ខេត្តស្វាយរៀង ៖ កម្មករ កម្មការិនី និងនិយោជិតចំនួន៦.១៧០នាក់នៅស្វាយរៀងត្រូវបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនិងក្រុមហ៊ុនរោងចក្រ សហគ្រាស បន្ទាប់ពីពួកគាត់ត្រូវបានថៅកែរោងចក្រព្យូរការងារមួយរយៈដោយសារវិបត្តិជម្ងឺកូវីដ-១៩នៅទូទាំងពិភពលោក។
បើតាមលោក អ៊ូ សាខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងបានអោយដឹងកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ថា ដោយសារមានវិបត្តិជម្ងឺកូវីដ-១៩ និងខ្វះវត្ថុធាតុដើមផលិតមិនគ្រប់គ្រាន់ ពិសេសជួបកង្វះទីផ្សារ និងអ្នកបញ្ជាទិញលក់ផលិតផលមិនច្រើនដូចពេលមុន គិតមកដល់ថ្ងៃទី១០ ខែមិថុនា កន្លងមកនេះ នៅក្នុងតំបន់សេដ្ឋកិច្ចស្វាយរៀងមានក្រុមហ៊ុននិងរោងចក្រចំនួន១៦ ត្រូវបានថៅកែសុំព្យូរកិច្ចសន្យាការងារតាមប្រពន្ធ័ស្វយ័ប្រវត្តិកម្ម ដោយដាក់អោយកម្មករ និយោជិត សំរាកពីការងាររយៈពេលខ្លីចំនួន៨.៦៤៨នាក់ ក្នុងចំណោមកម្មករ បំរើការងារទាំង១៦ក្រុមហ៊ុនចំនួន ២២.៧៤៦នាក់។
លោកបានបញ្ជាក់ថា ក្នុងចំណោមកម្មករ កម្មការិនី និងនិយោជិត ដែលក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួន១៦ ដាក់អោយសំរាកការងាររយះពេលខ្លី តាមរយៈមន្ទីរការងារ ចេញលិខិតអនុញ្ញាតព្យួរការងារតាមប្រពន្ធ័ស្វយ័ប្រវត្តិកម្ម មានកម្មករនិយោជិតចំនួន៦.១៧០នាក់ ដែលបំរើការងារនៅក្នុងក្រុមហ៊ុនចំនួន១១ក្រុមហ៊ុន បានទទួលថវិកាពីរាជរដ្ឋាភិបាលក្នុងមួយខែចំនួន៤០ដុល្លារ ចំណែក៣០ដុល្លារទៀតបានពីថៅកែរួចរាល់ហើយ នៅប៉ុន្មានថ្ងៃនេះដើម្បីទ្រទ្រង់ជីវភាព បន្ទាប់ពីថៅកែបានព្យួរការងារដល់ពួកគាត់ទាំងជាង៨ពាន់នាក់ ហើយមន្ទីរនឹងបន្តសម្របសម្រួលបើកផ្តល់អោយក្រុមកម្មករបន្ថែមទៀត បន្ទាប់ពីក្រុមការងារជំរឿនចំនួនកម្មកររួច។
ខេត្តស្វាយរៀង ជាខេត្តមួយដែលរាជរដ្ឋាភិបាល បានបង្កើតអោយមានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសដល់ទៅចំនួន១១តំបន់ នៅក្នុងដំណើរការផលិតផលិផលនាំចេញរបស់រោងចក្រ សហគ្រាស ចំនួន៨តំបន់ ទោះមានវិបត្តិជម្ងឺកូវីដ១៩ បានផ្ទុះនៅក្នុងពិភពលោក ហើយមិនសូវដំណើរការផលិតនោះ នៅទូទាំងខេត្តមានក្រុមកម្មករ កម្មការិនី និងនិយោជិតចំនួនតែជាង៨ពាន់នាក់ ក្នុងចំណោមកម្មករជាង៧ម៉ឺននាក់ដែលកំពុងប្រតិបត្តិការងារជំនាញរបស់ពួកគេផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ