ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​បង្គោល​ជម្រើសជាតិ​កម្ពុជា​សម្លឹង​ឃើញ​កីឡាករ​ខ្មែរ​នៅ​ក្រៅប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គាប់​ជួន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មាន​ផែនការ​ចង់​បង្កើត​ក្រុមបាល់ទាត់​ខ្លាំង​មួយ​ដើម្បី​ឈាន​ទៅ​ដណ្ដើម​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ លោក​Felix Dalmas​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​កម្ពុជា ស្រាប់​តែ​មានគំនិត​នឹកឃើញ​ដល់​កីឡាករ​កម្ពុជា​នៅ​ក្រៅប្រទេស ដែល​មាន​ដូច​ជា​នៅ​ប្រទេស​បារាំង​និង​អា​មេ​រិ​ក​ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ក្រុម​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​។ គ្រូ​បង្គោល​ជនជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​ធ្វើ​បទ​បង្ហាញ​តាម​រយៈ​ស្លាយ​នៅ​ក្នុង​មហា​ស​ន្និ​បាត​​លើក​ទី​១៤​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ មិថុនា…

រាជធានី​ភ្នំពេញ ៖ គាប់​ជួន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មាន​ផែនការ​ចង់​បង្កើត​ក្រុមបាល់ទាត់​ខ្លាំង​មួយ​ដើម្បី​ឈាន​ទៅ​ដណ្ដើម​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ លោក​Felix Dalmas​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​កម្ពុជា ស្រាប់​តែ​មានគំនិត​នឹកឃើញ​ដល់​កីឡាករ​កម្ពុជា​នៅ​ក្រៅប្រទេស ដែល​មាន​ដូច​ជា​នៅ​ប្រទេស​បារាំង​និង​អា​មេ​រិ​ក​ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ក្រុម​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​។

គ្រូ​បង្គោល​ជនជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​ធ្វើ​បទ​បង្ហាញ​តាម​រយៈ​ស្លាយ​នៅ​ក្នុង​មហា​ស​ន្និ​បាត​​លើក​ទី​១៤​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ថា នៅ​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក​ជាដើម​មាន​កីឡាករ​ខ្មែរ​ជា​ច្រើន​សុទ្ធតែ​ចូល​ចិត្ត​លេង​​បាល់ទាត់ ។ មិនតែប៉ុណ្ណោះ​សមត្ថភាព​របស់​ពួក​គេ​ភាគច្រើន​សុទ្ធតែ​មិន​អន់​នោះ​ទេ ។ ដូច្នេះ​ក្នុង​នាមរូប​លោក​ជា​អ្នក​រៀបចំ​ក្រុមបាល់ទាត់​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ប្រកួត​ដណ្ដើម​មេដាយ​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ លោកនឹង​សម្លឹង​មើល​កីឡាករ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ក្នុង​ការ​បង្កើត​ក្រុម​ពិសេស​មួយ​នេះ ។ ជា​ពិសេសការ​ជ្រើសរើស​កីឡាករ​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​នៅ​ក្រៅប្រទេស​ឱ្យមក​ជួយ​លេង ។

ជាមួយ​គ្នា​នេះ លោក Felix Dalmas ក៏​បាន​បង្ហាញ​គោលដៅ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក៏​ដូច​ជា​ផែនការ​សម្រាប់​ដណ្ដើម​យក​មេដាយ​សុ​ី​ហ្គេ​ម ឆ្នាំ​២០២៣ ខាង​មុខ​នេះ ជាមួយនឹង​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​លេង​ផង​ដែរ ។ លោក​បញ្ជាក់​ថា កម្ពុជា​លេង​ការពារ​ជា​យូរ​មក​ហើយ ដូច្នេះ​ពេល​នេះ​ដល់​ពេល​ដែល​ត្រូវ​លេង​ប្រយុទ្ធ​វិញ​ម្ដង ។ លោក​ចង់​កសាង​ប្រព័ន្ធ​លេង​មួយ​សម្រាប់​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដទៃ​ទៀត​ក្នុង​តំបន់ ។ លោក​ថា ការ​កសាង​ក្រុម​ដែល​ល្អ​មួយ​ទៅ​បាន លុះត្រាតែ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជា​ពិសេស​ក្លិប​បាល់​ទាត់​នៅ​កម្ពុជា​តែ​ម្ដង​។

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ត្រូវការ​ចាប់ផ្ដើម​នៃ​ការ​លេង​បែប​ប្រយុទ្ធ យើង​បាន​លេង​ការពារ​ជា​យូរអង្វែង​ណាស់​មក​ហើយ ។ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា យើង​ត្រូវការ​ចាប់ផ្ដើម​ប្រយុទ្ធ​នៅ​អនាគត ហើយ​ស៊ី​ហ្គេ​ម​២០២៣ នឹង​ចាប់ផ្ដើម​ពី​ឥឡូវនេះ គឺ​ដល់​ពេលវេលា​ដែល​លេង​បែប​ប្រយុទ្ធ​ហើយ​។

យើង​ចង់​ឲ្យ​កម្ពុជា ក្លាយជា​ម្ចាស់​ជោគវាសនា​របស់​ខ្លួន ។ យើង​ចង់​បង្កើត​ប្រព័ន្ធ​មួយ​ដែល​មាន​និរន្តរភាព ។ ពួក​យើង​មាន​គម្រោង​ប្លង់​សម្រាប់​រយៈពេល​២​ឆ្នាំ​រួច​មក​ហើយ អ​ញ្ចឹ​ង​យើង​ត្រូវធ្វើ​ការងារ​បន្ត​ទៀត​នៅ​ក្នុង​អ្វី​ដែល​យើង​បាន​ធ្វើ ។ យើង​អាច​ធ្វើ​ការងារ​នេះ ប្រសិនបើ​យើង​ធ្វើ​ទាំង​អស់​គ្នា ដូច្នេះ​អ្វី​ដែល​យើង​ត្រូវការ​គឺ​យើង​ត្រូវការ​ចក្ខុវិស័យ​តែ​មួយ ក្ដី​ស្រមៃ​តែ​មួយ គោលដៅ​តែ​មួយ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍​កីឡាករ អភិវឌ្ឍន៍​ក្រុមការងារ ហើយ​នៅ​ឆ្នាំ​២០២៣ ប្រកួត​ដើម្បី​យក​ឲ្យ​បាន​មេដាយមាស​។

តើ​យើង​ត្រូវការ​អ្វី​ទៀត​ដើម្បី​បម្រើ​ទិស​ដៅ​ដែល​យើង​ចង់បាន គឺ​យើង​ត្រូវការ​ធនធាន​ដើម្បី​ឲ្យ​ក្រុម​កីឡាករ និង​ក្រុម​គ្រូបង្វឹក​របស់​យើង​ទៅ​ប្រណាំងប្រជែង​ជាមួយ​ក្រុម​កំពូល​នៅ​ក្នុង​តំបន់​របស់​យើង ។ យើង​ត្រូវការ​ឆន្ទៈ​ពី​អ្នក​ទាំងអស់​គ្នា​នៅ​សហព័ន្ធ ទាំងអស់​គ្នា​នៅ​ក្នុង​ពិភព​បាល់​ទាត់ ដូច​ជា​ក្លិប និង​សមាជិក​យើង​ទាំងអស់​គ្នា ។ ប្រសិនបើ​យើង​ត្រូវ​វិនិយោគ​១០០​ភាគរយ​នៅ​ក្នុង​ផែនការ​នេះ យើង​ទាំងអស់​គ្នា​ត្រូវ​វិនិយោគ​ទាំងអស់​គ្នា ។ ចំណុច​មួយ​ដែល​ត្រូវ​វិនិយោគ គឺ​ការ​បង្កើត​ក្រុម​ដែល​ត្រូវ​លេង​ក្នុង​លី​គ​កំពូល​កម្ពុជា ដែល​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ២០២៣ ។ អ្វី​ដែល​យើង​ចង់​មាន​ន័យ​នោះ គឺ​ក្រុម​នេះ​ជា​ក្រុម​ដែល​មាន​កីឡាករ​អាច​លេង​នៅ​ស៊ី​ហ្គេ​ម ២០២៣ បាន ។ ក្រុម​នេះ ដឹកនាំ​ដោយ​គ្រូបង្វឹក​ជា​ជនជាតិ​ខ្មែរ​ដែល​នឹង​អភិវឌ្ឍន៍​ជាមួយ​កីឡាករ និង​រួចរាល់​ជាមួយ​គ្នា​ដើម្បី​នាំ​កម្ពុជា ទៅ​កាន់​កម្រិត​លើស​ពី​នេះ​ទៀត​នៅ​ស៊ី​ហ្គេ​ម​២០២៣ ហើយនឹង​បន្តបន្ទាប់​»​។

លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​​កម្ពុជា ។ មិន​ខុស​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​នៅ​លើ​ពិភពលោក​ដែរ កីឡាបាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​ភាព​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​និង​គ្រប់​វ័យ​។

គោលដៅ​ចម្បង​នៃ​ការ​អភិវឌ្ឍ​កីឡា​គ្រប់​ប្រភេទ​ជា​ពិសេស​កីឡាបាល់ទាត់ ទោះបីជា​ក្នុង​ន័យ​ថា​មិនមែន​ដើម្បី​លទ្ធផល​ក៏​ដោយ ប៉ុន្តែ​បើសិនជា​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​និង​បន្ត​លើក​ពាន​ទៀត​ផង​នោះ​កាន់តែ​ប្រសើរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ