ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មតិ​ជា​ច្រើន​​លើក​ឡើង​ថា​ ទិន្នផល​ត្រី​ថយ​ចុះ​​រាល់​ឆ្នាំដោយសារកត្តាមួយចំនួន​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រ​ដូវ​បិទ​នេសាទ​បាន​មក​ដល់​ហើយ គឺ​ចាប់​បិទ​តាំងពី​ថ្ងៃ​ទី​១ ខែមិថុនា ហើយនឹង​បើក​ឱ្យ​នេសាទ​វិញ​នៅ​ថ្ងៃ​ទី​១ ​ខែតុលា នេះ​ សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ​នេះ​គឺជា​ច្បាប់​ស្តី​ពី​ជលផល​ដែល​បាន​កំណត់…

ខេត្តកំពង់ឆ្នាំង ៖ រ​ដូវ​បិទ​នេសាទ​បាន​មក​ដល់​ហើយ គឺ​ចាប់​បិទ​តាំងពី​ថ្ងៃ​ទី​១ ខែមិថុនា ហើយនឹង​បើក​ឱ្យ​នេសាទ​វិញ​នៅ​ថ្ងៃ​ទី​១ ​ខែតុលា នេះ​ សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ​នេះ​គឺជា​ច្បាប់​ស្តី​ពី​ជលផល​ដែល​បាន​កំណត់ ។ ប៉ុន្តែ​បើ​គិត​ត្រឹម​ថ្ងៃ​ទ​១១ ខែ មិថុនា​នេះ ស្ថានភាព​ទឹកទន្លេ​នៅ​មិន​ទាន់​ប្រែប្រួល​ឡើង​តាម​របប​ទឹកភ្លៀង ឬ​ទឹកទន្លេ​មេគង្គ​នោះ​ឡើយ ។ ​ស្ថានភាព​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​លើក​ឡើង​ថា​ ៖ ទិន្នផល​ត្រីបាន​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តាម​ការ​ប្រែប្រួល​អាកាសធាតុ​, កត្តា​មនុស្ស​ និង​វា​រី​អគ្គី​ស​នី ។

មន្ត្រី​ជំនាញ​ជលផល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ហេតុផល​ថា​៖ ជា​ធម្មតា នៅ​ខែវស្សា ឬ ក្នុង​អំឡុង​ខែ​ឧសភា​ និង​ខែមិថុនា ភ្លៀង​បាន​ចាប់ផ្តើម​ធ្លាក់ ហើយ​បាន​ហូរ​ចូល​ទន្លេសាប គួប​ផ្សំ​របប​ទឹកទន្លេ​មេគង្គ ហូរ​ចាក់​ចូល​មក​ទៀត​ទឹកទន្លេ​សាប​បាន​ចាប់ផ្តើម​ឡើង គឺជា​ពេល​ត្រី​ចាប់ផ្តើម​រក​ទីជម្រក​សម្រាប់​ពង​កូន​។ ប៉ុន្តែ​ចាប់តាំងពី​មានការ​កសាង​វា​រី​អគ្គី​ស​នី​នៅ​ប្រទេស​ចិន​ជា​ច្រើន​កន្លែង​ជា​បន្តបន្ទាប់ ជា​ច្រើន​កន្លែង និង​ចុង​ក្រោយ មានការ​កសាង វា​រី​អគ្គី​ស​នី នៅ «​ដ​ន​សា​ហុង​» ប្រទេស​ឡាវ បន្ថែម​១​ទៀត ធ្វើ​ឱ្យ​របប​ទឹកទន្លេ​មេ​គ្គង​កាន់តែ​អស់​ទៅ និង​រហូត​ដល់​ខែកញ្ញា ដែល​ទឹកបាន​ពេញ​តម្រូវការ​របស់​វា​រី​អគ្គី​ស​នី នៅ​ស្រុក​គេ ទើប​ហូរ​ចូល​ធ្លាក់​ចូល​មក​ស្រុក​យើង ។

តាម​ប្រភព​ដដែល​បាន​លើក​ឡើង​ថា ជា​ធម្មតា នៅ​ខែមិថុនា, ​កក្កដា ​និង​ខែសីហា របប​ទឹកទន្លេ​មេគង្គ​បាន​ហូរ ចាក់​មក​ជួយ​បំពេញ​ផ្ទៃ​បឹង​ទន្លេសាប ។​ របប​ទឹកទន្លេ​មេគង្គ​នេះ ក៏​បាន​នាំ​មក​នូវ​ដី​ល្បប់ និង​កូន​ត្រី ទើប​ញាស់​ល្អិត​ៗ ច្រើន​ប្រភេទ ដែល​ភាសារ​ជំនាញ​ហៅ​ថា​៖ ត្រី​បន្លាស់​ទី​ឆ្ងាយ មាន​ដូច​ជា ត្រី​ពោ ត្រី​ប្រា ត្រី​រៀល និង​ត្រី​ឆ្កោក ជាដើម​។ ពេល​វា​ហូរ​មក​តាម​ទឹក​ទម្រាំ​ចូល​ដល់​បឹង​ទន្លេសាប វា​បាន​ធំធាត់​ជា​បណ្តើរ​ៗ ។

តាម​ប្រភពដដែលបានលើកឡើងបន្ត​ថា​ លុះដល់​ខែ តុលា ទឹកបាន​ហូរ​ចេញ​ទៅ​វិញ គឺ​ដល់​រដូវ​បើក​នេសាទ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ របប​ទឹកទន្លេ​មេគង្គ បាន​អូស​បន្លា​ញ រហូត​ដល់​ខែកញ្ញា ទើប​ហូរ​ចូល​មក គឺ​បាន​តែ​១ ខែ គឹ​ដល់​ពេល​ហូរ​ចេញ​វិញ ម្លោះ​ហើយ​វា​បាន​ខុស​ពី​ធម្មជាតិ​នៃ​ការ​វិវឌ្ឍន៍ ការ​បង្ករ​កំណើត​របស់​ពូជ​ត្រី​ទាំងនោះ ម្យ៉ាងវិញទៀត​បើ​មានកូន​ត្រី​ពូជ ដូច​បាន​រៀបរាប់​មក​ខាងលើ ក៏​គ្មាន​ត្រី​ណា​ធំធាត់​ទាន់​ដែរ ។ សម្រាប់​ទន្លេសាប បច្ចុប្បន្ន​ពឹង​តែ​ម្យ៉ាង​គត់​គឺ របប​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន នៅ​ជុំវិញ​បឹង​ទន្លេសាប សម្រាប់​ឱ្យ​ពូជ​ត្រី​ធ្វើការ​បង្ក​កំណើត​របស់​វា​តែ​ប៉ុណ្ណោះ ហើយ​មិន​សង្ឃឹមថា​៖ ផល​ត្រី​បឹង​ទន្លេសាប នឹង​សំបូរ ហូរហៀរ​ដូច កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទៀត​នោះ​ទេ ។

បន្ថែម​ពីលើ​នេះ​ទៀត ប្រជាពលរដ្ឋ​កាន់តែ​កើន ស្បៀងអាហារ​កាន់តែ​តម្រូវការ ។ ពួក​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់ ដោយ​បាន​ប្រើប្រាស់ របាំង​ស្បៃ​មុង របាំង​សាច់​អួន មាន​ប្រវែង​រាប់​គី​ឡួ​ម៉ែត្រ ប្រើប្រាស់​ឧ​បករ​ឆក់ លប​សម័យ​ថ្មី​ប្រើស​១០០ និង​នេសាទ​ក្នុង​រដូវ​ហាមឃាត់​ជាដើម ។ កត្តា​ទាំង​អស់នេះ​ហើយ​ដែល មិន​សង្ឃឹមថា​ទិន្នផល​ត្រី​នឹង​សំបូរ​វិញ​នោះ​ទេ ។

ផ្តើម​ចេញពី​បញ្ហា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​,​ក្រសួងកសិកម្ម​, និង​នាយកដ្ឋាន​,​បាន​ដាក់​ចេញ​ផែន ការ វារីវប្បកម្ម ដោយ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ចិ​ញ្ចឹម​ត្រី​ជា​លក្ខណ​ៈគ្រួសារ​ជា​សហគមន៍ នៅ​តាម​ស្រះ បឹងបួរ​និង បង្កើត​តំបន់​អភិរក្ស ជា​ច្រើន​កន្លែង ដើម្បី​ថែរក្សា​មេ​ពូជ​ត្រី នៅ​តាម​បឹង តាម​ទន្លេ ដែល​មាន​ស្ថានភាព​ទឹក​ជ្រៅ ដើម្បី​ធានា​ដល់​អ្វី​ដែល​មន្ត្រី​ជំនាញ​តែង​បាន​អះអាង​ថា​ ដើម្បី​និរន្ត​ភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ