ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​​ជ្រូក​វៀតណាម​ឡើង​ខ្ពស់ ធ្វើ​ឱ្យ​ជ្រូក​រស់​​ពី​ថៃ​និង​កម្ពុជា​ហូរ​ចេញ​ទៅ​វៀតណាម​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​ចម្លែក​មួយ​ដែល​កម្ពុជា ធ្លាប់តែ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ព្រោះ​វៀតណាម​គេ​សំបូរ​ជ្រូក​និង​មាន​តម្លៃ​ថោក តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ បែរជា​កម្ពុជា​នាំ​ចេញ​ជ្រូក​ខ្លះ​ៗ​ទៅ​កាន់​ប្រទេស​វៀតណាម និង​មាន​ឈ្មួញ​ខ្លះ​នាំ​ពី​ប្រទេស​ថៃ​ហើយ​បន្ត​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយសារ​តែ​ទីផ្សារ​ជ្រូក​នៅ​ប្រទេស​វៀតណាម​មាន​តម្លៃ​ខ្ពស់​ជាង​ជ្រូក​រស់នៅ​កម្ពុជា ។ បើ​តាម​លោក​ស្រ៊ុ​ន…

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​ចម្លែក​មួយ​ដែល​កម្ពុជា ធ្លាប់តែ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ព្រោះ​វៀតណាម​គេ​សំបូរ​ជ្រូក​និង​មាន​តម្លៃ​ថោក តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ បែរជា​កម្ពុជា​នាំ​ចេញ​ជ្រូក​ខ្លះ​ៗ​ទៅ​កាន់​ប្រទេស​វៀតណាម និង​មាន​ឈ្មួញ​ខ្លះ​នាំ​ពី​ប្រទេស​ថៃ​ហើយ​បន្ត​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយសារ​តែ​ទីផ្សារ​ជ្រូក​នៅ​ប្រទេស​វៀតណាម​មាន​តម្លៃ​ខ្ពស់​ជាង​ជ្រូក​រស់នៅ​កម្ពុជា ។

បើ​តាម​លោក​ស្រ៊ុ​ន ពៅ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានអោយ​ដឹង​ថា សព្វ​ថ្ងៃនេះ តម្លៃ​ជ្រូក​រស់នៅ​ក្នុង​ប្រទេស​វៀតណាម​មាន​តម្លៃ​ខ្ពស់​ណាស់ គឺ​ចន្លោះ​ពី​១៧០០០​រៀល​ទៅ​១៨០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​ធ្វើ​អោយ​ដូច្នេះ អ្នក​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ​ចង់​មិន​ចង់ នឹង​នាំ​ចេញ​ទៅ​វៀតណាម​បន្ត ដើម្បី​បាន​ចំនេញ ។ ម្យ៉ាងទៀត អ្នក​ចិញ្ចឹម​ជ្រូក​នៅ​តាម​ព្រំដែន ក៏​បាន​លួច​ដឹក​ចេញ​តាម​ម៉ូតូ​ម្ដង​ពីរ​បី​ក្បាល​ទៅ​ប្រទេស​វៀតណាម ដើម្បី​ផ្គត់ផ្គង់​ដែល​ជា​ហេតុ​ធ្វើ​អោយ​ជ្រូក​រស់​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ឡើងថ្លៃ​ថែម​ទៀត ។

លោក​បន្ត​ថា បើ​ទោះបីជា​ជ្រូក​នាំ​ចូល​ពី​ថៃ​និង​ពី​កម្ពុ​ជាមួយ​ចំនួន បាន​ហូរ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​ក្ដី​ក៏​ប៉ុន្តែ ការ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មិន​ខ្វះខាត​ជ្រូក​សម្រាប់​ពលរដ្ឋ​នោះ​ទេ ព្រោះ​កសិ​ករ​និង​ម្ចាស់​កសិដ្ឋាន​ជា​ច្រើន​បាន​ចាប់ផ្ដើម​ចិញ្ចឹម​ឡើង​វិញ​ហើយ​បន្ទាប់​ពី​ស្ថានភាព​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​បាន​ស្ងប់ស្ងាត់​មួយ​រយៈ ។ លោក​ថា​៖« ការ​ឡើងថ្លៃ​ជ្រូក​រស់នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ក្នុង​ពេល​នេះ គឺជា​ការ​ល្អ​ប្រសើរ​ណាស់ ដើម្បី​អោយ​កសិករ និង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក រៀបចំ​ទ្រុង និង​កសិដ្ឋាន​ឡើង​វិញ បើ​មិន​ឡើងថ្លៃ​ទេ ហើយ​នៅ​តែ​បន្ត​លក់​ជ្រូក​ខាត​ទៀត​នោះ​តើ​ថ្ងៃ​ណា​ទើប​កម្ពុជា​បញ្ចប់​ការ​នាំ​ចូល​ទាំង​ស្រុក​ពី​ប្រទេស មក​ផ្គត់ផ្គង់ ។

ចំណែក​ការ​ឡើងថ្លៃ​ជ្រូក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​វា​មិន​ហួសហេតុ​មិន​អាច​ទទួលយក​បាន​នោះ​ទេ ជាក់ស្ដែង​ដូច​បានដឹង​ហើយ​ថា​នៅ​វៀតណាម​វា​ឡើងថ្លៃ​ខ្ពស់​និង​មិន​មាន​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ប្រទេស​គេ​ផង ដែល​វា​ជា​ឱកាសល្អ​មួយ​សម្រាប់​កម្ពុជា »​។លោក​តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​ទទួល​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ បានអោយ​ដឹង​ថា កម្ពុជា​បាន​កំណត់​និង​រឹត​បន្តឹង​នូវ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ក្រៅ មក​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ ដោយ​សព្វ​ថ្ងៃនេះ​កម្ពុជា​នាំ​ចូល​ជ្រូក​តែ​ពី​ប្រទេស​ថៃ​មួយ​ប៉ុណ្ណោះ ដោយសារ​តែ​តម្លៃ​ជ្រូក​នៅ​ប្រទេស​ថៃ នៅ​មាន​តម្លៃ​ទាប បើ​ធៀប​នឹង​តម្លៃ​ជ្រូក​នៅ​ប្រទេស​វៀតណាម ។

លោក​បន្ត​ថា​ចាប់តាំងពី​មានការ​រឹត​បន្តឹង​ការ​នាំ​ចូល​មក​ក៏​ឃើញ​ថា​វា​ចាប់ផ្ដើម​ល្អ​ប្រសើរ​ចំពោះ​ទីផ្សារ​នៃ​ជ្រូក​រស់ ។ ជា​ជំហាន​បន្ទាប់​ក្រសួង​ក៏​បាន​ចាប់ផ្ដើម​រឹត​បន្តឹង​នូវ​ការ​នាំ​ចូល​សាច់​ដទៃ​ទៀត ដើម្បី​ទុក​លទ្ធ​ភាព​អោយ​អ្នក​ក្នុងស្រុក​ជា​អ្នក​ផ្គត់ផ្គង់​វិញ​ម្ដង ហើយ​ក៏​អាច​ធ្វើ​អោយ​ពួក​គាត់​រក​ប្រាក់​ចំណេញ​ពីរ​បរ​ចិញ្ចឹម​ជ្រូក​និង​សត្វ​ចិញ្ចឹម​ផ្សេង​ៗ​ផង​ដែរ ។ចំណែក​លី ឡា​វី​ល អគ្គនាយក​ក្រុមហ៊ុន M’s Pig របស់​អ្នកឧកញ៉ា​ម៉ុង ឬ​ទ្ធី​ក៏​បានអោយ​ដឹងផង​ដែរ បើសិនជា​ស្ថានភាព​ទីផ្សារ​ជ្រូក​រស់នៅ​កម្ពុជា ល្អ​ប្រសើរ​ដូច​ជា​ពេល​នេះ មិន​យូរ​ទេ​អ្នក​ចិញ្ចឹម​កាន់តែ​ច្រើន ហើយ​កម្ពុជា​នឹង​ឈាន​ទៅ​ដល់​ការ​ផ្គត់ផ្គង់​បាន​ទាំងស្រុង ដោយ​មិន​ចាំបាច់​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស​ដើម្បី​ផ្គត់ផ្គង់​ទៀត​នោះ​ទេ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​សម័យ​កូ​វី​ដ​១៩​នេះ វិស័យ​កសិកម្ម​កម្ពុជា ហាក់​មាន​កំណើន​និង​សកម្ម​ភាពល្អ​ប្រសើរ ដោយ​កសិករ អាច​ធ្វើ​ដាំ​ដុះ​បន្លែ ផ្គត់ផ្គង់​ទីផ្សារ និង​ទទួល​បាន​តម្លៃ​សមរម្យ​ផង​ដែរ ។ ក្រៅពី​នោះ កសិករ ក៏​ចាប់ផ្ដើម​ចិញ្ចឹម​មាន់ ទា និង​ជ្រូក​ដើម្បី​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ ក្នុង​ពេល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិតខាង​ត្រូវ​បាន​រឹត​បន្តឹង ៕

អត្ថបទសរសេរ ដោយ