ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ជើង​ចាស់​ឆ្នាំ​៩០ បង្ហើប​គម្រោង​ដ៏​ធំ​មួយ ក្រោយ​បញ្ចប់​អាជីព​សម្តែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​តាំងពី​ឆ្នាំ​៩០​លោក ជា ណូ​បូ បាន​បង្ហាញ​គម្រោង​ដ៏​ធំ​មួយ​នៅ​ក្នុង​ការងារ​កសិកម្ម​នា​ពេល​អនាគត ដើម្បី​ស្វែងរក​ប្រាក់​ចំណូល ក្រោយ​ពេល​លោក​នឹង​បញ្ចប់​អាជីព​សម្តែង ខណៈ​ពេល​ការងារ​មួយ​នេះ លោក​គ្រោង​នឹង​ចាប់ផ្តើម…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​តាំងពី​ឆ្នាំ​៩០​លោក ជា ណូ​បូ បាន​បង្ហាញ​គម្រោង​ដ៏​ធំ​មួយ​នៅ​ក្នុង​ការងារ​កសិកម្ម​នា​ពេល​អនាគត ដើម្បី​ស្វែងរក​ប្រាក់​ចំណូល ក្រោយ​ពេល​លោក​នឹង​បញ្ចប់​អាជីព​សម្តែង ខណៈ​ពេល​ការងារ​មួយ​នេះ លោក​គ្រោង​នឹង​ចាប់ផ្តើម បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩ បាន​ផុតរលត់​ទៅ​។

គម្រោង​ធ្វើ​កសិកម្ម​ដ៏​ធំ​របស់​លោក​នា​ពេល​នេះ គឺ​ការ​បើក​កសិដ្ឋាន​ដើម្បី​ចិញ្ចឹម​មាន់ បង្កង និង​ផ្ទះ​ត្រចៀកកាំ នៅ​លើ​ផ្ទៃដី​ប្រមាណ​៣​ហិច​តា នា​ខេត្តកំពង់ស្ពឺ​។

លោក ជា ណូ​បូ បាន​អះអាង​ថា គម្រោង​ធ្វើ​កសិកម្ម​នេះ គឺ​លោក​បាន​គិត​មក​ជា​យូរ​មក​ហើយ បន្ទាប់​ពី​ការងារ​ថត ដោយសារ​នេះ​ជា​ចំណង់​ចំណូលចិត្ត​របស់​លោក តែ​មិន​ទាន់​មានឱកាស ទើបតែ​ពេល​នេះ​លោក​បាន​សម្រេច​ធ្វើ​ឲ្យ​គម្រោង​នេះ ចេញ​ជា​រូបរាង​ឡើង​នា​ពេល​ខាង​មុខ​។

លោក​បញ្ជាក់​ថា ជា​ជំហាន​ដំបូង យើង​ធ្វើ​ជា​លក្ខណៈ​តូច​សិន មុន​ឈាន​ដល់​ដំណាក់កាល​ធំ ហើយ​តាម​ការ​ប៉ាន់ស្មាន​យើង​ត្រូវ​ចំណាយ​ប្រមាណ​ជា​៥​ម៉ឺន​ដុល្លារ​យ៉ាងតិច ដែល​ការ​ចំណាយ​នេះ យើង​មិន​ទាន់​គិត​លើ​កិច្ចការ​មួយ​ចំនួន​ទៀត​សម្រាប់​ដំណើរការ​កសិដ្ឋាន​មួយ​នេះ​។

លោក​បន្ត​ថា ផ្ទៃដី​ដែល​លោក​បាន​ទិញ​នោះ គឺ​ស្ថិត​ក្នុង​តំបន់​ដែល​អំណោយផល​សម្រាប់​ធ្វើ​កសិកម្ម ដោយសារ​វា​ជា​ដី​វាលស្រែ​ដាច់​ស្រយាល និង​ជាប់ជើង​ភ្នំ ដូចនេះ​ប្រសិនបើ​យើង​ចិញ្ចឹម​មាន់ បង្កង ហើយ​នោះ​យើង​ក៏​នឹង​អាច​ឆ្លៀត​ធ្វើ​ផ្ទះ​ចិញ្ចឹម​ច្រ​កៀក​កាំ​ថែម​ទៀត​ក៏​បាន​។

បើ​តាម​លោក ជា ណូ​បូ ថា កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​លោក​នា​ពេល​នេះ គឺ​មិនមែន​ចិញ្ចឹម​មាន់នៅ​ក្នុងស្រុក​នោះ​ឡើយ ពោល​គឺជា​ពូជ​មាន់​ដែល​នាំ​ចូល​ពី​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប ដែល​មាន​តម្លៃ​ថ្លៃ ហើយ​ការ​ចិញ្ចឹម​នេះ លោក​ក៏​មានការ​សហការ​ជាមួយ​ក្រុមហ៊ុន​ផង​ដែរ​។

លោក​បន្ថែម​ថា មូលហេតុ​ដែល​លោក​ចិញ្ចឹម​ពូជ​មាន់​បរទេស​នេះ គឺ​ដោយសារ​តែ​វា​មាន​តម្លៃ​ថ្លៃ ហើយ​ក៏​មិនសូវ​ជា​ពិបាក​ចិញ្ចឹម​ដូច​មាន់​ក្នុងស្រុក​នោះ​ដែរ ខណៈ​ពេល​ដែល​យើង​ក៏​មាន​ដៃគូ​សហ​សម្រាប់​ការ​ទិញ​មាន់​យក​ទៅ​លក់ ដោយ​មិន​មានការ​ព្រួយបារម្ភ​នោះ​ឡើយ​។ ចំណែក​បង្ក គឺ​លោក​ចិញ្ចឹម​បង្កក​ធម្មតា ដែល​វា​អាច​ឆាប់រហ័ស​នៅ​ក្នុង​ការ​ទទួលផល ព្រោះ​លោក​ត្រូវ​យក​ចំណូល​ពី​ការ​លក់​បង្ក​នេះ ដើម្បី​យក​មក​ទ្រង់​ទ្រង់​កសិដ្ឋាន​ចិញ្ចឹម​មាន់ ព្រោះ​ការ​ចឹ​ញ្ចឹ​ម​នេះ វា​អាច​នឹង​ប្រើប្រាស់​ថវិកា​ច្រើន​គួរសម​។

យ៉ាងណា​ម៉ិ​ញ តាម​គម្រោង​មួយ​នេះ​លោក​ហាក់​មិន​ទាន់​មានការ​រំពឹង​ខ្ពស់​នៅឡើយ​ទេ​ថា វា​នឹង​អាច​ទទួល​បាន​ជោគជ័យ​តាម​ការ​គម្រោង​ទុក ប៉ុន្តែ​តាម​រយៈ​បទ​ពិសោធន៍​របស់​លោក​កន្លង​មក គឺ​វា​អាច​នឹង​ជោគជ័យ​ច្រើន ដោយសារ​បច្ចុប្បន្ន​ផ្ទះ​របស់​លោក​នៅ​ម្តុំ​ចំការ​ដូង​នោះ​ក៏​មានការ​ចិញ្ចឹម​មាន់​នេះ ហើយ​វា​ក៏​ទទួល​បាន​ផល​ជា​បន្តបន្ទាប់​ផង​ដែរ​។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​សិល្បៈ​វិញ​លោក ជា ណូ​បូ បាន​លើក​ឡើង​ថា បន្ទាប់​ពី​ចប់​ជំងឺ​កូ​វី​ដ​១៩​នេះ​ទៅ លោក​នឹង​ប្រញាប់​សម្រុក​ចេញ​ថត​បញ្ចប់រឿង​ឲ្យ​គេ​ដែល​នៅ​សេសសល់​ប្រមាណ​ជា​៣០%​ទៀត ហើយ​បន្ទាប់​មក​លោក​អាច​នឹង​បញ្ចប់​ការ​សម្តែង​តែ​ម្តង​។

លោក​បញ្ជាក់​ថា ជា​ធម្មតា ប្រសិនបើ​លោក​ចេញ​ទៅ​ធ្វើ​កសិកម្ម​នៅ​ខេត្ត​ហើយ​នោះ គឺ​លោក​នឹង​ស្នាក់​ទីនោះ ដែល​វា​មាន​ចម្ងាយ​ផ្លូវ​ទៅ​មក​ប្រហែល​៨០​គីឡូម៉ែត្រ ដូចនេះ​លោក​អាច​នឹង​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ទៀត​ទេ សម្រាប់​ការងារ​សម្តែង​នេះ​។ យ៉ាងណា ក្នុង​នាម​ជា​តារា​សម្តែង​មួយ​រូប លោក​នៅ​តែ​សម្តែង​ការ​សោកស្តាយ​នូវ​អាជីព​សម្តែង​នេះ​ដដែល ប៉ុន្តែ​ដោយសារ​យោង​ទៅ​លើ​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ​នោះ រូប​លោក​ត្រូវការ​ការងារ​មួយ​ដែល​ល្អ​ជាប់លាប់ និង​អាច​មាន​លុយ​សល់ កុំឱ្យ​មហាជន​មួយ​ចំនួន​តែង​រិះគន់​ថា អ្នកសិល្បៈ​ពេល​ចាស់​ទៅ គឺ​គ្មាន​អ្វី​សោះ​នោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ