រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តយីឌុបបែនដឹកដី១គ្រឿង បើកបរក្នុងល្បឿនលឿនជ្រុលទៅបុក និងកិនអ្នកជិះម៉ូតូពីក្រោយ បណ្ដាលឲ្យក្មេងស្រីម្នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ រីឯអ្នកបើកបររថយន្តបង្កត្រូវបានអ្នកភូមិដេញចាប់បាន រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍រលួសសាកសួរ និងប្រគល់បន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោ៩និង៣០នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ២កែងនឹងផ្លូវលេខ១០៤ ត្រង់ចំណុចក្បែររង្វង់មូលកួរស្រូវ ស្ថិតនៅក្នុងសង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ភឿន ស្រីកា អាយុ១៥ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋាន មានទីលំនៅក្នុងភូមិតាងួន ឃុំពោធិ៍ម្រៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអ្នករួមដំណើរ ចំណែកស្ត្រីជាអ្នកបើកបរម៉ូតូដែលរងរបួសធ្ងន់ឈ្មោះ ភឿន ស្រីរត្ន័ អាយុ១៨ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋានដូចគ្នា និងត្រូវជាបងប្អូនបង្កើតនិងគ្នា ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០២០
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AI-៦៦៥៥ ។
ដោយឡែករថយន្តបែនដឹកដីមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2803 បេីកបរដោយឈ្មោះ ចឹក ធូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបេីកបររថយន្ត មានទីលំនៅក្នុងភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងខាងលើ ឌុបគ្នាចេញពីបន្ទប់ជួលនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងទិសដៅពីកើតទៅលិច គោលបំណងនាំគ្នាទៅលេងស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានបន្តថា លុះពេលជនរងគ្រោះទាំង២នាក់ជិះម៉ូតូធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបែនដឹកដី១គ្រឿងនោះបើកបរក្នុងទិសដៅស្របគ្នា និងក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យដួល និងខ្ទាតជនរងគ្រោះម្នាក់ចូលក្រោមកង់រថយន្តនោះកិនបែកក្បាល បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅក្រោមរថយន្ត ចំណែកម្នាក់ទៀតដែលជាបងស្រី និងជាអ្នកបើកម៉ូតូបានរងរបួសធ្ងន់ត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ រីឯអ្នកបើកបររថយន្តព្យាយាមរត់គេចខ្លួនដែរ ប៉ុន្តែរត់អត់រួចត្រូវអ្នកភូមិដេញចាប់បានប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលរលួស។
ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ខណ្ឌដង្កោបានចុះទៅសម្រួលមិនឲ្យមានការកកស្ទះ រួចបានរាយការណ៍ទៅកាន់ការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តបង្កនិងអ្នកបើកបរ ព្រមទាំងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ