ប្រទេសអង់គ្លេសនិយាយកាលពីថ្ងៃទី១ មីនា កន្លងមកថា ខ្លួននឹងកាត់បន្ថយកងកម្លាំងប្រដាប់អាវុធ១១.០០០នាក់ ជាផ្នែកមួយនៃការកាត់បន្ថយការចំណាយលើវិស័យការពាដើម្បីជួយកាត់បន្ថយឱនភាពថវិការបស់ប្រទេស ។ តាមប្រភពព័ត៌មានថា ចំនួនកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអង់គ្លេសនឹងត្រូវកាត់បន្ថយមកនៅត្រឹម១៧.០០០នាក់ ក្នុងឆ្នាំ២០១៥ ។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសអង់គ្លេស លោក Liam Fox ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា វានឹងជាបញ្ហាមួយសម្រាប់អ្នកដែលចង់ស្ម័គ្រចិត្តចូលបម្រើកងកម្លាំងប្រដាប់អាវុធក្នុងពេលមានការកាត់បន្ថយកងកម្លាំងប្រដាប់អាវុធក្នុងចំនួនដ៏ច្រើន ។
ការកាត់បន្ថយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអង់គ្លេសអាចមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះទ័ពជួរមុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលមានទ័ពអង់គ្លេសដល់ទៅ៩.៥០០នាក់ ធ្វើឱ្យអង់គ្លេសក្លាយជាអ្នកផ្តល់ទ័ពទៅឱ្យប្រទេសអាហ្វហ្គានីស្ថានច្រើនបំផុតទី២ បន្ទាប់ពីសហរដ្ឋអាេមរិក ។ ប៉ុន្តែទោះបីជាបែបណា រដ្ឋមន្ត្រីអង់គ្លេសរូបនេះនិយាយថា ពុំមានទ័ពណាមួយដែលកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវជម្រុះចេញទេ ពេលដំណើរការកាត់បន្ថយកងកម្លាំងប្រដាប់អាវុធដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ ៕
ចែករំលែកព័តមាននេះ