៉ូលិសរួចមក។
សូមរំលឹកថា Hudson-Odoi ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីត្រូវបានប៉ូលិសដាក់ការសង្ស័យជុំវិញករណីចាប់បង្ខំសេពសន្ថវៈលើតារាម៉ូដែលម្នាក់ ដែលស្គាល់គ្នាតាមរយៈប្រព័ន្ធអនឡាញ និងណាត់ជួបគ្នានៅផ្ទះរបស់គេផ្ទាល់តែម្តង។
ខ្សែបម្រើស្លាបអង់គ្លេសវ័យ ១៩ឆ្នាំរូបនេះ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា «ខ្ញុំបានសហការណ៍ជាមួយប៉ូលិសយ៉ាងពេញទំហឹង នៅក្នុងការសាកសួររបស់ពួកគេ ដើម្បីស្វែងរកភាពស្អាតស្អំរបស់ខ្ញុំ។ ហើយបន្ទាប់ពីការស៊ើបអង្កេតពេញលេញនិងហ្មត់ចត់ ឥឡូវនេះប៉ូលិសបានបញ្ជាក់ថា ពួកគេនឹងមិនចាត់វិធានការណាមួយ ចំពោះខ្ញុំទៀតទេ»។
Hudson-Odoi ក៏បានបន្ថែមទៀតថា «ខ្ញុំសូមប្រើវេទិកានេះ ដើម្បីថ្លែងអំណរគុណដល់អ្នករាល់គ្នា ដែលបានឈរនៅខាងខ្ញុំ និងគាំទ្រខ្ញុំក្នុងគ្រាលំបាកនេះ» ។
សូមបញ្ជាក់ថា Hudson-Odoi បានជាសះស្បើយពេញលេញ បន្ទាប់ពីបានក្លាយជាកីឡាករទីមួយក្នុងក្របខណ្ឌ Premier League ដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីខែមីនា ហើយបច្ចុប្បន្នរូបគេកំពុងចូលរួមជាមួយក្រុម Chelsea ក្នុងការហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត Premier League នៅសប្តាហ៍ក្រោយ ៕ (ដកស្រង់ចេញពី AFP)
ចែករំលែកព័តមាននេះ