ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង ជិន ថ្ងូរ​រឿង​ជីវភាព​ ក្រោយ​រង​ពិន័យ​មិន​ឱ្យ​ឡើង​សង្វៀន​3​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ពិន័យ​មិន​ឱ្យ​កីឡាករ​ឡុ​ង ជិន ឡើង​ប្រកួត​នៅ​លើ​សង្វៀន​រហូត​ដល់​៣​ខែ បាន​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត និង​បារម្ភ​ពី​ការ​បាត់បង់​ចំណូល​ក្នុងអំឡុងពេល​បិទ​មិន​ឱ្យ​ឡើង​រេញ​នេះ ។ លោក​បាន​បង្ហើប​ប្រាប់​កីឡាករ​ដូច​គ្នា​ពី​អារម្មណ៍​លែង​ចង់​បន្ត​ការ​ប្រដាល់​នោះ​ផង…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ពិន័យ​មិន​ឱ្យ​កីឡាករ​ឡុ​ង ជិន ឡើង​ប្រកួត​នៅ​លើ​សង្វៀន​រហូត​ដល់​៣​ខែ បាន​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត និង​បារម្ភ​ពី​ការ​បាត់បង់​ចំណូល​ក្នុងអំឡុងពេល​បិទ​មិន​ឱ្យ​ឡើង​រេញ​នេះ ។ លោក​បាន​បង្ហើប​ប្រាប់​កីឡាករ​ដូច​គ្នា​ពី​អារម្មណ៍​លែង​ចង់​បន្ត​ការ​ប្រដាល់​នោះ​ផង ក្នុង​ពេល​ដែល​លោក​ក៏​ថ្ងូរ​ថា​មិនសូវ​រកបាន​ពី​ការ​ប្រដាល់ ។

ការ​រង​ពិន័យ​មិន​ឲ្យ​ឡើង​សង្វៀន​ប្រកួត​ចំនួន​៣​ខែ​នេះ គឺ​បាន​កើតឡើង​ពី​កំហុសឆ្គង​របស់​លោក ដែល​មិន​គោរព​វិន័យ​ក្នុង​ក្លិប ដែល​នាំ​ឱ្យ​ម្ចាស់​ក្លិប​សម្រេច​មិន​ឱ្យ​កីឡាករ​រូប​នេះ​មានឈ្មោះ​ឡើង​រេញ​គ្រប់​ប៉ុស្តិ៍​ទាំងអស់​រយៈ​ពេល​៣​ខែ​ដើម្បី​ព្រមាន​ដល់​កីឡាករ​ដែល​ខ្វះ​ការ​យកចិត្តទុកដាក់​នៅ​ក្នុង​វិស័យ​ប្រដាល់​ផ្សេង​ទៀត ។ យ៉ាងណាមិញ ដំណោះស្រាយ​ក៏​អាច​នឹង​មាន​ផង​ដែរ​ប្រសិនបើ​មានការ​សម្រប​សម្រួល​ណាមួយ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ក្លិប​។

លោក រីក គី (Ricky) គ្រូបង្វឹក​ក្លិប ខ្លារខិន​មាន​រិ​ទ្ធិ បាន​អះអាង​ក្រោយ​ការ​ដាក់​ពិន័យ​ថា កីឡាករ ឡុ​ង ជិន អាច​នឹង​ឡើង​សង្វៀន​ប្រដាល់​មុន​ពេលវេលា​កំណត់​បាន ប្រសិនបើ​រូបគេ​កែប្រែ​អត្ត​ចរិត និង​ព្រម ទទួលស្គាល់​កំហុស ហើយ​មក​ស្នើ​សុំ​ដល់​គ្រូ​បង្វឹក និង​ម្ចាស់​ក្លិប ។ លោក​ថា កីឡាករ​រូប​នេះ បាន​អវត្តមាន​ពី​ការ​ហ្វឹកហាត់​អស់​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ដោយ​ការ​ចូលខ្លួន​មក​ទទួល​កំហុស​ក៏​មិន​ទាន់​មាន​នោះ​ដែរ​។

លោកស្រី ឡុ​ង រ៉ា​វី ម្ចាស់​ក្លិប​ខ្លារខិន មាន​រិ​ទ្ធិ បាន​សម្រេច​ដាក់​ពិន័យ​កីឡាករ ឡុ​ង​ជិន មិន​ឲ្យ​ឡើង​សង្វៀន​ប្រកួត​គ្រប់​ស្ថានីយ​ទូរទស្សន៍ ចំនួន​៣​ខែ ក្រោម​ហេតុផល​ថា​កីឡាករ​រូប​នេះ មិន​គោរព​វិន័យ​ក្លិប ដោយ​ចង់​ឈប់​ក៏​ឈប់ ហើយ​រាល់ពេល​មានការ​ស្នើ​ឱ្យមក​ទទួល​ការ​ហ្វឹកហាត់​ជាប់លាប់ ក៏​មិនសូវ​ឃើញ​នា​ពេល​ចុង​ក្រោយ ។ មុន​ឈាន​ដល់​ការ​ដាក់​ពិន័យ​នេះ លោកស្រី​អះអាង​ថា កីឡាករ រូប​នេះ​បាន​ប្រព្រឹត្ត​កំហុស​បែប​នេះ​ជា​ច្រើន​លើក ច្រើន​សា​រួច​មក​ហើយ ។ ហើយ​បណ្ដាល​មក​ពី​លោកស្រី​យល់​ថា កីឡាករ ឡុ​ង ជិន ហាក់​លែង​យកចិត្តទុកដាក់​ក្នុង​ក្លិប ពោល​គឺ​ចង់បាន​តែ​ឈ្មោះ​ផ្គូផ្គង​ឱ្យ​ឡើង​រេញ ដើម្បី​បាន​លុយ​ទើប​លោកស្រី​ធ្វើការ​ព្រមាន​តែ​ម្ដង។

លោក រីក គី គ្រូបង្វឹក​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធិ​បាន​និយាយ​ថា មូលហេតុ​ដែល​ប្រធាន​ក្លិប​ដាក់​ពិន័យ​លើ​កីឡាករ ឡុ​ង ជិន ដោយសារ រូបគេ​មិន​គោរព​ពេលវេលា​ហ្វឹកហាត់ ហើយ ពេល​ទៅ​ណា​មក​ណា​មិន​ដែល​ផ្តល់​ដំណឹង​ដល់​ក្លិប​ទេ ។ លោក​អះអាង​ថា កីឡាករ​រូប​នេះ មិនមែន​ទើបតែ​បង្កើត​​កំហុស​​ម្តងនោះ​ទេ ពោល​គឺ​រូបគេ​បាន​បង្កកំហុស​បែប​នេះ​ជា​ច្រើន​លើក​រួច​មក​ហើយ ។ លោក រីក គី យល់​ថា ការ​ដាក់​ពិន័យ នេះ មិនមែន​ជា​ការ​ធ្វើ​ទារុណកម្ម​នោះ​ទេ តែ​ជា​ការ​ដាស់តឿន​ដល់​រូបគេ​ឲ្យ​មានការ ភ្ញាក់រលឹក និង​ចេះ​កែប្រែ​កំហុស​ទៅ​វិញ​ទេ ។

លោក​អះអាង​ថា បើ​ឡុ​ង ជិន ចេះ​កែប្រែ​កំហុស ហើយ​ព្យាយាម​ហ្វឹកហាត់​ក្នុងអំឡុងពេល​នៃ​ការ​ដាក់​ពិន័យ​នេះ រូបគេ​ទំនង​អាច​ឡើង​សង្វៀន ប្រកួត​មុន​ពេល​កំណត់ ។ ផ្ទុយ​ទៅ​វិញ​បើ​រូបគេ​ទន់​ទោរ​ទៅ​តាម​ការ​ពិន័យ​នេះ ហើយ​មិន ព្យាយាម​ហ្វឹកហាត់ រូបគេ​អាច​ចំណាយពេល ច្រើន​ជាង​៣​ខែ ទើប​ក្លិប​អនុញ្ញាត​ឲ្យ​ឡើង ប្រកួត ។ លោក រីក គី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កីឡាករ ឡុ​ង ជិន បាន​ខកខាន​ហ្វឹកហាត់ អស់​រយៈពេល​៣​ស​ប្តា​ហ៍​ហើយ ដូច្នេះ​ប្រសិនបើ​មិន​ពិន័យ​គឺ​ពិតជា​ប៉ះពាល់​មុខមាត់​ក្លិប ។ លោក សង្ឃឹមថា រូបគេ​នឹង​ចូល​មក​ហ្វឹកហាត់ ហើយ កែប្រែ​កំហុស​ដើម្បី​ទទួល​បាន​ឱកាស​ឡើង សង្វៀន​ប្រកួត​សា​ជា​ថ្មី ។ គ្រូបង្វឹក​រូប​នេះ ទទួលស្គាល់​ថា កំហុស​របស់​កីឡាករ ឡុ​ង ជិន​ក៏​មានការ​រួមចំណែក​ពី​លោក​ផង​ដែរ ដែល​អប់រំ មិន​បាន​ល្អ ។

ងាក​ទៅ​កាន់​កីឡាករ ឡុ​ង ជិន វិញ លោក​បាន​បង្ហើប​ប្រាប់​អ្នក​រាប់អាន​ជិតខាង​ថា លោក​អាច​ប្រឈម​នឹង​កង្វះ​ប្រាក់​ចំណូល​ក្នុង​ពេល​ដាក់​ពិន័យ​នេះ ប៉ុន្តែ​លោក​ក៏​ហាក់​មិន​ខ្វល់​ពី​ការ​ចរចា
ឬ​កែប្រែ​នោះ​ដែរ ដោយ​លោក​បង្ហើប​តាម​មិត្ត​ភ័ក្ដិ​ថា ម្ចាស់​ក្លិប​ចង់​ដាក់​ឱ្យ​លោក​បាន​ឡើង​រេញ​ពេល​ណា​ពេល​ហ្នឹង​ទៅ ដោយសារ​តែ​លោក​ក្នុង​រយៈពេល​នេះ ក៏​មិនសូវ​មាន​កម្លាំងចិត្ត​ហ្វឹកហាត់​ឱ្យ​ជាប់លាប់​នោះ​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ