ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ស៊ើបអង្កេត​ព័ត៌មាន​បាត់​ខ្លួន​សកម្មជន​ថៃ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ មិថុនា ២០២០​នេះ បាន​បដិសេធ​ថា ពុំ​បាន​ចាប់ ឬ​អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន​អាវ​ក្រហម​ថៃ​ម្នាក់​ឈ្មោះ វ៉ា​ន់​ឆា​ឡឹម…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ មិថុនា ២០២០​នេះ បាន​បដិសេធ​ថា ពុំ​បាន​ចាប់ ឬ​អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន​អាវ​ក្រហម​ថៃ​ម្នាក់​ឈ្មោះ វ៉ា​ន់​ឆា​ឡឹម សាត​ស័ក្តិ​សិទ្ធ (Wanchalearm Satsaksit) នោះ​ទេ ហើយ​សមត្ថកិច្ច​កម្ពុជា​កំពុងធ្វើការ​ស៊ើបអង្កេត​ចំពោះ​ព័ត៌មាន​មួយ​នេះ ដែល​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​ជនជាតិ​ថៃ​រូប​នេះ ។

លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អ្នកនាំពាក្យ​នគរបាល​ជាតិ បានអោយ​ដឹង​ថា សមត្ថកិច្ច​កម្ពុជា បដិសេធ​ចំពោះ​ការ​ចាប់ខ្លួន​ជនជាតិ​ថៃ​ឈ្មោះ វ៉ា​ន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធិ ព្រោះ​សមត្ថកិច្ច​កម្ពុជា​មិន​បាន​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​រូប​នេះ​ទេ ។ ដោយឡែក​វី​ដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព ពាក់ព័ន្ធ​នឹង​បុគ្គល​រូប​នេះ សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ ។

សូម​ជម្រាប​ថា លោក វ៉ា​ន់​ឆា​ឡឹម សាត​ស័ក្តិសិទ្ធិ Wanchalearm Satsaksit អាយុ​៣៧​ឆ្នាំ គឺជា​សកម្មជន​ម្នាក់ និង​មាន​ទំនាក់ទំនង​នយោបាយ​ជាមួយ​ក្រុម​អាវ​ក្រហម បាន​ភៀសខ្លួន​មក​កាន់​កម្ពុជា នៅ​ក្រោយ​រដ្ឋប្រហារ​យោធា នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ខែឧសភា ២០១៤ និង​បន្តសកម្មភាព​នយោបាយ​ខណៈ​ពេល​កំពុង​និរទេស​ខ្លួន ដោយ​តែងតែ​ធ្វើ​អត្ថាធិប្បាយ​រិះគន់​រដ្ឋាភិបាល​ថៃ នៅ​លើ​បណ្តាញ​សង្គម ។ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចេញ​ដីកា​តាម​ចាប់ខ្លួន កាលពី​ខែមិថុនា ២០១៨ ពី​បទ​រំលោភ​លើ​ច្បាប់​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​របស់​ប្រទេស​ថៃ ។

កាសែត​ថៃ បាន​ផ្សាយ​ថា លោក វ៉ា​ន់​ឆា​ឡឹម សាត​ស័ក្តិសិទ្ធិ ត្រូវ​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​ជិត​៥​ល្ងាច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ មិថុនា ២០២០ ដាក់​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​ម៉ាក នៅ​មុខ​ខុន​ដូ​មួយ ដែល​សកម្មជន​រូប​នេះ​ស្នាក់​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ បុគ្គលិក​ខាង​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​ថា ពួក​គេ​មិន​មាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​បាត់​ខ្លួន​លោក វ៉ា​ន់​ឆា​ឡឹម សកម្មជន​ថៃ​ដែល​រិះគន់​រដ្ឋាភិបាល​ថៃ​នោះ​ទេ ។

ចំណែកឯ​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានអោយ​ដឹង​កាលពី​ព្រលប់​ថ្ងៃ​ទី​៨ មិថុនា ថា ក្រសួងការបរទេស​កម្ពុជា ក៏​បាន​ទទួល​កំណត់​ទូត​ពី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ដោយ​បាន​សាកសួរ​អំពី​ព័​ត៍​មាន​ចាប់ខ្លួន​លោក វ៉ា​ន់​ឆា​ឡឹម សាត​ស័ក្តិសិទ្ធិ ហើយ​ខាង​ទូត​ថៃ​ក៏​បាន​ចោទសួរ​ថា ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​អំពី​ការ​ចាប់ខ្លួន​នោះ​ពិត ឬ​មិន​ពិត ? ហើយ​សុំ​ឲ្យ​ខាង​អាជ្ញាធរ​កម្ពុជា​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ថា​មាន​ជនជាតិ​ថៃ​ត្រូវ​បាន​ចាប់ខ្លួន​ហ្នឹង ។

លោក កុយ គួ​ង បាន បន្ត​ថា ទាក់ទង​ការ​តវ៉ា នៅ​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ គឺ​ក្រុម​អ្នក​តវ៉ា បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត ដើម្បី​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ថា តើ​អ្នក​ដែល​ចាប់ខ្លួន​នៅ​ទីណា ? ក្រុម​អ្នក​តវ៉ា បាន​អះអាង​ថា ពួក​គេ​ដឹង​តាម​បណ្តាញសារព័ត៌មាន​ផ្សេង​ៗ​ថា មានការ​ចាប់ខ្លួន​លោក វ៉ា​ន់​ឆា​ឡឹម សាត​ស័ក្តិសិទ្ធិ ។

កាលពី​ថ្ងៃអាទិត្យ បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ថា ក្រុម​គ្រួសារ​របស់​សកម្មជន​ថៃ លោក​វ៉ា​ន់​ឆា​ឡឹម បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ និង​ស្ថាប័ន​អន្តរជាតិ ជួយ​ស្វែងរក​សកម្មជន​ថៃ ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ។

កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​ច័ន្ទ បាន​ផ្សាយ​ដែរ​ថា ប្រជាជន​ថៃ​មួយ​ក្រុម ដែល​គាំទ្រ​សកម្មជន​រូប​នោះ បាន​តវ៉ា​នៅ​មុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ផង​ដែរ ដោយ​មាន​កាន់​ក្រដាស​បង្ហាញ​សារ​ថា ជួយ​ដល់​សកម្មជន វ៉ា​ន់​ឆា​ឡឹម ។ ពួក​គេ​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ជួយ​ស្វែងរក​សកម្មជន ដែល​បាត់​ខ្លួន​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ