ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​និង​​ចៅរង​គ្រោះ​ដោយ​អគ្គី​ភ័យឆេះផ្ទះ​ ​ទទួល​​បាន​អំណោយ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោកយាយ ខឹ​ម យ៉ុ​ង អាយុ​៧៦​ឆ្នាំ រស់នៅ​ជាមួយ​ចៅស្រី ក្នុងភូមិ​ទី​៥ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ លោកយាយ ខឹ​ម យ៉ុ​ង អាយុ​៧៦​ឆ្នាំ រស់នៅ​ជាមួយ​ចៅស្រី ក្នុងភូមិ​ទី​៥ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដែល​បាន​រង​គ្រោះ​ដោយ​គ្រោះ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​អស់​១​ខ្នង​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ បាន​ទទួល​អំណោយ​ពី​អាជ្ញាធរ សប្បុរ​ជន និង​ថ្នាក់ដឹកនាំ​ជា​បន្តបន្ទាប់ ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០ លោក យិ​ន សា​វេន អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ដឹកនាំ​មន្ត្រីរាជការ​ចុះ​សាកសួរ​សុខទុក្ខ​និង​ផ្តល់​អំណោយ ជូន​លោក​រង​គ្រោះ ដែល​ក្នុង​មាន អង្ករ​៥០​គីឡូ​ក្រាម មី​១​កេស សៀង​ដប​១​យួរ ទឹកស៊ីអុី​វ​១​យួរ ឃី​ត​០១​កញ្ចប់ ថវិកា ២០​ម៉ឺន​រៀល និង​ស័ង្កសី​ចំនួន​៣០​សន្លឹក ជា​អំណោយ​របស់​លោក ប៊ុ​ន ម៉េ​ង អាជីវករ​ក្រុង​កំពង់ឆ្នាំង​។

ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ លោក​ជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា ប្រធាន​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ខេត្តកំពង់ឆ្នាំង អមដំណើរ​ដោយ លោក ថោ​ង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​និ​តិ​សម្បទា​ខេត្ត បាន​នាំ​យក​នូវ​អំណោយ​ជូន​លោកយាយ​ផង​ដែរ ដែល​អំណោយ​ទាំងនោះ​រួម​មាន ទឹកត្រី​១​យួរ មី​១​កេស ក្រមា​១ អង្ករ​២០​គីឡូ ទឹក​សុទ្ធ​១​យួរ សា​រ៉ុ​ង​២ សាប៊ូ​៤​ដុំ សៀវភៅ​២០​ក្បាល ប៊ិ​ច​១០​ដើម និង​ថវិកា ៤៥​ម៉ឺន​រៀល​។

នៅ​ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​លោកយាយ​ ខឹ​ម យ៉ុ​ង អាយុ​៧៦​ឆ្នាំ ដែល​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នោះ​ដែរ ​លោក​ជំទាវ តុង ណា​រី ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក​យាយ សូម​ពង្រឹងស្មារតី ខិតខំ​មើលថែ​​ចៅស្រីជា​បន្ត​ទៀត សូម​កុំ​មានការ​ព្រួយ​បារ​ម្ភ អាជ្ញាធរ​មូលដ្ឋាន​នឹង​ស្វះ​ស្វែងរក​ជំនួយ​មក​ជួយ​សាងសង់​លំនៅ​ដ្ឋា​ន​ជូន​លោកយាយ​វិញ​ហើយ ។​ ​លោកយាយ​​ត្រូវ​​ជំរុញ​ចៅ​ឱ្យ​ខិតខំ​រៀនសូត្រ យកចំណេះ​ដឹង ដើម្បី​អនាគត ទៅ​ថ្ងៃ​មុខ និង​សូម​លោកយាយ និង​ចៅស្រី​ធ្វើ​អនាម័យជា​ប្រចាំ ដោយលាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល ដើម្បី​ចៀស​វាង​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ។

សូម​រំ​លឹ​កថា​​ ផ្ទះ​លោកយាយ ខឹ​ម យ៉ុ​ង មាន​ទំហំ​៤​គុណ​៥​ម៉ែត្រ ធ្វើ​អំ​ពី​ឈើ ប្រក់​ដំបូល​ស្លឹក និង​បាំង ជញ្ជាំង​ស្លឹក ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង ៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០ ដោយសារ​ឆ្លង​ចរន្ត​អគ្គី​ស​នី ។ ចំពោះ​ទ្រព្យសម្បត្តិ​ខូចខាត​មាន ផ្ទះ​១​ខ្នង ប្រាក់​១​លាន​រៀល កង់​២​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ