ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករអង់គ្លេសម្នាក់​ថា​ជំងឺ​រាតត្បាត​បច្ចុប្បន្ន​គឺ​ការ​រើសអើង​ជាតិ​សាសន៍​ដែល​ត្រូវ​ប្រយុទ្ធ​ប្រឆាំង

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ​អង់គ្លេស Raheem Sterling របស់​ក្រុម Manchester City បាន​គាំទ្រ​ការ​តវ៉ា ដែល​កើតឡើង​នៅ​ពាសពេញ​ចក្រភព​អង់គ្លេស…

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ​អង់គ្លេស Raheem Sterling របស់​ក្រុម Manchester City បាន​គាំទ្រ​ការ​តវ៉ា ដែល​កើតឡើង​នៅ​ពាសពេញ​ចក្រភព​អង់គ្លេស ដោយ​បាន​និយាយ​ថា «​ការ​រើសអើង​ជាតិ​សាសន៍​គឺជា ជំងឺ​រាតត្បាត​នា​ពេល​បច្ចុប្បន្ន ដែល​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំង​»​។

ជម្រាប​ជូន​ថា មនុស្ស​រាប់​ពាន់​នាក់​បាន​ចូលរួម​ក្នុង​ការ​ដើរ​ក្បួន​តវ៉ា ដែល​គេ​ឱ្យឈ្មោះ​ថា Black Lives Matter នៅ​ចក្រភព​អង់គ្លេស ទោះបីជា​មានការ​ព្រមាន​ពី​រដ្ឋាភិបាល ដើម្បី​ចៀសវាង​ការ​ប្រមូលផ្តុំ​គ្នា​ច្រើន អំឡុង​ពេល​មាន​វីរុស​កូ​វី​ដ​-១៩ យ៉ាងណា​ក៏​ដោយ​។

ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង London, Bristol, Manchester, Wolverhampton, Nottingham, Glasgow និង Edinburgh បន្ទាប់​ពី​មរណភាព​របស់​បុរស​ស្បែក​ខ្មៅ George Floyd ។

រំលឹក​ថា លោក George Floyd អាយុ ៤៦​ឆ្នាំ​បាន​បាត់បង់​ជីវិត អំឡុង​ពេល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា នៅ​ទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក បន្ទាប់​ពី​ប៉ូលិស​ម្នាក់​បាន​សង្កត់ក រហូត​ដល់​ដាច់ខ្យល់​ស្លាប់​។ ចាប់តាំងពី​ពេល​នោះ​មក​បាតុកម្ម និង​កុបកម្ម​បាន​ផ្ទុះ​ឡើង​ខ្លាំង​នៅ​សហរដ្ឋអាមេរិក និង​បាន​រាលដាល​ដល់​ប្រទេស​មួយ​ចំនួន​ផ្សេង​ៗ​ទៀត ក្នុង​នោះ​រួម​ទាំង​ចក្រភព​អង់គ្លេស​ផង​ដែរ​។

Raheem Sterling បាន​ថ្លែងប្រាប់ BBC ថា «​នេះ​គឺជា​រឿង​ដ៏​សំខាន់​បំផុត​នៅ​ពេល​នេះ ព្រោះ​វា​ជា​អ្វី​ដែល​កំពុង​កើតឡើង​រាប់​ឆ្នាំ និង​ច្រើន​ឆ្នាំទៅ​មុខ​ទៀត ។ វា​ប្រៀប​ដូច​គ្នា​នឹង​ជំងឺ​រាតត្បាត​ដែរ (COVID-19) ដែល​យើង​ត្រូវ​តែ​រក​ដំណោះស្រាយ ដើម្បី​បញ្ឈប់​វា​»​។

ខ្សែប្រយុទ្ធ​វ័យ ២៥​ឆ្នាំ​ដដែល​បាន​បន្ត​ទៀត​ថា «​អ្វី​ដែល​ក្រុម​អ្នក​តវ៉ា​ទាំងអស់​កំពុង​ធ្វើ​គឺ ព្យាយាម​រក​ដំណោះស្រាយ និង​វិធី​ដើម្បី​បញ្ឈប់​ភាព​អយុត្តិធម៌​ដែល​ពួក​គេ​បានឃើញ ហើយ​ពួក​គេ​កំពុង​តស៊ូ​ដើម្បី​បុព្វហេតុ​របស់​ពួក​គេ​»​។

សូម​បញ្ជាក់​ថា កីឡាករ Raheem Sterling ក៏​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ស្បែក​ខ្មៅ​ដទៃ​ទៀត​ដែរ ដែល​តែងតែ​ទទួល​បាន ការ​រើសអើង​ជាតិ​សាសន៍​ពី​អ្នកគាំទ្រ​ក្រុម​ម្ខាង​ទៀត អំឡុង​ពេល​មានការ​ប្រកួត​៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ