រាជធានីភ្នំពេញ ៖ មនុស្សប្រុស-ស្រី១១នាក់ ដែលវក់លេងល្បែងស៊ីសង និងបង្កភាពរញ៉េរញ៉ៃដល់អ្នកភូមិនោះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីសាលាខណ្ឌដង្កោ ធ្វើការព័ទ្ធចាប់ខ្លួន ខណៈពួកគេកំពុងឱន-អង្គុយអ៊ុតមើលសន្លឹកបៀយ៉ាងឈ្ងុយកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១ មីនា ២០១១ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ ។
មនុស្ស១១នាក់ដែលឃាត់ខ្លួនដោយសារលេងល្បែងស៊ីសងនេះមានជនជាតិវៀតណាម១០នាក់ និងខ្មែរម្នាក់ ក្នុងនោះ ប្រុស៦នាក់ ស្រី៥នាក់ ហើយនៅមានជាច្រើននាក់ទៀតបានរត់គេចខ្លួនបាត់អស់តាមទ្វារក្រោយ ខណៈពេលកងរាជអាវុធហត្ថចុះទៅដល់មាត់ទ្វារមុខផ្ទះ…ការឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសងនេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិច្រើននាក់បានរាយការណ៍ទៅសមត្ថកិច្ចថា ផ្ទះខាងលើមានលេងល្បែងស៊ីសងអ៊ូអរធំដុំគ្រាន់បើ ហើយលេងយូរខែទៀតផង រញ៉េរញ៉ៃ បង្កភាពអនាធិបតេយ្យពិបាករស់នៅពន់ពេកណាស់…សូមជួយបង្ក្រាបផង ។
បន្ទាប់ពីឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសងទាំងនេះហើយ សមត្ថកិច្ចកងរាជអាវុធបាននាំយកពួកគេទៅកសាងសំណុំរឿងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ រួចហើយឃុំខ្លួនបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ