ខេត្តកំពង់ឆ្នាំង ៖ អ្នកចិញ្ចឹមគោបំប៉នសម្រាប់លក់នៅក្នុងកសិដ្ឋានចិញ្ចឹមគោ នៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ បានរកឃើញវិធីផលិតចំណីសម្រាប់ឱ្យគោស៊ី មានប្រូតេអុីនខ្ពស់ គុណភាពល្អប្រសើរ និងធ្វើឱ្យសត្វគោមានភាពធំធាត់ ល្អជាងការឱ្យស៊ីស្មៅធម្មតា មិនត្រឹមតែប៉ុណ្ណោះ អតិថិជនដែលបានទិញគោយកទៅកាប់នៅបានសរសើរថា សាច់គោមានគុណភាព និងក្រហមល្អជាងគោដែលស៊ីស្មៅធម្មតា ។
ស្ត្រីឈ្មោះ ឃាម ស្រីលក្ខណ ដែលជាអ្នកមើលការខុសត្រូវក្នុងការផលិតចំណីគោបានឱ្យដឹងថា គាត់ចេះផលិតចំណីគោនេះ តាមការណែរបស់ លោក រស់ វិសុទ្ឋ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ នៅទីនេះ ។
ស្ត្រីរូបនោះបានបញ្ជាក់ថា ដើម្បីផលិតចំណីគោត្រូវប្រើវត្ថុធាតុដើម មានដូចជា កាកដំឡូង, កាកពោត ,កាកសណ្តែកសៀង, មេនំប៉័ង, កាកស្រាបៀ, កន្ទក់,និងកាកដូងប្រេង ដោយបានកិនលាយបញ្ចូលគ្នា រួច យកទៅផ្អាប់ទុករយៈពេល២១ថ្ងៃ ។ បន្ទាប់មកដាក់ចូលម៉ាស៊ីនកិនលាយមួយសារទៀតដោយបន្ថែម ស្ករនិងវត្ថុធាតុមួយចំនួនទៀត ។ លុះពេលកិនរួចហើយច្រកចូលការ៉ុងរក្សាទុក១សប្តាហ៍ ទើបអាចយកឱ្យគោស៊ីបាន។
ស្ត្រីរូបនោះបានបន្តថា៖ គោស៊ីចំណីមានភាពធំធាត់លឿនជាងគោចិញ្ជឹមឱ្យស៊ីស្មៅធម្មតា ព្រោះការឱ្យចំណីត្រឹមតែ១សប្តាហ៍ គោនិងឡើងទម្ងន់ប្លែក ។ ដោយហេតុនេះហើយទើបគោដែលទិញយកមកស្គម ៗ បំប៉នត្រឹម២ឬ៣ខែធំធាត់អាចចាប់លក់ឱ្យម៉ូយកាប់សាច់បានហើយ ។
ចំណែកអ្នកទិញគោយកទៅកាប់បានឱ្យដឹងថា៖ សាច់គោដែលស៊ីចំណី មានគុណភាពឆ្ងាញ់ និងពណ៌ក្រហម ជាងសាច់គោស៊ីស្មៅធម្មតា ។ សព្វថ្ងៃនេះ ចំណីដែលផលិតបាន គាត់បានចែកឱ្យប្រជាពលរដ្ឋ ដែលចិញ្ចឹមគោ និងក្នុងភូមិសាកល្បង ដែរ ដោយគិតតែត្រឹមតម្លៃដើម មិនទាន់លក់យកចំណេញទេ ។
ស្ត្រីជាអ្នកផលិតចំណីគោរូបនោះនៅបានបញ្ជាក់ថា៖ គោដែលមិនធ្លាប់ស៊ីចំណី យើងត្រូវបង្ហាត់ឱ្យវាស៊ី ត្រឹម៣គីឡូក្រាម ក្នុង១ពេល រយៈពេល២-៣ថ្ងៃវាចេះស៊ីហើយ យើងបានឱ្យចំណីវាស៊ីចំនួន៥គីឡូក្រាម ក្នុង១ពេល ក្នុង១ថ្ងៃយើងឱ្យវាស៊ី២ពេល ស្មើ១០គីឡូក្រាម។
សូមបញ្ជាក់ថា នៅកសិដ្ឋានចិញ្ចឹមគោក្នុងភូមិស្វាយផ្អែមខាងលើនេះ បច្ចុប្បន្នមាន គោចិញ្ចឹមបំប៉នយកសាច់ចំណួន៦០ក្បាល គោមេពូជ ៧ក្បាល ព្រមទាំងមានការដាំស្មៅ ដែលនាំពូជមកពីក្រៅប្រទេស ស្រាប់ ឱ្យគោស៊ីជាចំណីផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ