ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​អញ្ជើញ​អាជ្ញាធរ​ខេត្តកណ្តាល ឲ្យ​ចុះ​ពិនិត្យ​រួម​គ្នា ទីតាំង​តង់​នៅ​តាម​ព្រំដែន

3 ឆ្នាំ មុន
  • កណ្តាល

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ក្នុង​ខេត្ត​អាន​យ៉ាង An Giang របស់​ប្រទេស​វៀតណាម បាន​អញ្ជើញ​សម​ភាគី​ខេត្តកណ្តាល​ របស់ប្រទេសកម្ពុជា​ ឱ្យធ្វើ​អធិការកិច្ច​រួម​គ្នា នៅ​ឯ​តំបន់​ពុំ​ទាន់​កំណត់ព្រំដែន…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ក្នុង​ខេត្ត​អាន​យ៉ាង An Giang របស់​ប្រទេស​វៀតណាម បាន​អញ្ជើញ​សម​ភាគី​ខេត្តកណ្តាល​ របស់ប្រទេសកម្ពុជា​ ឱ្យធ្វើ​អធិការកិច្ច​រួម​គ្នា នៅ​ឯ​តំបន់​ពុំ​ទាន់​កំណត់ព្រំដែន ដែល​ទាហាន​វៀតណាម​បាន​រៀបចំ​បោះ​តង់ ។

បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​សរសេរ​នៅ​ថ្ងៃ​ទី​៩ មិថុនា ២០២០​នេះ​ថា «​ទោះ​យ៉ាងណា​មន្ត្រី​កម្ពុជា មិន​បាន​ឆ្លើយ​តប​ជា​ផ្លូវការ ចំពោះ​ការ​អញ្ជើញ​នេះ​ទេ​» ។

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក វ៉ូ ក្វា​ង មិ​ញ Vu Quang Minh បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដែរ​ថា អាជ្ញាធរ នៅ​ក្នុង​ខេត្ត​អាន​យ៉ាង បាន​ផ្ញើ​លិខិត​អញ្ជើញ​មួយ ទៅ​កាន់​សម​ភាគី​កណ្តាល​របស់​ខ្លួន ឲ្យ​ធ្វើ​អធិការកិច្ច​រួម​គ្នា នៅ​លើ​ដី​នៅ​តំបន់​ដែល​តង់​ត្រូវ​បាន​បង្កើត​ឡើង ។ លោក​ថា អាជ្ញាធរ​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ខេត្តកណ្តាល ។

សូម​ជម្រាប​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ក្រសួងការបរទេស​ខ្មែរ បាន​កោះហៅ​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា មក​ប្រាប់​ពី​រឿងរ៉ាវ​ដែល​យោធា​វៀតណាម​បោះ​តង់​ជា​ច្រើន​កន្លែង នៅ​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា និង​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ទាំងនោះ​ចេញ​ជា​បន្ទាន់ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុជា ។

«វៀត​ណាម​ទទួលស្គាល់​កន្លែង​ដែល​កងទ័ព​បោះ​តង់​ជា​កន្លែង​មិន​ទាន់​ដោះស្រាយ​​រួច​»
លោក ផៃ​ស៊ី​ផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​អគ្គ​ស្ថាបនិក​នៃ​ការ​នាំ​សន្តិភាព​បាន​ប្តេជ្ញា​ជា​ដាច់ខាត​ក្នុង​ការ​រក្សា​ការពារ​នូវ​សន្តិភាព​ដែល​ជា​អាយុជីវិត​របស់​កម្ពុជា ។

អ្នកនាំពាក្យ​បាន​បន្ត​ថា ៖ «​ខ្ញុំ​សូម​ជម្រាប​ពី​បញ្ហា​មួយ​អំពី​ការ​បោះ​តង់ នៅ​ក្នុង​ខេត្តកណ្តាល ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ខេត្ត​អាងយ៉ាង​របស់​វៀតណាម ខ្ញុំ​ឃើញ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា មានការ​បោះបង់​ពី​ភាគី​វៀតណាម ខ្ញុំ​ជម្រាប​ថា​ក្រសួងការបរទេស​កម្ពុជា កំពុង​តតាំង​ផ្នែក​ការទូត ហើយ​ទទួល​បាន​ផល​វិជ្ជមាន ។ ក៏​ប៉ុន្តែ ក្នុង​ន័យ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ គោរព​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ដោះស្រាយ​ព្រំដែន​កម្ពុជា បាន​ធ្វើ​ជា​បន្តបន្ទាប់​ជា​វិជ្ជមាន​ធំ ដោយ​ភាគី​វៀតណាម​បាន​ទទួលស្គាល់​កន្លែង​ដែល​បោះ​តង់​នោះ ជា​កន្លែង​ឯកភាព​គ្នា​មិន​ទាន់​ដោះស្រាយ​បញ្ចប់​នោះ​ទេ ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ដដែល​ក៏​បាន​ស្នើ​សុំ​អ្នក​សារព័ត៌មាន​កុំ​និយាយ​ថា​តំបន់​ដែល​មិន​ទាន់​ដោះស្រាយ​នោះ​ជា​តំបន់​«​ស​» ព្រោះថា កម្ពុជា​គ្មាន​តំបន់​«​ស​»​អ្វី​នោះ​ទេ​ជាមួយ​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា ។ យើង​កំពុងធ្វើការ​ស្របច្បាប់​តាម​រយៈ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុ​ជាមួយ​វៀតណាម​ក្នុង​ការ​រៀបចំ​បោះបង្គោល​ព្រំដែន​សីមា ​។

អ្នកនាំពាក្យ​បញ្ជាក់​ថា​៖ «​យើង​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ង​ក្នុង​ន័យ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​កម្រិត​ខ្ពស់​រវាង​លោក​ឧ​បក​នាយក​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន ជាមួយ​សម​ភាគី​វៀតណាម ។ យើង​កំពុង​ជជែក​គ្នា​ផ្នែក​ការទូត ដូច្នេះ​អ្វី​ៗ​នោះ​យើងខ្ញុំ​សូម​ជម្រាប​ថា​ការ​ដោះស្រាយ​បញ្ហា ព្រំដែន មាន​តែ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា វៀតណាម ដែល​ជា​អ្នក​ទទួល​បាន​ដែន សមត្ថ កិច្ច​ក្នុង​ការ​ទទួលខុសត្រូវ​ចំពោះ​រឿង​ព្រំដែន​»​។

លោក ផៃ ស៊ី​ផា​ន​ក៏​បាន​លើក​ឡើង​ថា​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា វៀតណាម​ភាគី កម្ពុជា​ដឹកនាំ​ដោយ​លោក​ទេស រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ហើយ​ការ​ដោះស្រាយ​ផ្នែក ការទូត​គឺ​លោក​ឧ​បក​នាយក​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន ជា​អ្នក​ដោះស្រាយ រឿង​បញ្ហា​នេះ​។

បើ​តាម​លោក​ផៃ ស៊ី​ផា​ន បាន​អះអាង​ថាបើ​តាម​គោលការណ៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មិន​យក​ព្រឹត្តិការណ៍​បង្ករ​ឲ្យ​មាន​ជម្លោះ​រវាង​ប្រជាជាតិ និង​ប្រជាជាតិ​នោះ​ទេ ។ គឺ​រក្សា​គោលការណ៍​ដោះស្រាយ​បញ្ហា​ដែល​ទទួលស្គាល់​ដូច​គ្នា ។ ភាគី​វៀតណាម​បាន​ទទួល​តំបន់ ដែល​កងទ័ព​វៀតណាម​បោះបង់​នោះ​គឺជា​តំបន់​មិន​ទាន់​ដោះស្រាយ​គ្នា​រួច​សម្រេច​នោះ​ទេ​។ ហើយ​ភាគី​កម្ពុជា និង​វៀតណាម​កំពុង​បង្កើត​គណៈ​កម្ម ការ​ដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ដែល​បាន​អះអាង​តាម​រយៈ​ដោះស្រាយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​វិជ្ជមាន ភាគី​កម្ពុជា និង​វៀតណាម​បាន​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​គ្នា​ទទួល​បាន​កិច្ច​សហ​វិជ្ជមាន​មិន​ដែល​មាន​របស់​កម្ពុជា​កន្លង​មក​ទេ ប៉ុន្តែ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​កិច្ច​បោះបង្គោល​ព្រំដែន​បាន​ជាង​៨០​ភាគរយ​លើក​ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម​ផង​ដែរ​។

សូម​ជម្រាប​ថា​កាលពី​ពេល​កន្លង​មកនេះ ភាគី​វៀតណាម​បាន​បោះ​តង់​ចំនួន ៣១​កន្លែង នៅ​ជា​ព្រំដែន​ស្រុក​លើក​ដែក និង​ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​នេះ​ជា​តំបន់​មិន​ទាន់​ឯកភាព​គ្នា លើ​ខ្សែបន្ទាត់​ព្រំដែន​នៅឡើយ​ទេ ។ ហើយ​ការ​បោះ​តង់​របស់​ភាគី​វៀតណាម​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ