ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ដំរី​ជាន់​ខ្លា​» ​បាត់​រូប ​«​ព្រះ​រាម​»​ នៅ​ជិត​​នោះ​ទៅ​ហើយ តើ​មាន​ប្រវត្តិ​បែប​ណា?

3 ឆ្នាំ មុន
  • កំពង់ធំ

រូបសំណាក​ «​ដំរី​ជាន់​ខ្លា​» ខេត្តកំពង់ធំ បើ​តាម​ឯកសារ​របស់​លោក​អ៊ុ​ម សុខ អតីត​ប្រធាន​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​កសាង​នៅ​ឆ្នាំ​១៩៦៥ ។ រូប​នេះ​សាង​ដោយ​លោកពូ…

រូបសំណាក​ «​ដំរី​ជាន់​ខ្លា​» ខេត្តកំពង់ធំ បើ​តាម​ឯកសារ​របស់​លោក​អ៊ុ​ម សុខ អតីត​ប្រធាន​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​កសាង​នៅ​ឆ្នាំ​១៩៦៥ ។ រូប​នេះ​សាង​ដោយ​លោកពូ តុង​ហាវ អភិបាលខេត្ត ។

១.​រូបសំណាក​ដំរី​ជាន់​ខ្លា និង​ទីតាំង
រូបសំណាក​ដំរី​ជាន់​ខ្លា ធើ្វ​អំពី​ស៊ីម៉ង់ត៍​លាប​ពណ៌​ខ្មៅ មាន​កម្ពស់ និង​មាឌ​ប្រហាក់ប្រហែល ដំរី​ពិត ខ្លា ពិត​ដែរ ។ រូប​នេះ​ដាក់​តាំងនៅ ដោយ​មាន​ជើង​មុខ​ខាងស្តាំ​របស់​ដំរី​ជាន់​លើ​ពោះ​ខ្លា​ដែល​ដេក​ផ្ងារ ហើយ​ជើង​ខ្លា​ទាំង​បួន​នោះ​ស្រវា​ចាប់​ជើងដំរី​ជាប់​ស្អិត​ជា​របៀប​កំពុង​ប្រយុទ្ធ​គ្នា ។ សត្វ​ខ្លា​មួយទៀត នៅ​ពីលើ​ខ្នង​ដំរី​នៅ​ផ្នែក​ខាងក្រោយ ហើយ​ជើង​ទាំង​បួន​របស់​វា​ខ្ញាំ​ខ្នង​ដំរី ធើ្វ​ឲ្យ​ដំរី​ភិត​ភ័​យ​បាត់បង់ ម្ចាស់​ការ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​សត្វ​ខ្លា​មួយគូ​នេះ ។ ដំរី​បែរមុខ​ឆ្ពោះទៅ​ទិស​និរតី​ក្នុង​អាការ​ស្លន់ស្លោ ពន់ប្រមាណ ។

រូបសំណាក​ប្រកបដោយ​សិល្បៈ​កម្រិត​ខ្ពស់​នេះ គឺ​ស្ថិត​នៅ​ក្នុងភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

សូម​បញ្ជាក់​ថា ឈ្មោះ​ភូមិ សង្កាត់​នេះ​ទើបតែ​កើត​មាន​ក្រោយ ដែល​មាន​រូបសំណាក​ដំរី​ជាន់​ខ្លា​ហើយ​ទេ គឺ​គេ​យកឈ្មោះ​រូបសំណាក​ដំរី​ជាន់​ខ្លា​នេះ​មក​ដាក់​ជា​និមិត្តរូប​នៃ​ភូមិ សង្កាត់​នេះ ។ ថ្វីបើ​រូបសំណាក​នេះ​កើត​មាន​ពី​ឆ្នាំ ១៩៦៥ តែ​ឈ្មោះ​ភូមិ សង្កាត់​នេះ ទើប​មាន ឈ្មោះ​ដូច្នេះ​ក្រោយ​ថ្ងៃ​៧ មក​រា ឆ្នាំ ១៩៧៩ ប៉ុណ្ណោះ ។

មុន​ថ្ងៃ​៧ មក​រា ភូមិ​នេះ ឈ្មោះ​ថា ភូមិ​ត្បូង​ចាម ដូច​ឈ្មោះ​ស្ពាន​ត្បូង​ចាម​ដែរ​។ ទីតាំង​តម្កល់​រូបសំណាក​នេះ​នៅ​ត្រង់​កន្លែង​សួនច្បារ​មួយ ដែល​មាន​សណ្ឋាន​រាង​ច្រមុះជ្រូក​ជាប់​ថ្នល់ជាតិ​លេខ​៦ គឺជា​ក​នែ្ល​ង​កម្សាន្ត​លំហែកាយ ។

២.​កាលបរិច្ឆេទ និង​ស្នាដៃ
តាម​ការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា រូបសំណាក​ដំរី​ជាន់​ខ្លា​នេះ​កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៦៥ ដោយ​សិល្បករ​ដ៏​ចំណាន​នៃ​សាលា​រចនា​ខ្មែរ បច្ចុប្បន្ន​នេះ​ឈ្មោះ​ថា សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រោម​ការ​ណែនាំ និង​ឧបត្ថម្ភ​របស់​លោកពូ តុង​ហាវ ដែល​ជា​ពុទ្ធសាសនិកជន​មួយ​រូប​និយម​ការ​កសាង​វិស័យ​សិល្បៈ និង​វប្បធម៌​របស់​ជាតិ ។

៣. ទស្សនៈ ផ្សេង​ៗ
ដំរី​ជាន់​ខ្លា មិន​គ្រាន់តែ​សម្រាប់​លម្អ​កែវភ្នែក​មនុស្ស​ទូទៅ ឬ​ធើ្វ​ឡើង​ដើម្បី​ធើ្វ​ប៉ុណ្ណោះ​ទេ ប្រាកដ​ជា​​លោក​រំឭក​ដល់​បុព្វ​កាល​នៃ​ទឹកដី​របស់​ខេត្ត​លើ​វិស័យសេដ្ឋកិច្ច និង​វប្បធម៌ បរិស្ថាន​កន្លង​មក ដោយ​ជាក់ស្តែង​បន្ទាប់​ពី​ការ​បរាជ័យ​គ្រប់​សមរភូមិ​របស់​ក្រុង​រាពណ៍​នៅ​ក្រុង​លង្កា និង​សេនា​ពល ក្នុង​នោះ​ក៏​មាន​ស្តេច​ហនុមាន​ផង​ដែរ ។

ក្រុង​រាពណ៍ បាន​ចាត់តាំង​កូនប្រុស​របស់​ខ្លួន​ឈ្មោះ​ឥន្ទ្រជិត ឲ្យ​ដឹកនាំ​ពួក​យក្ស​ដ៏​ច្រើន​មហិមា​ទៅ​តយុទ្ធ​ជាមួយ​ព្រះ​រាម និង​ព្រះ​ល័​ក្ស្ម​ណ៍ ។ ក្នុង​ការ​ប្រយុទ្ធ​គ្នា​លើក​នេះ ឥន្ទ្រជិត ក៏​ត្រូវ​បរាជ័យ​ទៀត ។ ឯ​ពួក​យោធា​ក៏​ស្លាប់​វិនាស​អន្តរាយ​ស្ទើរតែ​អស់ ឃើញ​ដូច្នេះ​ឥន្ទ្រជិត​ក៏​ប្រើ​ឧបាយកល​ក្លែងខ្លួន​ជា​ដំរី​ព្ធ​រាវ​ណៈ ដ៏​ធំ​មហិមា​ហាក់ដូចជា​ចុះ​ពី​ឋាន​ព្រះព្រហ្ម ដោយ​មាន​ដ​ងែ្ហ​យ៉ាង​គគ្រឹក​គគ្រេង​ដើម្បី​បង្ហាញ​ឲ្យ​គូសត្រូវ​របស់​ខ្លួន​កោតស្ញប់ស្ញែង បាក់បប​ខ្លបខ្លាច​ឫទ្ធិ​បារមី​របស់​ខ្លួន ។

ប៉ុន្តែ​ហនុមាន បានដឹង​ពី​ឧបាយកល​នេះ ក៏​តំណែង​ខ្លួន​ជា​សត្វ​ខ្លា​ដ៏​ធំ​មួយ និង​ឲ្យ​ស្វា​ឈ្មោះ​អង្គទ ក្លែងខ្លួន​ជា​សត្វ​ខ្លា​ដ៏​ធំ​មួយ​ដែរ ដើម្បី​ចូល​តតាំង​ជាមួយ​ដំរី​ឥន្ទ្រជិត​នេះ ។ ហនុមាន​ក៏​បាន​ទូល​ព្រះ​រាម​ថា​ពេល​ណា​គេ​ទាំង​ពីរ​ជាប់ដៃ​ប្រយុទ្ធ​ជាមួយ​ដំរី​នេះ សូម​ឲ្យ​ព្រះ​អង្គ​ថ្លែងសរ​ឲ្យ​ចំ​ដងខ្លួន​របស់​វា​កុំ​ខាន ។ ដំរី​ឃើញ​ខ្លា​តែ​មិន​ស្គាល់​ជា​ខ្លា​ហនុមាន ក៏​លើកជើង បម្រុង​ជាន់​កម្ទេច​ឲ្យ​សូន្យ​ជីវិត​តែ​ម្តង ក៏​ប៉ុន្តែ​ហនុមាន​ស្រវា​ចាប់ជើង​ទាំង​ពី​របស់​ដំរី​ឥន្ទ្រជិត​ជាប់ ធើ្វ​ឲ្យ​វា​បាត់បង់​ជំហរ​ប្រយុទ្ធ​ទាំងស្រុង ។

ពេល​នោះ​សត្វ​ស្វា​អង្គទ ដែល​ក្លែងខ្លួន​ជា​សត្វ​ខ្លា​ដែរ​បាន​លោត ជិះ​លើ​ខ្នង​ដំរី​រួច​ខាំ​កកេរ​ដាច់​សាច់ ទាំង​ដុំ​ៗ ធើ្វ​ឲ្យ​វា​មានការ​ឈឺចាប់​ស្រែក​រោទ៍​រំពង​ព្រៃ ប្រឹង​រើបម្រះ ក៏​ពុំ​រួច​ឡើយ ។ ឆ្លៀត​ឱកាស​នោះ​ព្រះ​រាម​លើក​ធ្នូស​របាញ់​ដូច​រន្ទះ ត្រូវ​ដំរី​ឥន្ទ្រជិត​ស្លាប់​ពេល​នោះ​ទៅ ។

សូម​បញ្ជាក់​ថា នៅ​ចម្ងាយ​ប្រហែល​១00 ម៉ែត្រ​ពី​ទិសឧត្តរ​ក្នុង​អំឡុង​សង្គ្រាម​រហូត​បច្ចុប្បន្ន​នេះ បាត់បង់​រូប​ព្រះ​រាម​ពី​ទីនោះ​ទៅ​ហើយ យើង​គួរតែ​ធើ្វ​ឡើង​វិញ ដើម្បី​ឲ្យ​ត្រូវ​តាម​សាច់​រឿង និង​គោលបំណង​របស់​លោក​អ្នក​កសាង​ពី​ខាង​ដើម ។ ក្នុង​ន័យ​នេះ​បញ្ជាក់​ពី​សភាវៈ​ល្អ​តែង​បាន​ទទួល​ជ័យជម្នះ​លើស​ភាវៈ​អាក្រក់ ។ ដូច្នេះ​ការ​កសាង​រូបសំណាក​នេះ​មិនមែន​គ្រាន់តែ​សម្រាប់​ជា​គ្រឿង​លម្អ​ដល់ទី​នេះ​ទេ ប៉ុន្តែ​ជា​គតិ​ចំពោះ​បច្ឆាជន​គ្រប់​ជំនាន់​ឲ្យ​មើលឃើញ​ថា តំបន់​នេះ​ជា​ប្រភព​នៃ​ធនធានធម្មជាតិ ដែល​យើង​ត្រូវ​តែ​ថែរក្សា​ការពារ​ឲ្យ​បាន ទុកជា​សម្បត្តិ​ជាតិ​តទៅ ។

ហើយ​ម្យ៉ាងទៀត​ឲ្យ​មើលឃើញ​ថាស​ភាវៈ​អាក្រក់​ជួរ​ជាតិ​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់​ពី​សំណាក់​សភាវៈ​ល្អ​សុចរិត និង​យុត្តិធម៌ ។ ដំរី​ជាន់​ខ្លា​ជា​សម្បត្តិ​វប្បធម៌​មួយ​នៃ​សម្បត្តិ​វប្បធម៌​ទាំង​ទ្បា​យ​របស់​ខេត្តកំពង់ធំ ដែល​ត្រូវ​តែ​ថែរក្សា​ការពារ​ទុកជា​កេរដំណែល កុំ​ឲ្យ​បាត់បង់​ដោយ​ប្រការ​ណាមួយ​ឡើយ ៕ (​ដោយ ៖ ស​.​ភ​.​រ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ