ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​ពលករ​ខ្មែរ​21​នាក់ ​ជាប់ចោទ​ឆ្លង​ដែន​ខុសច្បាប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​២១​នាក់​ក្នុង​នោះ​ស្រី​៦​នាក់ បាន​ត្រូវ​ភាគី​ថៃ​ឃាត់ខ្លួន​នៅ​ក្បែរ​បន្ទាត់​ព្រំដែន ក្នុងភូមិ​ផា​ន​សឹក ឃុំ​ផា​ន​សឹក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ឈម​នឹង​ទឹកដី​កម្ពុជា ក្នុងស្រុក​ម៉ា​ឡៃ…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​២១​នាក់​ក្នុង​នោះ​ស្រី​៦​នាក់ បាន​ត្រូវ​ភាគី​ថៃ​ឃាត់ខ្លួន​នៅ​ក្បែរ​បន្ទាត់​ព្រំដែន ក្នុងភូមិ​ផា​ន​សឹក ឃុំ​ផា​ន​សឹក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ឈម​នឹង​ទឹកដី​កម្ពុជា ក្នុងស្រុក​ម៉ា​ឡៃ កាលពី​យប់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ ។ ទោះជា​យ៉ាងណា ពលករ​ខ្មែរ​ទាំង​២១​នាក់​នេះ មិន​ត្រូវ​បាន​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ។

នៅ​ពេល​សាកសួរ​ពលករ​ទាំងនេះ ក៏​មិន​ខុស​ពី​ពលករ​ដែល​សមត្ថកិច្ច​ធ្លាប់​ឃាត់ខ្លួន​កាលពី​លើក
មុន​ៗ​ដែរ គឺ​ពួក​គេ​ប្រាប់​សមត្ថកិច្ច​ថៃ​ថា ចង់ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រុង​បាងកក និង​ខេត្ត​ឈុ​ន​បូ​រី ព្រោះ​នៅ​ភូមិកំណើត​គ្មាន​ការងារ​ធ្វើ ខណៈ​ភាគី​ថៃ​បិទ​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ
ជំងឺ​កូ​វី​ដ​-១៩ ។ ក្រោយ​ពី​ឃាត់ខ្លួន ភាគី​ថៃ​បាន​នាំ​យក​ទៅ​សាកសួរ នៅ​ទីបញ្ជាការ​កង​រយ​ទា
ហាន​ឈុត​ខ្មៅ​១២០៦ ក្នុងស្រុក​ខាងលើ ។

លោក សួង សៅ មេបញ្ជាការ​នគរបាល​ការ​ពារ​ព្រំដែន​គោក វរ​សេនា​តូច​លេខ​៨១៥ ដែល​គ្រប់គ្រង​នៅ​បន្ទាត់​ព្រំដែន​ស្រុក​ម៉ា​ឡៃ ប្រាប់​ថា ពលករ​ខ្មែរ​ទាំង​២១​នាក់​នេះ​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​កម្ពុជា​តាម​ច្រករបៀង​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ។

លោក​បញ្ជាក់​ថា ពលករ​ទាំងនេះ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ដី​ថៃ​តាម​រយៈ​មេខ្យល់ តែ​លោក​ថា ពិបាក​ចាត់ការ​ណាស់ ព្រោះ​ក្រុម​មេខ្យល់​គេ​ទាក់ទង​គ្នា​ជាមួយ​ពលករ​តាម​រយៈ​ទូរស័ព្ទ និង​មិន​បញ្ចេញ​អត្តសញ្ញាណ​ឡើយ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា​កន្លង​ទៅ សមត្ថកិច្ច​ថៃ​ក្នុងស្រុក​អារញ្ញ បាន​ចាប់​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់ ដែល​លួច​ឆ្លង​ដែន​ខុសច្បាប់​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។ ពលរដ្ឋ​ខ្មែរ​ទាំង​៥​នាក់​នេះ​អះអាង​ថា ពួក​គាត់​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ចង់​ចូល​ទៅ​មើល​តូប ព្រោះ​បារម្ភ​ពី​ទំនិញ​ខ្លាច​ត្រូវ​ទឹកភ្លៀង​ខូច ។ ទោះជា​យ៉ាងណា ពលរដ្ឋ​ទាំងនេះ​សមត្ថ​កិច្ច​ថៃ​បាន​បញ្ជូន​មក​កម្ពុជា​វិញ​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ