មន្ត្រីខណ្ឌទាំង១៤ និងប៉ុស្តិ៍ណា បម្រើប្រជាពលរដ្ឋមិនបានល្អ រាយការណ៍ចូលផេកហ្វេសប៊ុកស្នងការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ មិថុនា ២០២០នេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ មិថុនា ២០២០នេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ មិថុនា ២០២០នេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បង្ហោះសារបញ្ជាក់យ៉ាងច្បាស់ថា បើនៅមានមន្ត្រីតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ណា បម្រើប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណ:ផ្សេងៗជូនប្រជាពលរដ្ឋមិនបានល្អ សូមរាយការណ៍ចូលផេក«ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬទំនាក់ទំនងមកលេខរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស ។
ឧត្តមសេនីយ៍ឯក ស ថេត បន្តថា មួយរយ:ពេលកន្លងមកនេះ សង្កេតឃើញថា ដោយការអនុវត្តតាមការណែនាំបានយ៉ាងល្អ មន្ត្រីតាមបណ្តាការិយាល័យជំនាញ អធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ ក្នុងការប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប្រើប្រាស់សម្តី និងកាយវិការ ក៏បានសមរម្យ ជាពិសេសផ្តល់សេវាសាធារណ:ឲ្យបានលឿន និងឆាប់រហ័សក្នុងការធ្វើសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋមានលក្ខណ:ល្អប្រសើរ ទាន់ពេលវេលា ដោយទទួលបានការសាទរ និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ផងដែរ ។
លោកស្នងការ ស ថេត បញ្ជាក់ថា ដូច្នេះ ប្រសិនបើនៅមានសេសសល់មន្ត្រីតាមបណ្តាការិយាល័យជំនាញខណ្ឌ និងប៉ុស្តិ៍ណា ដែលអនុវត្តការងារ និងបម្រើប្រជាពលរដ្ឋមិនបានល្អ ដូចជាមិនទទួលពាក្យបណ្តឹង ប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យ ទទួលឯកសារពីប្រជាពលរដ្ឋទុកយូរជ្រុល មិនធ្វើជូនប្រជាពលរដ្ឋ សូមជួយរាយការណ៍មកកាន់ផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬក៏ទំនាក់ទំនងមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ 069 516 999 ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលយករាល់ខំមិន(មតិយោបល់)របស់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ