ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​២​ខ្សែ​រលាយ​អស់ អ្នកស្រុក​ចោទ​ក្រុម​ហ៊ុន​២ រកស៊ី​ដឹក​ថ្ម កិន​ថ្ម​ជា​អ្នក​បំផ្លាញ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុមហ៊ុន​កិន​ថ្ម ២​កន្លែង​ដែល​គេ​ដឹង​ថា ជា​ក្រុមហ៊ុន​ថៃ និង​ក្រុមហ៊ុន​កូរ៉េ កំពុង​តែ​ធ្វើ​អាជីវកម្ម​កិន​ថ្ម​បំផ្លាញ​ធនធានធម្មជាតិ​ខ្មែរ​នៅ (​ភ្នំ​ព្រៃ​បាំង​) ជិត​រលាយ​ហិនហោច ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដូន​អែម…

ខេត្តសៀមរាប ៖ ក្រុមហ៊ុន​កិន​ថ្ម ២​កន្លែង​ដែល​គេ​ដឹង​ថា ជា​ក្រុមហ៊ុន​ថៃ និង​ក្រុមហ៊ុន​កូរ៉េ កំពុង​តែ​ធ្វើ​អាជីវកម្ម​កិន​ថ្ម​បំផ្លាញ​ធនធានធម្មជាតិ​ខ្មែរ​នៅ (​ភ្នំ​ព្រៃ​បាំង​) ជិត​រលាយ​ហិនហោច ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ មិនតែប៉ុណ្ណោះ ក្រុម​ហ៊ុន​ទាំង​២​នោះ បាន​ដឹក​ជញ្ជូន​ថ្ម​បំផ្លាញ​ផ្លូវថ្នល់​២​ខ្សែ​ខូច​ទាំងស្រុង ។ បើ​តាម​កត់សម្គាល់ គឺ​ផ្លូវ​ខ្សែ​ទី​មួយ គឺ​ចាប់ពី​ឃុំ​គោក​ដូង ទៅ​ទល់​នឹង​ឃុំ​ល្វា​ទ្រាំង ស្រុក​វ៉ា​រិ​ន និង​មួយ​ខ្សែ​ទៀត​ចាប់ពី​ឃុំ​គោក​ដូង មក​ទល់​នឹង​ឃុំ​លាងដៃ ស្រុក​អង្គរធំ​។

លោក វុ​ទ្ធី មេការ​ក្រុមហ៊ុន​ថៃ ថា ការ​ចោទប្រកាន់​មក​លើ​ក្រុមហ៊ុន​របស់​លោក​មិន​ត្រឹមត្រូវ​ទេ លោក​ថា ផ្លូវថ្នល់​ខូច​ហិនហោច​នោះ គឺ​មាន​ក្រុមហ៊ុន​កូរ៉េ​មួយទៀត ដឹក​ជញ្ជូន​យ៉ាង​សកម្ម​ជាង​ក្រុមហ៊ុន​របស់​លោក​ទៅ​ទៀត ហើយ​ក៏​មាន​រថយន្ដ​ដឹក​ដំឡូង​មី​ផង​ដែរ​។

ចំណែក​ពលរដ្ឋ​ថា កសិផល​របស់​ពួក​គាត់​ក្នុង​មួយ​ឆ្នាំ​បាន​ទទួលផល​តែ​មួយ​ដងគត់ វា​មិន​សាក​សម​នឹង​ធ្វើ​ខូច​ផ្លូវ​នោះ​ទេ ។ ពលរ​ដ្ន​បន្ដ​ថា ការ​លើក​ឡើង​របស់​លោក វុ​ទ្ធី មេការ​ក្រុមហ៊ុន​ថៃ ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តាម​ដងផ្លូវ​ជំទាស់​ថា ហេតុ​អី​បាន​ចោទ​ថា រថយន្ត​គោ​យន្ត​កន្ត្រៃ រទេះគោ បាន​បំផ្លាញ​ថ្នល់​នោះ​ទៅ​វិញ ហើយ​ចុះ​ត្រង់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ថ្ម​ពេញ​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នោះ ហេតុ​អី​មិន​និយាយ? ចំណែក​លោក​អភិបាលស្រុក​អង្គរជុំ និង​ស្រុក​វ៉ា​រិ​ន គ្មាន​ទទួល​ការ​ខុស​ត្រូវ​ចំពោះ​រឿង​នេះនោះ​ទេ ចេះ​តែ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ទាំង​២ ដឹក​ជញ្ជូន​ថ្ម​តាម​ទំនើងចិត្ត គ្មាន​ការ​ជួសជុល​ឡើយ​។

លោក លុក ផុស អភិបាលស្រុក​អង្គរជុំ បានឱ្យ​ដឹង​ថា លោក​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​ធ្វើការ​ជួសជុល​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មានការ​ខូចខាត​ហិនហោច​ផ្លូវ និង​ផល​ប៉ះពាល់​មក​លើ​ពលរដ្ឋ​ធ្វើ​ដំណើរ​។ តែ​ទោះ​យ៉ាងណា ពលរដ្ឋ​នៅ​តាម​ដងផ្លូវ​នៅ​តែ​មិន​ជឿ​ពាក្យ​សំដី​លោក​អភិបាល​ទេ ព្រោះថា ផ្លូវ​នេះ​ខូច​ហិនហោច​យូរណាស់​មក​ហើយ ចេះ​តែ​ដោះស្រាយ​ខ្យល់​បាន​តែ​មាត់​។

ពលរដ្ឋ​ទាំងនោះ​បាន​ចោទសួរ​ថា លោក គី វី​រិ​ន្ទ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តសៀមរាប ទើប​មក​កាន់​តំណែង​ថ្មី បានដឹង​ជ្រួតជ្រាប​ផ្លូវ​ពីរ​ខ្សែ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខាងលើ​នេះ​ដែរ​ឮ​ទេ ។
រីឯ​​លោក មាស ជូ​រ៉ា​នី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បានដឹង​ថា រឿង​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ តែ​លោក​ពុំ​ទាន់​បាន​ទទួល​ការ​ខុស​ត្រូវ​ក្នុង​ការ​ដឹក​ជញ្ជូន​ថ្ម​ពី​ក្រុមហ៊ុន​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ