ខេត្តមណ្ឌលគិរី ៖ ទន្ទឹមនឹងស្ថានភាពជំងឺកូវីដ-១៩ មានភាពស្ងប់ស្ងាត់បន្តិចនៅក្នុងប្រទេសកម្ពុជា លោកជំទាវ ឱ វណ្ណឌីន បានព្រួយបារម្ភអំពីបញ្ហាជំងឺគ្រុនចាញ់ដែលបន្តកើតមាននារដូវរស្សានេះ ខណៈរយៈពេល៥ខែ ក្នុងឆ្នាំ២០២០នេះ ជំងឺគ្រុនចាញ់បានកើតមានចំនួនជាង២ពាន់ករណីទូទាំង ប្រទេស។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ក្នុងកិច្ចប្រជុំ នៅមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី នាថ្ងៃទី០៨ មិថុនា ថា ជំងឺកូវីដ-១៩ ជាបញ្ហារួមរបស់ពិភពលោក ដែលគ្រប់ប្រទេសបានចូលរួមប្រយុទ្ធប្រឆាំងគ្រប់ទីកន្លែង ប៉ុន្តែបញ្ហាជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា ក៏មិនត្រូវមើលរំលងនោះទេ។
កម្ពុជាមានផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទ PF ត្រឹមឆ្នាំ២០២០ និងគ្រប់ប្រភេទទាំងអស់ PF, PV, MiX ត្រឹមឆ្នាំ២០២៥។ លោកជំទាវ ឱ វណ្ណឌីន បានជំរុញដល់មន្ទីរសុខាភិបាខេត្តមណ្ឌលគិរី និងអង្គការដែលជាដៃគូ ត្រូវបង្កើនសកម្មភាព តាមចំណុចប្រឈមខ្ពស់។ បង្កើនចំនួនអ្នកស្ម័គ្រចិត្តតាមភូមិ និងជួយផ្គត់ផ្គង់សម្ភារបច្ចេកទេស សម្រាប់សម្រួលការជួយសង្គ្រោះអ្នកជំងឺ។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ចំនួនអ្នកជំងឺគ្រុនចាញ់ទូទាំងខេត្ត បានធ្លាក់ចុះបីឆ្នាំជាប់ៗគ្នា ដោយនៅឆ្នាំ២០១៨ ចំនួនអ្នកជំងឺគ្រុនចាញ់ មាន៦ ៤៤០ករណី នៅឆ្នាំ២ ០១៩ថយនៅត្រឹម ៤ ១១៥ ករណី ចំណែកឆ្នាំ២០២០ គិតត្រឹមខែឧសភា មានចំនួន៦៩៣ករណីប៉ុណ្ណោះ៕ ដោយ ៖ សាយ ករុណា
ចែករំលែកព័តមាននេះ