រាជធានីភ្នំពេញ ៖ គិតត្រឹម១សប្តាហ៍ទីមួយ ខែមិថុនានេះ មានពលរដ្ឋដែលរងផលប៉ះពាល់សេដ្ឋកិច្ចប្រមាណ២០ម៉ឺន ទទួលបានការអនុគ្រោះពីគ្រឹះស្ថានហិរញ្ញវត្ថុដែលខ្លួនបានខ្ចីប្រាក់ក្នុងការរៀបចំឥណទានឡើងវិញ ។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋទាំងពី២០ម៉ឺននាក់ គឺមានទំហំទឹកប្រាក់ប្រមាណជិត១០ពាន់លានដុល្លារ ។ ពលរដ្ឋកម្ពុជាប្រមាណជាង២លាននាក់ត្រូវបានគេដឹងថា បានខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងទឹកប្រាក់ប្រមាណ ៣០ ទ្រីលានរៀល (៧,៤ ប៊ីលានដុល្លា) ដើម្បីទ្រង់ជីវភាពប្រចាំថ្ងៃ ដូចជាការយកទៅពង្រីកមុខរបរជាដើម ។ ប៉ុន្តែនៅពេលមានវិបត្តិកូវីដ១៩នេះ មានពលរដ្ឋជាច្រើនបានរងផលប៉ះពាល់មិនអាចមានលទ្ធភាពរកប្រាក់សងបំណុលបាន ពិសេសពលរដ្ឋធ្វើការនៅក្នុងឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សណ្ឋាគារ និងសំណង់ជាដើម ។
ការរៀបចំប្រាក់ឥណទានឡើងវិញ គឺជាយន្តការមួយរបស់ធនាគារជាតិដែលបានស្នើដល់គ្រឹះស្ថានហរញ្ញវត្ថុ្តផ្តល់ការអនុគ្រោះដល់ពលរដ្ឋ ។ ការរៀបចំប្រាក់ឥនទានឡើងវិញត្រូវបានអនុវត្តចាប់ពីខែមីនា ដើមឆ្នាំ២០២០នេះមក ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាង១០០ជាសមាជិកបានអំពាវនាវឲ្យពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ទៅដាក់ពាក្យស្នើសុំរៀបចំឥណទានឡើងវិញ នៅគ្រឹះស្ថានហិរញ្ញវត្ថុដែលខ្លួនបានខ្ចីប្រាក់ ដើម្បីទទួលបានការរៀបចំការឥណទានឡើងវិញ ។
ការរៀបចំឥណទានឡើងវិញ បើតាមសមាគមហិរញ្ញវត្ថុកម្ពុជាមានដូចជា ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន ។ ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម ។
ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ ។ ការពន្យារឥណទានប្រតិទានឬការ បន្ថែម និងឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និងឬអ្នកធានា ប្រសិនបើមាន ។ ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទានជាដើម ។
លោក កាំង តុងងី បានឲ្យដឹងថា នៅពេលពលរដ្ឋទៅដាក់ពាក្យស្នើសុំរៀបចំឥណទានឡើងវិញគ្រឹះស្ថានហិរញ្ញវត្ថុនឹងចុះពិនិត្យស្ថាពភាពជាក់ស្តែងពលរដ្ឋ ដើម្បីធ្វើការវាយតម្លៃ និងអនុម័ត ។ ការជ្រើសវិធីណាមួយក្នុងការរៀបចំឥណទានឡើងវិញអាស្រ័យលើការជជែកគ្នារបស់ភាគីទាំងពីរ ។ តែលោកបានឲ្យដឹងថា ការរៀបចំឥណទានឡើងវិញភាគច្រើនបំផុត ដែលបានអនុម័តកន្លងមក គឺការរៀបចំឲ្យពលរដ្ឋបង់តែការប្រាក់ នៅក្នុងកំពុងពេលមានវិត្តកូវីដ១៩នេះ ៕
ចែករំលែកព័តមាននេះ