ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មានមនុស្ស កេ្មង ចាស់ ៥នាក់ស្លាប់ និងរងរបួសធ្ងន់ ស្រាល៥នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ចំនួន៣ករណីដោយឡែកពីគ្នា ក្នុងថ្ងៃតែមួយ គឺថ្ងៃទី៦ ធ្នូ ២០១៤ ដែល១ករណីនៅស្រុកស្វាយចេកស្លាប់ម្នាក់ ក្រុងសិរីសោភ័ណស្លាប់ម្នាក់ និង១ករណីទៀតនៅស្រុកព្រះនេត្រព្រះស្លាប់៣នាក់ របួសធ្ងន់/ស្រាល៥នាក់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា នៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី០៦ ធ្នូ ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចផ្លូវចុះទៅស្ថានីយទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូខ្ទាតមនុស្សទៅលើថ្នល់ ត្រូវរថយន្តបាឡែនមកដល់កិនស្លាប់។ ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើឈ្មោះជុំ សុបិន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
មួយករណីទៀតនៅស្រុកស្វាយចេក នៅវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី០៦ធ្នូ ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ 56A ទល់មុខសាលាបឋមសិក្សាតាបែន ស្ថិតក្នុងភូមិ/ឃុំតាបែន ស្រុកស្វាយចេក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកទៅបុកត្រាក់ទ័រដឹកស្រូវឈប់ចតលើផ្លូវពីក្រោយបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនរងគ្រោះឈ្មោះមន ធានី ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិប្រិយ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធុនសេ១២៥ ស៊េរី២០១១ ពាក់ស្លាកលេខប.មានជ័យ 1E.9076 ។
ចំណែកនៅឯស្រុកព្រះនេត្រព្រះវិញ នៅវេលាម៉ោង៩ និង២៥នាទីយប់ ថ្ងៃទី០៦ ធ្នូ ២០១៤ នៅលើផ្លូវជាតិលេខ៦ ខាងលិចភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ មួយរវាងរថយន្តកាមារីបុករថយន្តយីឌុបដឹកស្រូវឈប់ចតស្ងៀមពីក្រោយបណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ និងស្រាល។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ