ខេត្តស្ទឹងត្រែង៖ ក្រុមជនជាតិចិនចំនួន៦នាក់ត្រូវឃាត់ខ្លួន ដោយកម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ឡាវ ខណៈឆ្លងដែលដោយខុសច្បាប់តាមច្រករបៀង កាលពីវេលាម៉ោង២២ និង៤៧នាទីយប់ថ្ងៃទី១០មិថុនា ស្ថិតនៅចំណុចមុខប៉ុស្តិ៍អូរស្វាយនៃវរៈការពារព្រំដែនគោកលេខ៧០១ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ។
តាមការអោយដឹងពីនគរបាលការពារព្រំដែនគោក៧០១ថា ជនជាតិខាងលើចំនួន៦នាក់ធ្វើដំណើរមកពីខេត្តព្រះសីហនុតាមរថយន្តឈ្នួលមួយគ្រឿងមកដល់ ខេត្តស្ទឹងត្រែងនៅវេលាយប់ហើយ ត្រូវបន្តដំណើរដោយឆ្លងដែនតាមច្រករបៀងចូលទៅប្រទេសឡាវ និងបន្តទៅកាន់ប្រទេសចិន តែត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទាមទារកឯកសារពុំមានច្បាស់លាស់ ទើបឃាត់ខ្លួនបណ្តោះអាសន្នសិន។
នគរបាលការពារព្រំដែនដដែលបន្តថា បុរសជនជាតិចិនទាំង៦នាក់នោះរួមមាន១-ឈ្មោះ HUANG HONGBIN ភេទប្រុស ២-ឈ្មោះ ZHU DENGLONG ភេទប្រុស ៣-ឈ្មោះ SHI MENGភេទប្រុស ៤-ឈ្មោះ ZHANG WEIភេទ ប្រុស៥-ឈ្មោះ SONG GUOYI ភេទប្រុស៦-ឈ្មោះ HAOJIANR ONG ភេទប្រុសមិនមានលិខិត ឆ្លងដែន ឡើយធ្វើដំណើរដោយរថយន្តម៉ាក ស្តារិចពណ៌ទឹកប្រាក់ ស្លាកលេខ ព្រះសីហនុ ២C ៩៨០០ បើកបរដោយឈ្មោះ តុំ ច័ន្ទបូរី ភេទប្រុសជនជាតិខ្មែរមុខរបរ រត់ឡានឈ្នួល មកពីខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក អូត សីុវុត្ថា បានប្រាប់កោះសន្តិភាពថា ជនជាតិចិនខាងលើ បានបញ្ជូនពីព្រំដែនមកដល់ស្នង ការដ្ឋាននគរបាលខេត្តហើយ ហើយលោកកំពុងរាយការណ៍ជូន ទៅអគ្គនាយកដ្ឋានដែររង់ចាំការ ពិនិត្យនិងឯកភាពយ៉ាងណាៗនឹង បន្តនីតិវិធីថែមទៀត។លោកបន្តថា ជនជាតិចិនទាំង៦នាក់ខាងលើមានលិខិតឆ្លងដែន៥នាក់លើកលែងតែម្នាក់ប៉ុណ្ណោះ ដែលមិនមាន លិខិតឆ្លងដែនដោយនៅក្នុងការធ្វើដំណើរតែមួយទើបឃាត់ទាំង អស់គ្នាសិនរង់ចាំការសម្របសម្រួលពីថ្នាក់ដឹកនាំខាងលើនឹង ត្រូវអនុវត្តបែបណាបន្តទៀត។ បច្ចុប្បន្ន ជនជាតិចិនទាំង៦នាក់ខាងលើ កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅឡើយទេ ៕
ចែករំលែកព័តមាននេះ