ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់ផ្តើម​មាន​លទ្ធភាព​ផ្គត់ផ្គង់​បង្គា សម្រាប់​ទីផ្សារ​ក្នុង​តំបន់​បាន​ខ្លះ​ៗ​ហើយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​តំបន់ ឬ​នៅ​ទូ​ទាំង​ប្រទេស ជា​ទូទៅ​កម្ពុជា​នាំ​ចូល​ផលិតផល មក​ពី​ខាងក្រៅ តែ​មក​ដល់​ដើមឆ្នាំ​២០២០​នេះ ផ្នែក​មួយ​ចំនួន​នៃ​ការ​ផ្គត់ផ្គង់​សម្រាប់​ក្នុង​តំបន់ គឺ​កម្ពុជា អាច​ចាប់ផ្តើម​មាន​លទ្ធភាព​ខ្លះ​ហើយ…

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​តំបន់ ឬ​នៅ​ទូ​ទាំង​ប្រទេស ជា​ទូទៅ​កម្ពុជា​នាំ​ចូល​ផលិតផល មក​ពី​ខាងក្រៅ តែ​មក​ដល់​ដើមឆ្នាំ​២០២០​នេះ ផ្នែក​មួយ​ចំនួន​នៃ​ការ​ផ្គត់ផ្គង់​សម្រាប់​ក្នុង​តំបន់ គឺ​កម្ពុជា អាច​ចាប់ផ្តើម​មាន​លទ្ធភាព​ខ្លះ​ហើយ ជាក់ស្តែង​មាន​កសិដ្ឋាន​ចិញ្ចឹម​បង្គា​ធម្មជាតិ​មួយ​កន្លែង​ក្នុង​ខេត្ត ព្រះ​សីហ​នុ​។ លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​យើង​មាន​ស្រែ​ចិញ្ចឹម​បង្គា ដោយ​កសិដ្ឋាន មួយ​នេះ អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ខេត្ត និង​អាច​នាំ​ចេញ​បាន​។

លោក នេន ចំរើន មាន​ប្រសាសន៍​ថា បើ​យើង​និយាយ​ពី​សក្តានុពល​ខេត្ត​ព្រះ​សីហ​នុ ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម មក​ដល់​សព្វ​ថ្ងៃនេះ យើង​អនុវត្ត​នូវ​គោ​នយោបាយ​របស់​សម្តេច​តេ​ជោ ដែល​មាន​ប្រសាសន៍ កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០២០ ពាក់ព័ន្ធ និង​ជំងឺ​កូ​វី​ដ​-១៩ កើតជា​លើក​ដំបូង អីចឹង​សម្តេច​បាន​ដាក់ ផែនការ​ឱ្យ​ក្រសួងកសិកម្ម​អនុវត្ត​នូវ​សកម្មភាព​៣ ក្នុង​នោះ​៖ ១-​ការ​ចិញ្ចឹមសត្វ​, ២- ការ​ចិញ្ចឹម​ត្រី និង​៣-​ការ​ដាំ​បន្លែ អីចឹង​ខេត្ត​ព្រះ​សីហ​នុ​ទើប​ចាប់ផ្តើម​អនុវត្ត​កាលពី​ខែ​៥ ឆ្នាំ​២០២០​នេះ ដោយ​យើង​ជ្រើសរើស កសិករ​ជាង​៤០០​គ្រួសារ​ទៅ​លើ​កម្មវិធី​ទាំង​៣​ខាងលើ​នេះ​។

លោក​ប្រធាន​មន្ទីរ​សង្កត់ធ្ងន់​ថា​៖ «​មក​ទល់​ពេល​នេះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ស្រែ​បង្គា​របស់​ក្រុមហ៊ុន ហេង ហេង​។ កសិដ្ឋាន​ចិញ្ចឹម​បង្គា​នេះ គឺ​គាត់​អាច​ផ្គត់ផ្គង់​បាន ដោយ​គ្មាន​ក្រុមហ៊ុន​ណា​តាំងពី​ដើម​ពី​មុន​មក​នោះ​ទេ ទើបតែ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០​នេះ ហើយ​ការ​ចិញ្ចឹម​បង្គា​នេះ គឺ​យើង​អាច​ផ្គត់ផ្គង់ បាន​នៅ​ក្នុង​ខេត្ត និង​ការ​នាំ​ចេញ​»​។ លោក​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​ផល​នេសាទ​យើង​ទទួល​បាន​លើស ដែល​អាច​នាំ​ចេញ​ទៅ​ខេត្ត​ផ្សេង និង​នាំ​ចេញ​ទៅ​ខាងក្រៅ​។

យើង​ខ្វះ​តែ​បន្លែ និង​ស្រូវ ហើយ​ស្រូវ​ក្នុង មួយ​ឆ្នាំ​យើង​ខ្វះ​២​ម៉ឺន​តោន និង​បន្លែ​យើង​ខ្វះ​ច្រើន​មែនទែន​។ កាល​យើង​ពេល​បរទេស​ស្នាក់​នៅ ច្រើន​យើង​ប្រើប្រាស់​បន្ថែម​ប្រហែល​២០០​តោន​ក្នុង​មួយ​ថ្ងៃ​។ តែ​មក​ដល់​បច្ចុប្បន្ន​នេះ បន្លែ​យើង​ប្រើប្រាស់ ប្រហែល​១០០​តោន​។ បើ​តាម​តំណាង​ក្រុមហ៊ុន ហេង ហេង បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ធ្វើការ​ចិញ្ចឹម បង្គា​ធម្មជាតិ​លើ​ផ្ទៃដី ១០០​ហិ​កតា ដោយ​រៀបចំ​ជា​ស្រះ ប្រឡាយ​បង្ហូរទឹក​ចេញ​-​ចូល​បាន ២០% ដូច្នេះ​នៅ​សល់​ស្រះ​បង្គា​៨០​ហិ​កតា​។ ក្រុមហ៊ុន​ចាប់ផ្តើម​ចិញ្ចឹម​បង្គា​កាលពី​ខែមិថុនា ឆ្នាំ​២០១៩ រហូត​មក​ដល់​បច្ចុប្បន្ន​ទទួល​បាន​ផល​ជា​បណ្តើរ​ៗ​។

តំណាង​ក្រុមហ៊ុន​ដដែល​លើក​ឡើង​ថា ការ​ចិញ្ចឹម​កូន​បង្គា​នេះ មាន​រយៈពេល​៣​ខែ អាច​ប្រមូល​ផល​បាន​ហើយ ដោយ​ក្នុង​ផ្ទៃដី​មួយ​ហិ​កតា អាច​ប្រមូល​ផល​បង្គារ​បាន​ចាប់ពី ២,៥​តោន ទៅ​ជិត​៣​តោន ហើយ​ក្នុង​មួយ​ឆ្នាំ​អាច​ប្រមូល​ផល​បាន ៣​ដង​។ ក្រោយ​ពី​ការ​ប្រមូល​ផល​រួច​យើង​ត្រូវ​លាង​សម្អាត​ស្រះ ដើម្បី​ដាក់​កូន​បង្គារ​ថ្មី​ចូល​។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មាន​កន្លែង​ភ្ញាស់​កូន​បង្គា​ដោយ​ខ្លួនឯង​។ តំណាង​ក្រុមហ៊ុន​បញ្ជាក់​ថា បង្គារ​ដែល​កំពុង​ចិញ្ចឹម​សព្វ​ថ្ងៃនេះ សម្រាប់​តែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​តែ​ប៉ុណ្ណោះ មិន​ទាន់​បាន​ធ្វើការ​នាំ​ចេញ​ទេ ហើយ​នៅ​ពេល​ដែល​ការ​ចិញ្ចឹម​ផ្គត់ផ្គង់​ក្នុងស្រុក​សល់ ក្រុមហ៊ុន​នឹង​ធ្វើការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​»​។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​ថា « ការ​អភិវឌ្ឍ​ចិញ្ចឹម​បង្គា​នៅ​ខេត្ត​ព្រះ​សីហ​នុ​កន្លង​មក ខ្ញុំ​ក៏​បាន​ទៅ​ដល់​កន្លែង​នោះ​ដែរ ព្រោះ​ខ្ញុំ​ចង់ឱ្យ​កសិកម្ម​ចិញ្ចឹម​បង្គា​មួយ​នេះ​អាច​ផ្គត់ផ្គង់​ដល់​ខេត្ត​ព្រះ​សីហ​នុ ឬ​អាច​ផ្គត់ផ្គង់​សម្រាប់​កម្ពុជា​យើង​ទាំងមូល​»​។ លោក​អភិបាលខេត្ត​លើក​ឡើង​ថា «​គាត់​ធ្វើ​កសិដ្ឋាន យើង​ចាត់ទុកជា​កសិដ្ឋាន​គម្រូ​មួយ​ដែល​គាត់​បាន​ចំណាយ​ទុន​ក្នុង​ការ​ដក​ពិសោធន៍​ជា​បន្តបន្ទាប់ ហើយ​គាត់​មាន​លទ្ធភាព​អាច​ភ្ញាស់​កូន​បង្គា​បាន​ថែម​ទៀត​ដើម្បី​យក​ទៅ​ចិញ្ចឹម »​។

បើ​តាម​លោក​អភិបាលខេត្ត ក្នុង​មួយ​ឆ្នាំ​កសិករ​ធ្វើស្រែ​អាច​បាន​ប្រាក់​ប្រមាណ​១០០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​ផ្ទៃដី​មួយ​ហិ​កតា តែបើ​កសិករ​អភិវឌ្ឍ​ដី​ក្នុង​មួយ​ហិ​កតា​ដូច​គ្នា​អាច​រក​ប្រាក់​បាន​ពី​២​ទៅ​៣​ម៉ឺន​ដុល្លារ អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ដើម្បី​បាន​ប្រាក់​ច្រើន​បែប​នេះ​កសិករ​ត្រូវ​រៀន​ពី​របៀប​ចិញ្ចឹម ខណៈ​បច្ចុប្បន្ន​កម្ពុជា​នៅ​មានការ​នាំ​ចូល​បង្គា​មក​ពី​បរទេស​ច្រើន​៕ ដោយ ៖ ឡុ​ង​សា​រេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ