ខេត្តស្វាយរៀង ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នងបានរលំដួលរាបដល់ដី រងការខូចខាតទាំងស្រុង និង២៨ខ្នងទៀតរងផលប៉ះពាល់របើកដំបូល បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យដួលរលំផ្ទះនិងរបើកដំបូលសរុប៣១ខ្នង ប៉ុន្តែពុំបង្កគ្រោះថ្នាក់ដល់មនុស្ស ឬសត្វនោះទេ គ្រាន់តែប៉ះពាល់ដល់លំនៅដ្ឋានប៉ុណ្ណោះ ភ្លាមៗនោះគេឃើញវត្តមានលោក ភោក វណ្ណថន មេឃុំក្រោលគោក្រុមប្រិក្សាឃុំ និងកងកម្លាំងចុះទៅដល់កន្លែងកើតហេតុផងដែរ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមលោក ភោក វណ្ណថន មេឃុំក្រោលបានឲ្យដឹងថា មានករណីភ្លៀងខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះ និងរបើកដំបូលផ្ទះប្រជាពលរដ្ឋក្នុងឃុំក្រោលគោរលំខូចខាតទាំងស្រុង៣ខ្នងនិងរបើកដំបូលចំនួន២៨ខ្នង។
លោកមេឃុំបានបញ្ជាក់ថា ក្រោយពីភ្លៀងធ្លាក់ និងខ្យល់ខ្លាំងៗបានស្ងប់ទៅវិញ លោក និងក្រុមការងារបានចុះទៅពិនិត្យ ដើម្បីរាយការណ៍ជូនលោកអភិបាលស្រុកស្វាយជ្រំផងដែរ។
លោកភោគ វណ្ណថន បានបញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងហេតុការណ៍ខាងលើនេះដែរ ពុំមានប្រជាពលរដ្ឋណាម្នាក់បានរងរបួសនោះទេ គ្រាន់តែខូចខាតប៉ះពាល់ដល់ផ្ទះសំបែងតែប៉ុណ្ណោះ។
សូមជម្រាបថា លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងធ្លាប់បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមានភ្លៀងខ្យល់រន្ទះត្រូវរកទីទួលសុវត្ថិភាពកុំចេញទៅតាមវាល ហើយត្រូវបិទទូរស័ព្ទ ទូរទស្សន៍ និងវិទ្យុ ព្រោះវត្ថុទាំងនេះងាយឆ្លងចរន្ត បណ្តាលឲ្យគ្រោះថ្នាក់ខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ