ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន! លោក វ៉ា​ត់ ចំរើន ចេះ​ក្បាច់​គុន​ដល់​ទៅ​6 ខណៈ​ការ​តស៊ូ​ក៏​មិន​ធម្មតា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក លោក វ៉ា​ត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយសារ​តែ​លោក​មិន​គ្រាន់តែ​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​វិស័យ​កីឡា​ឱ្យ​មាន​សន្ទុះ​នា​ពេល​ចុង​ក្រោយ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​សមត្ថភាព​ផ្នែក​កីឡា​គួរ​ឱ្យ​សរសើរ​ផង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក លោក វ៉ា​ត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយសារ​តែ​លោក​មិន​គ្រាន់តែ​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​វិស័យ​កីឡា​ឱ្យ​មាន​សន្ទុះ​នា​ពេល​ចុង​ក្រោយ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​សមត្ថភាព​ផ្នែក​កីឡា​គួរ​ឱ្យ​សរសើរ​ផង​ដែរ​។

យោង​តាម​កិច្ច​សម្ភាសន៍​នោះ លោក វ៉ា​ត់ ចំរើន ចេះ​ស្ទាត់​នូវ​ក្បាច់គុន​សំខាន់​រហូត​ដល់​ទៅ​៦​ប្រភេទ​​ផ្សេង​គ្នា ។ អ្វី​ដែល​គួរ​សរសើរ​គឺ​ក្បាច់គុន​ទាំងនោះ​សុទ្ធតែ​ពិបាក​ហ្វឹកហាត់ ដែល​ទាមទារ​ឱ្យ​មានការ​ព្យាយាម​ខ្លាំង ហើយ​ក៏​មិន​មាន​ច្រើន​នាក់​ដែរ​ដែល​អាច​បាន​ដូច​លោក​នោះ​។

ក្បាច់គុន​ទាំងនោះ​រួម​មាន​៖ កា​រ៉ា​តេ ៧​ដាន់​, យូ​ដូ ៣​ដាន់ , ចំបាប់​កម្រិត​អូ​ឡាំ​ពិ​ក​, ហាប់​គី​ដូ​, ប្រដាល់សេរី និង​តេ​ក្វា​ន់​ដូ ITF ។ ក្បាច់គុន​ទាំងនោះ ត្រូវ​លោក វ៉ា​ត់ ចំរើន អះអាង​ថា​បាន​ហាត់​ដោយ​គ្មាន​មហិច្ឆតា​ធ្វើ​ជា​កីឡាករ​នោះ​ទេ ដោយ​លោក​ប្រឹងប្រែង​ហ្វឹកហាត់​ដោយ​សារ​តែ​ចង់​​ការពារ​ខ្លួន និង​ចង់​សងសឹក​ចំពោះ​ក្មេង​ៗ​ដែល​តែងតែ​វាយ​ធ្វើបាប​លោក​ក្នុង​ពេល​លោក​​នៅ​ជា​កុមារភាព​ប៉ុណ្ណោះ ។

លោក​ថា​ហេតុផល​ដែល​លោក​មានឱកាស​ហ្វឹកហាត់​រហូត​ចេះ​ស្ទាត់​នូវ​ក្បាច់គុន​ខាងលើ គឺ​ដោយសារ​តែពេល​លោក​ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ណា ក៏​សម្ងំ​ហ្វឹកហាត់​នៅ​ប្រទេស​ហ្នឹង ព្រោះតែ​ស្រឡាញ់ និង​ចង់​អភិវឌ្ឍន៍​ខ្លួន ។ ក្នុង​ចំណោម​ក្បាច់គុន​ទាំង​៦ លោក​ក៏​ទទួល​បាន​សញ្ញាបត្រ​អនុ​បណ្ឌិត​ផ្នែក​គ្រប់គ្រង​រដ្ឋបាល​វិស័យ​កីឡា ពី​សាកលវិទ្យាល័យ​មួយ​នៅ​សហ​រដ្ឋអាមេរិក និង​ត្រូវ​បាន​ទទួលស្គាល់​ពី​សំណាក់​អ្នកឯកទេស​ផ្នែក​កីឡា​នៅ​ក្នុង​កម្រិត​អន្តរជាតិ​នោះ​ផង ។

លោក​ថា លោក​ចេះ កីឡា​យូ​ដូ កា​រ៉ា​តេ ចំបាប់ហាប់​គី​ដូ ប្រដាល់សេរី និង​តេ​ក្វា​ន់​ដូ ITF មិនមែន​គ្រាន់តែ​យល់​ដឹង​ប៉ុណ្ណោះ​ទេ គឺ​ប្រើ​ការ​បាន ខណៈ​ដែល​កីឡា​ខ្លះ គឺ​លោក​ចេះ​ដល់​កម្រិត​មានការ​ទទួលស្គាល់ មុន​ពេល​លោក​បាន​ក្លាយជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​នៅ​ក្នុង​ពេល​នេះ ។ ជាក់ស្ដែង កម្រិត​កីឡា​ចំបាប់​របស់​លោក គឺ​លោក​ចេះ​ក្នុង​កម្រិត​កីឡាករ​អូ​ឡាំ​ពិ​ក ។

រីឯ​កីឡា​កា​រ៉ា​តេស្ថិត​ក្នុង​កម្រិត​៧​ដាន់ ហើយ​ហេតុផល​ដែល​លោក​នៅ​តែ​បន្ត​ហ្វឹកហាត់​កីឡា​ផ្សេង​​ទៀត រហូត​ចេះ​ស្ទាត់​ដល់​៦​កីឡា គឺ​ដោយសារ​តែ​លោក​ចង់​ស្វែង​យល់​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​កីឡា​ទាំងនោះ​។

លោក វ៉ា​ត់ ចំរើន បន្ត​ថា មក​ទល់​បច្ចុប្បន្ន​លោក​នៅ​តែ​អាច​បន្ត​ប្រើ​ជំនាញ​កីឡា​នោះ​បាន បើ​ទោះ​ជា​លោក​មមាញឹក​នឹង​ការងារ​ផ្សេង ហើយ​មិនសូវ​មាន​ពេល​ហ្វឹកហាត់ ។ នោះ​គឺដោយសារ​តែ​លោក​បំពេញការងារ​ជាមួយ​កីឡាករ​ជា​ប្រចាំ ដែល​ត្រូវ​ទាមទារ​ឱ្យ​លោក​មាន​ភាព​រហ័សរហួន និង​ហ្វឹកហាត់​ផ្ទាល់ខ្លួន​ខ្លះ​ៗ មិន​បាន​បោះបង់​ចោល​ទាំងស្រុង​នោះ​ទេ ។ ម្យ៉ាង​មក​ពី​លោក​ស្រឡាញ់​នៅ​ក្នុង​វិស័យ​នេះ​ផង ទើប​លោក​នៅ​តែ​បន្ត​ស្វែង​យល់ ហើយ​បន្ត​អភិវឌ្ឍន៍​ខ្លួន​ដើម្បី​បោះ​ជំហាន​ទៅ​មុខ ។

លោក​ថា ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​កីឡាករ ឬ​ដឹកនាំ បើសិនជា​លោក​មិន​យល់​ដឹង​ពី​ក្បាច់គុន​នីមួយ​ៗ​ទេ គឺ​ពិតជា​ពិបាក​ក្នុង​ការ​កែ​កំហុសឆ្គង​របស់​កីឡាករ​នៅ​ពេល​ដឹកនាំ​ការ​ប្រកួត​ម្ដង​ៗ ទើប​លោក​យល់​ថា ការ​ខ្នះខ្នែង​របស់​ខ្លួន​នា​ពេល​កន្លង​មក គឺជា​រឿង​ដែល​មាន​ប្រយោជន៍ ។ ជំហរ​របស់​លោក ក៏​ធ្វើ​ឱ្យ​មានការ​សរសើរ និង​ស្ញប់ស្ញែង​មិន​តិច​នោះ​ដែរ ជា​ពិសេស​នៅ​ពេល​លោក​បាន​ទម្លាយ​ឱ្យ​ដឹង​ពី​ចំណេះ​ជំនាញ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ