រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន៤នាក់ ក្នុងនោះមានស្រីម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក ឃាត់ខ្លួននៅចំណុចផ្ទះលេខ២១៤០ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ មីនា ២០១១ ខណៈពេលពួកគេប្រមូលផ្តុំគ្នាធ្វើសកម្មភាព។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា មានមនុស្សប្រុស-ស្រីនាំគ្នាប្រមូលផ្តុំសង្ស័យលួចប្រើប្រាស់ និងជួញដូរថ្នាំញៀន នៅក្នុងផ្ទះលេខ២១៤០ ផ្លូវជាតិលេខ៥ ភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានឆ្មក់ចូលផ្ទះខាងលើ ហើយឃាត់ខ្លួនមនុស្ស៤នាក់ គឺ១-ឈ្មោះទូច សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៦ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ២-ឈ្មោះអន សំនៀង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៣ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ជនទាំង២នាក់នេះត្រូវសមត្ថកិច្ចចោទពីបទជួញដូរថ្នាំញៀន) ៣-ឈ្មោះទិត្យ វត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៩ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ប្រើប្រាស់ថ្នាំញៀន) និង៤-ឈ្មោះឃុន សំណាង ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៤០ ផ្លូវលេខ៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ផ្តល់ទីតាំង)។
ក្នុងយុទ្ធនាការបង្ក្រាបក្រុមប្រើប្រាស់ និងជួញដូរថ្នាំញៀននៅចំណុចខាងលើ សមត្ថកិច្ចមិនបានរកឃើញថ្នាំញៀននោះទេ ហើយគ្រាន់តែដកហូតសម្ភារពាក់ព័ន្ធក្នុងការប្រើប្រាស់ថ្នាំញៀនប៉ុណ្ណោះ ការចោទប្រកាន់ទៅលើបុរស២នាក់ដែលមានម្នាក់ឈ្មោះទូច សុជាតិ និងម្នាក់ទៀតឈ្មោះអន សំនៀង ពីបទជួញដូរ គេក៏មិនដឹងថា សមត្ថកិច្ចសំអាងទៅលើអ្វីនោះដែរ…សូមកុំឱ្យធ្វើជ្រុលដូចយុទ្ធនាការបង្ក្រាបក្មេងទំនើងដើរលេងយប់កាលពីកន្លះឆ្នាំមុន…ដែលកាលណោះសូម្បីតែអ្នករត់ម៉ូតូឌុបទៅអង្គុយចាំម៉ូយក៏ចាប់ខ្លួនដែរ…ឬអ្នកធ្វើការយប់នៅតាមក្រុមហ៊ុនឯកជនទៅអង្គុយយកខ្យល់អាកាសជាមួយមិត្តភក្តិក៏ចាប់គេដែរ… ៕
ចែករំលែកព័តមាននេះ