ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​តម្បាញ​ក្រមា​ខ្មែរ​២០០​គ្រួសារ​​​ត្អួ​ញ​ត្អែ​រ​រឿង​តម្លៃ​ក្រមា​ខ្មែរ​ធ្លាក់​ថ្លៃ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សហគមន៍​តម្បាញ​ក្រមា​ខ្មែរ​ស្រុក​ស្វាយ​ជ្រំ ២០០​គ្រួសារ បាន​ត្អូញត្អែរ​ថា តម្លៃ​ក្រមា​ខ្មែរ​បាន​ធ្លាក់​ថ្លៃ ពេល​មាន​ជំងឺ​កូ​វី​ដ​១៩ ដោយ​ទីផ្សារ​ផ្អាក​ការ​ប្រមូល​ទិញ បើ​ទិញ​គេ​ទម្លាក់​តម្លៃ​ថោក​ដល់​ដើម​។ ការ​ត្អូញត្អែ​នេះ…

ខេត្តស្វាយរៀង ៖ សហគមន៍​តម្បាញ​ក្រមា​ខ្មែរ​ស្រុក​ស្វាយ​ជ្រំ ២០០​គ្រួសារ បាន​ត្អូញត្អែរ​ថា តម្លៃ​ក្រមា​ខ្មែរ​បាន​ធ្លាក់​ថ្លៃ ពេល​មាន​ជំងឺ​កូ​វី​ដ​១៩ ដោយ​ទីផ្សារ​ផ្អាក​ការ​ប្រមូល​ទិញ បើ​ទិញ​គេ​ទម្លាក់​តម្លៃ​ថោក​ដល់​ដើម​។ ការ​ត្អូញត្អែ​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​បឹង​រ៉ៃ​ខាងត្បូង ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ​ជី ណា​រី អាយុ​៣៦​ឆ្នាំ មុខរបរ​តម្បាញ​ក្រមា​នៅ​ភូមិ​បឹង​រ៉ៃ​ខាងត្បូង ឃុំ​ក្រោលគោ បាន​ឲ្យ​ដឹង​ថា គាត់​មាន​ប្តី និង​កូន​២​នាក់ ក្រៅពី​ធ្វើស្រែ គឺ​មាន​ចិញ្ចឹម​មាន់​ទា ដើម្បី​ផ្គត់ផ្គង់​ជីវភាព និង​លក់ដូរ​បាន​ប្រាក់​ក៏​រៀបចំ​បង្កើត​មុខរបរ​ថ្មី គឺ​ធ្វើ​កី​តម្បាញ​ក្រមា​ខ្មែរ​ចំនួន​២​កី ដែល​ជា​កី​តម្បាញ​ស្វ័យប្រវត្តិ បាន​រយៈ​១​ឆ្នាំ​មក​ហើយ ពីរ​កី​នេះ​ក្នុង​១​ខែ​ត្បាញ​បាន​ក្រមា ចំនួន​១,១៣០​ក្រមា ។

ស្ត្រី​រូប​នេះ​បន្ត​ទៀត​ថា ក្រមា​ជា​ប្រភេទ​តូច​ល្មម ចាស់ទុំ​ពី​បុរាណ​គាត់​ហៅ​ថា ឆ្នួ​ត គឺ​សម្រាប់​ជូត​ក្បាល ឬ​ចង​ក្បាល បច្ចុប្បន្ន​គឺ​គេ​ទិញ​យក​ទៅ​សម្រាប់​ធ្វើ​ជា​កាដូ ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ឬ​ក្នុង​ពិធី​ជួបជុំ និង​សិក្ខាសាលា​ផ្សេង​ៗ អ្នក​ប្រើ​គឺ​អាចយ​កបង់​.​ក ។ ចំពោះ​អំបោះឆៅ (​វត្ថុធាតុដើម​) គឺ​ទិញ​មក​ពី​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្រោយ​ពី​ត្បាញ​ក្រមា​បាន គឺ​យក​ទៅ​លក់​ឲ្យ​ម៉ូយ​នៅ​ស្រុក​កៀនស្វាយ​វិញ ក្រមា​មួយ​ដែល​មាន​ចង​ជាយ​គឺ​តម្លៃ​២,០០០​រៀល (​តម្លៃ​បោះ​ដុំ​) ដូច្នេះ​គិត​ចំណូល​ក្រមា​ក្នុង​១​ខែ ចំណេញ​បាន​៦០​ម៉ឺន​រៀល​ទៅ​៨០​ម៉ឺន​រៀល​។

ស្ត្រី​រូប​នេះ​បន្ត​ថា ក៏​ប៉ុន្តែ​ចាប់តាំងពី​មាន​កូ​វី​ដ​១៩ ចូល​មក តម្លៃ​ក្រមា​ធ្លាក់​ចុះ ដោយ​ក្រមា​មួយ​បាន​តម្លៃ​ត្រឹមតែ​១,៧០០​រៀល​ទេ ដូច​ច្នេះ​ត្រូវ​ខាត​បាន​ដល់​ដើម គ្រាន់តែ​បាន​រួច​ថ្លៃដើម​ទិញ​អំបោះ​ត្បាញ​វិញ​ប៉ុណ្ណោះ​។ ដូច្នេះ​បាន​ផ្អាក​ការ​ត្បាញ​ក្រមា​នៅ​ខែ​នេះ ម្យ៉ាង​អ្នក​ប្រមូល​ទិញ​គេ​ថា ចាប់​តាំង​មាន​កូ​វី​ដ​១៩ គឺ​គ្មាន​ពិធីការ ឬ​ពិធី​តូច​ធំ​គេ​មក​ទិញ​ជូន​កាដូ​ទៀត​ទេ គឺ​ពួក​គេ​គ្រាន់តែ​ទិញ​ស្តុក​ទុក​ពេល​ក្រមា​មាន​ទីផ្សារ​វិញ​។

ចំពោះ​សហគមន៍​ត្បាញ​ក្រមា​ខ្មែរ​ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា សហគមន៍​ស្វាយ​យា មាន​ត្បាញ​ក្រមា​២​ប្រភេទ គឺ​ក្រមា​ធុន​តូច និង​ក្រមា​ធុន​ធំ ក្រមា​ធុន​តូច​បោះ​ដុំ ១​ដុំ​២០​ក្រមា តម្លៃ​៤​ម៉ឺន​រៀល​ទៅ​៥​ម៉ឺន​រៀល ដល់​ពេល​មាន​កូ​វី​ដ​១៩ ក្រមា​ធ្លាក់​ថ្លៃ​គឺ​មិន​ទាន់​លក់​ចេញ​ទេ គឺ​ត្បាញ​ទុក បើ​បាន​តម្លៃ​១​ដុំ​៤​ម៉ឺន​ទើប​លក់​។ ក្រមា​ធំ​តម្លៃ​បោះ​ដុំ​ក្នុង​១​ដុំ​២០​ក្រមា តម្លៃ​៨​ម៉ឺន​រៀល​ទៅ​៩​ម៉ឺន​រៀល ពេល​មាន​កូ​វី​ដ​១៩ នេះ ចុះ​តម្លៃ​១​ដុំ បាន​៧​ម៉ឺន​រៀល គឺ​ក្រមា​១​តម្លៃ​៣,៥០០​រៀល​ប៉ុណ្ណោះ​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​ហែម សា​រិ​ទ្ធ អភិបាលស្រុក​ស្វាយ​ជ្រំ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​តម្បាញ​ក្រមា នៅ​ស្រុក​ស្វាយ​ជ្រំ​មាន​៣​ឃុំ គឺ​សហគមន៍​ត្បាញ​ក្រមា ឃុំ​ស្វាយ​យា មាន​ជាង​៤០០​កី ឃុំ​អង្គ​តា​សូ មាន​៣០​កី នៅ​ឃុំ​ក្រោលគោ មាន​បី​ភូមិ​ប្រមាណ​ជា​៩៥​កី និង​មាន​អ្នក​ទើបនឹង​រៀបចំ​កី​ជា​ច្រើន​គ្រួសារ​ទៀត មិន​ទាន់​បាន​ប្រមូល​ទិន្នន័យ​បាន​ជាក់លាក់​។

លោក ហែម សា​រិ​ទ្ធ បន្ត​ទៀត​ថា មុខរបរ​ត្បាញ​ក្រមា​នេះ គឺ​រក​ចំណូល​បាន​ល្អ​ប្រសើរ ក្រៅពី​មុខរបរ​កសិកម្ម ធ្វើស្រែ គឺ​មាន​ដាំ​ដំណាំ​រួម​ផ្សំ បន្លែបង្កា និង​ចិញ្ចឹមសត្វ ហើយ​គ្រួសារ​មួយ​ចំនួន​ប្រកប​មុខរបរ​ត្បាញ​ក្រមា​បន្ថែម​ទៀត ។

កាលពីដើម​ពួក​គាត់​ធ្វើ​កី​តម្បាញ​ក្រមា ដោយ​ដៃ​កី​កន្ត្រាក់​ពាក់កណ្តាល​ស្វ័យប្រវត្តិ ក៏​ប៉ុន្តែ​៥​ឆ្នាំ​កន្លង​មក មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ដល់​ជនបទ ពួក​គាត់​មក​ប្រើប្រាស់​កី​តម្បាញ​ស្វ័យប្រវត្តិ​ត្បាញ​បាន​លឿន​ជាង​មុន ដោយ​ក្នុង​ម្នាក់​ៗ​អាច​មើល​កី​តម្បាញ​ចាប់ពី​២​កី​ទៅ​៣​កី ដូច្នេះ​អាច​រក​ប្រាក់​ចំណូល​គួរសម ហើយ​ពួក​គាត់​រៀបចំ​ជា​សហគមន៍​មាន​តំណាង​របស់​គាត់​ប្រមូល​ទិញ​យក​ទៅ​ឲ្យ​ម៉ូយ​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយ​ដើម្បី​មាន​និរន្តរភាព​អាជ្ញាធរ​កំពុង​ទំនាក់​ទំនង​ជួយ​រក​ទៅ​ផ្សារ​ឲ្យ​ពួក​គាត់​លក់​បាន​កម្រៃ​ល្អ​ប្រសើរ​ថែម​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ