ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សម្រុក​ឡើង​ភ្នំ​ស្រែ​អំពិល បេះ​ផ្សិត​​ប៉ក់ ឬ​ហៅ​ផ្សិត​ផូង​ផាំង (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ភាគច្រើន​មក​ពី​ខេត្តពោធិ៍សាត់ និង​ខ្លះ​ទៀត​អ្នក​រស់នៅ​ខេត្តកំពង់​ឆ្នាំង បាន​នាំ​គ្នា​សម្រុក​ឡើង​ទៅ​ភ្នំ​ស្រែ​អំពិល ស្ថិត​នៅ​ក្នុង​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំង ដើម្បី​បេះ​ផ្សិត​ប៉ក់ ឬ​ខ្លះ​ហៅ​ផ្សិត…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ភាគច្រើន​មក​ពី​ខេត្តពោធិ៍សាត់ និង​ខ្លះ​ទៀត​អ្នក​រស់នៅ​ខេត្តកំពង់​ឆ្នាំង បាន​នាំ​គ្នា​សម្រុក​ឡើង​ទៅ​ភ្នំ​ស្រែ​អំពិល ស្ថិត​នៅ​ក្នុង​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំង ដើម្បី​បេះ​ផ្សិត​ប៉ក់ ឬ​ខ្លះ​ហៅ​ផ្សិត ផូង​ផាំង យក​មក​លក់​ឲ្យ​ឈ្មួញ ដែល​ចាំ​ទិញ​នៅ​ចំណុច​ផ្សារ​ក្តុល ដើម្បី​យក​ទៅ​លក់​បន្ត​ឱ្យទៅ​ថៃ ក្រុង​ប៉ោយ​ប៉ែ​ត ។

តាម​ការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ​ទាំងនោះ បានឱ្យ​ដឹង​ថ ៖​ពួក​គាត់​ខ្លះ​នៅ​ភូមិ​បំ​ណ​ក់ ភូមិ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ខ្លះ​នៅ​ភូមិ​ក្រាំ​ស្គា ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង បាន​នាំ​គ្នា​ទៅ​បេះ​ផ្សិត​ប៉ក់ នៅ​ចំណុច​ជើងភ្នំ​ស្រែ​អំពិល នេះ គឺ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់ ព្រោះ​ចាប់តាំងពី​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មក មាន​ផ្សិត​ប៉ក់​បាន​ដុះ​យ៉ាងច្រើន​ពេញ​ព្រៃ ។
ហើយ​ពេល​បេះ​បាន គឺ​ដឹក​តាម​ម៉ូតូ​មក​ដល់​ផ្សារ​ក្តុល មាន​ឈ្មួញ​ចាំ​ទិញ នៅ​ទីនោះ​ស្រាប់ ដោយ​ផ្សិត​១​គីឡូក្រាម លក់​បាន​ថ្លៃ​៧​ពាន់​រៀល ហើយ​ក្នុង​ម្នាក់​ៗ​មួយ​ថ្ងៃ​អាច​រកបាន ពី​៤​ទៅ​៥​គីឡូក្រាម ឬ​ខ្លះ​អាច​ច្រើន​ជា​នេះ​បើ​ប៉ះ​ចំ​ហ្វូង​របស់​វា ។

ជាមួយ​គ្នា​នេះ ឈ្មួញ​ដែល​ជា​អ្នក​ចាំ​ទិញ​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា គាត់​ទិញ​ពី​ប្រជាពលរដ្ឋ​ថ្លៃ ៧​ពាន់​រៀល ពេល​ដឹក​ដល់​លក់​ឱ្យ​ថៃ ១​គីឡូក្រាម លក់​បាន​៣​ទៅ​៤​រយ​បាត ឬ​ស្មើនឹង​ជាង​៣​ម៉ឺន​រៀល ប៉ុន្តែ​ផ្សិត​ទម្រាំ​ដឹក​ដល់ទី​នោះ វា​បាន​ស្រក​គីឡូ​ច្រើន ម្យ៉ាងវិញទៀត យើង​ត្រូវ​លាង​សំអាត​ឱ្យ​បាន​ស្អាត ទើប​ថៃ​ទិញ​ដែរ ។ ក្នុង​មួយ​ថ្ងៃ​ពួក​គាត់​អាច​ទិញ ពី​៤​ទៅ​៥​រយ​គីឡូក្រាម ឬ​អាច​ច្រើន​ជាង​នេះ ពេល​ផ្សិត​សំបូរ ។

ដោយឡែក លោក ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន​ជ័យ​វិញ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ប្រជា​ពល​រដ្ឋ​ភាគច្រើន​មក​ពី​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​មក​បេះ​ផ្សិត​ប៉ក់ ភ្នំ​ស្រែ​អំពិល​នេះ ព្រោះ​នៅ​ស្រុក​ក្រគរ គេ​កាប់​ព្រៃ​អស់​ទៅ គឺ​គ្មាន​ព្រៃ​ដែល​ផ្សិត​អាច​ដុះ​បាន​ឡើយ ម្ល៉ោះហើយ ពួក​គាត់​មក​បេះ​តែ​ជើងភ្នំ​ស្រែ​អំពិល ក្នុង​ឃុំ​ក្តុល​សែន​ជ័យ​នឹង​ទេ ។ សម្រាប់​អ្នក​ភូមិ​ក្រាំង​ស្គា ភូមិ​ក្តុល ខេត្តកំពង់ឆ្នាំង ក៏​មាន​អ្នក​ឡើង​បេះ​ផ្សិត​ប៉ក់​នេះ​ដែរ ហើយ​ខ្លះ​ប៉ះ​ចំ​ហ្វូង​វា អាច​រក​ចំណូល​បាន​ជាង​១០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ តែ​ខ្លះ​បាន​ត្រឹមតែ​៤-៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

តាម​ដែល​លោក​បានដឹង​ត​គ្នា​ថា ថៃ គេ​ចូល​ចិត្ត​ហូប​ផ្សិត​ប៉ក់​នេះ ធ្វើ​ជា​ម្ហូប ព្រោះ​មាន​ជំនឿ​ង​ថា ផ្សិត​ប៉ក់​ហូប​ទៅ​បាត់​ឈឺ​ខ្នង ឈឺចង្កេះ ។ ហើយ​ផ្សិត​ប៉ក់​នេះ គឺ​ធ្វើ​ម្ហូប ដោយ​យក​វា​មក​ឆា ជាមួយ​សាច់​ជ្រូក សាច់​គោ ឬ​ស្ងោ​វា​ក៏​បាន​ដែរ ថែម​ទាំង​មាន​រសជាតិ​ឆ្ងាញ់ ដូច​ផ្សិត ធម្មជាតិ​ផ្សេង​ៗ ដូច​ជា​ផ្សិត​កញ្ជោ ផ្សិតចំបើង និង​ផ្សិតសណ្តែក​ជាដើម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ