ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) គ្រោងនឹងបើកជើងហោះហើរអន្តរជាតិមកកាន់ប្រទេសកម្ពុជាឡើងវិញ នៅថ្ងៃទី០២ ខែកក្កដាខាងមុខនេះ ។
ស្ថានទូតប្រទេសវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ថា ក្រុមហ៊ុន Vietnam Airlines អាចនឹងបើកជើងហោះហើរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅស្ថានីយមកដល់មួយចំនួននៅកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងអាស៊ីអាគ្នេយ៍ ហើយជើងហោះហើរពីហាណូយ-វៀនច័ន្ទ ប្រទេសឡាវ ពីវៀងច័ន្ទមកភ្នំពេញ និងភ្នំពេញ ទៅទីក្រុងហូជីមិញនឹងអាចចាប់ផ្តើមការហោះហើរឡើងវិញ ចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ដែលមានជើងហោះហើរសរុប៧ជើងមួយថ្ងៃ ។
ការបើកជើងហោះហើរជាអន្តរជាតិឡើងវិញ ត្រូវគេសង្ឃឹមថា នឹងធ្វើមានភាពប្រសើរឡើងវិញ ចំពោះវិស័យទេសចរណ៍ ។
នៅក្នុងឱកាសប្រកាសពីវិធានការសុវត្តិភាពដាក់ឲ្យសេវាទេសចរណ៍នៅកម្ពុជាអនុវត្ត កាលពីថ្ងៃទី៥ មិថុនានេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា ប្រសិនបើបណ្តាប្រទេសក្នុងពិភពលោក បើកជើងហោះហើរអន្តរជាតិឡើងវិញ កាន់តែឆាប់ការប៉ះពាល់វិស័យទេសចរណ៍នឹងកាន់តែល្អប្រសើរ ។
យោងតាមការវាយតម្លៃអន្តរជាតិ លោករដ្ឋមន្ត្រីឲ្យដឹងថា បើបណ្តាប្រទេសនៅលើពិភពលោក បើកជើងហោះហើរជាអន្តរជាតិជាបន្តបន្ទាប់ត្រឹមខែកក្កដា ផលប៉ះពាល់វិស័យទេសចរណ៍មាន៥៨% បើការបើកជើងហោះហើរ នៅខែកញ្ញាផលប៉ះពាល់ កើនដល់៧០% ហើយបើការបើកជើងហោះហើរដល់ខែធ្នូ ចុងឆ្នាំនោះវិញផលប៉ះពាល់មានដល់៧៨% ។
ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា តាមរបាយការណ៍ អង្គការទេសចរណ៍ពិភពលោក នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០នេះ ផលប៉ះពាល់ទេសចរណ៍អន្តរជាតិមានការធ្លាក់ចុះក្នុងអត្រាប្រមាណ ២២% ខាតបង់ប្រាក់ចំណូលប្រមាណ ៨០ ពាន់លានដុល្លារ ស្មើនឹងការបាត់បង់ចំនួនភ្ញៀវទេសចរអន្តរជាតិ ៦៧ លាននាក់ ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺ COVID-19 មានការវិវត្តកាន់តែធ្ងន់ធ្ងរ និងបានបង្ខំឱ្យប្រទេសជាគោលដៅទេសចរណ៍ចំនួន ៩៧ ប្រទេស (ស្មើ៤៥%) បានបិទទាំងស្រុង ឬមួយផ្នែកនៃច្រកព្រំដែនរបស់ខ្លួន។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ប្រទេសនៅក្នុងអាស៊ាន មួយចំនួនគ្រោងបើកជើងហោះហើរអន្តរជាតិនៅក្នុងខែកក្កដាខាងមុខនេះ ប៉ុន្តែរហូតមកដល់ពេលនេះ ភាពវិជ្ជមានពីការអះអាងនោះមានតិចតូច ហើយប្រើប្រួលតាមសភាពការណ៍ជាន់ស្តែងនៃជំងឺកូវីដ១៩ ។ សម្រាប់កម្ពុជាលោកថោង ខុនថា បានបាត់បង់ថវិកាប្រមាណ៣ពាន់លានដុល្លារពី វិស័យទេសចរណ៍នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០នេះ ហើយការងារជាង៤ម៉ឺនបានបាត់បង់ ៕
ចែករំលែកព័តមាននេះ