ឧកញ៉ា​លី ហួរ បង្ហាញ​ទស្សនៈ​អ្នកជំនួញ​គួរ​ជ្រើសរើស​ភរិយា​បែប​ណា​ដើម្បី​ឲ្យ​ជីវិត​ជោគជ័យ


រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​អំពី​ឈ្មោះ​ឧកញ៉ា លី ហួរ មនុស្ស​ជា​ច្រើន​ពិតជា​បាន​ស្គាល់​លោក​ឧកញ៉ា តាម​រយៈ​ហាង លី​ហួរ ដូរ​លុយ ប្តូរ​ប្រាក់ និង​លក់​មាស នៅ​ជិត​ផ្សារ​អូរ​ឫស្សី​ក្នុង​រាជធានី​ភ្នំពេញ ។

នា​ពេល​បច្ចុប្បន្ន​នេះ​លោក​ឧកញ៉ា លី ហួរ គឺជា​ប្រធាន​ក្រុមហ៊ុន លី ហួរ គ្រុប ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៨ ដែល​ក្នុង​នោះ​មាន​ដូច​ជា ក្រុមហ៊ុន​លី​ហួរ ប្តូរ​ប្រាក់ និង​លក់​គ្រឿងអលង្ការ ក្រុមហ៊ុន លី​ហួរ ហាង​បញ្ចាំ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​បុរី​វិមាន​ភ្នំពេញ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លី​ហួរ ក្រុមហ៊ុន​ទេពី (Tepi) វិនិយោគ ក​សិ​-​ឧស្សាហកម្ម​ដំណាំ​កៅស៊ូ ក្រុមហ៊ុន លី​ហួរ លី​ស៊ី​ង (​ជួល​រថយន្ត​) និង ក្រុមហ៊ុន ផេ​ប្រូ (​លី ហួរ វេរ​លុយ​) និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង លី ហួរ ដែល​មុខ​ជំនួញ​ទាំងអស់​កំពុង​ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់​។

លោក​ឧកញ៉ា​គឺជា​សហគ្រិន​ដ៏​ជោគជ័យ​មួយ​រូប​នៅ​កម្ពុជា មិន​ថា​ជីវិត​គ្រួសារ​និង​មុខ​ជំនួញ​ឡើយ ។ កន្លង​មក​លោក​ឧក​ញ្ញ៉ា​ធ្លាប់​បាន​លាតត្រដាង​នូវ​ការ​ពិត​ជុំវិញ​ភាគ​ជោគជ័យ​ក្នុង​ជី​វីត​គឺ​ពិតជា​មានការ​រួមចំណែក​ដ៏​ធំធេង និង​កា​រៈបង់​មិន​អាច​កាត់ថ្លៃ​បាន​នៃ​ភរិយា​របស់​លោក​ឧកញ៉ា ។

យ៉ាងណាមិញ នៅ​ពេល​សាកសួរ​នូវ​ទស្សនៈ​របស់​លោក​ឧកញ៉ា​ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​ឧត្តម​ភរិយា​ដើម្បី​ឲ្យ​ជីវិត​ជោគជ័យ តើ​បុរស​ជា​អ្នកជំនួញ​គួរ​ជ្រើសរើស​ភរិយា​បែប​ណា ? លោក​ឧកញ៉ា បាន​ពោល​ឡើង​ជាមួយនឹង​ស្នាមញញឹម​ថា «​បើ​យើង​និយាយ​ជា​ទូទៅ ការ​ជ្រើសរើស​ដៃគូ ខ្ញុំ​គិត​ថា​ជា​និស្ស័យ​រៀងខ្លួន​។ វា​មានរឿង​ពីរ ដែល​យើង​ត្រូវ​ញែក​ឲ្យ​ដាច់​ពី​គ្នា បើសិនជា​អ្នក​ប្រកប​មុខរបរ​ទទួលទាន​រកស៊ី យើង​ត្រូវ​ជ្រើសរើស​ភរិយា​បែប​ណា​សម្រាប់​ឲ្យ​ត្រូវ​ជាមួយនឹង​អ្នក​រកស៊ី ។

បើ​យើង​ជា​មន្ត្រីរាជការ យើង​រើស​របៀប​ណា​ដែល​យើង​ចូល​ចិត្ត ពីព្រោះ​របៀបរបប​ខុស​គ្នា ។ ខ្ញុំ​មិន​និយាយ​អ្នក​ដទៃ​ទេ តែ​ខ្ញុំ​និយាយ​រឿង​គ្រួសារ​ខ្ញុំ ។ គ្រួសារ​ខ្ញុំ (​ភរិយា​) តាំងពី​ស្គាល់គ្នា​មក គឺ​អាច​និយាយ​ថា​ឈ្លោះប្រកែក​គ្នា​ធំដុំ​គឺ​គ្មាន​។ ទី​២ លោក​ជំទាវ តាំងពី​បែក​របប​វាល​ពិឃាត​មក យើង​ចាប់ដៃ​គ្នា​បាតដៃ​ទទេរ តែ​លោក​ជំទាវ គឺ​គាត់​បាន​លះបង់​គ្រប់យ៉ាង គាត់​មិន​ដែល​គិត​ថា​ត្រូវ​តុបតែង​ខ្លួន ត្រូវធ្វើ​ខ្លួន​អ​ញ្ចេះ​អ​ញ្ចុះ ឬ​ប្រកាន់​នេះ​ប្រកាន់​នោះ​ទេ ។

មាន​ន័យ​ថា​ស្អី​ក៏​គាត់​ធ្វើ​ដែរ ដើម្បី​គ្រួសារ​គឺ​លះបង់​គ្រប់យ៉ាង សូ​ម្បី​មក​ដល់​សម័យនេះ សម័យ​ទំនើប នារី​មួយ​ចំនួន​គាត់​មាន​លក្ខណៈ​មួយ​ថា ដូច​ខ្ញុំ​និយាយ​ថាបើ​ឲ្យ​គាត់​ទៅ​ប្រឡូក​គ្រប់យ៉ាង គឺ​គាត់​ក៏​មិន​ធ្វើ​ដែរ ។ អ​ញ្ចឹ​ង​បើសិន​គាត់​ជា លោក​ជំទាវ មន្ត្រីរាជការ គឺ​ចិ​រក​និស្ស័យ​អ​ញ្ចឹ​ង​គឺ​ត្រូវ​។ ក៏​ប៉ុន្តែ​សម្រាប់​ចិ​រក និស្ស័យ​មុខ​ជំនួញ អ្នក​រកស៊ី បើសិនជា​ប្រកាន់​លិច ឬ​ប្រកាន់​កើត​ក៏​ពិបាក​ដែរ ។ អ​ញ្ចឹ​ង​ការ​ជ្រើសរើស​ដៃគូ មិន​អាច​កំណត់​ទិស​ដៅ​អី​មួយ​ច្បាស់លាស់​ទេ តែ​ជា​និស្ស័យ​មនុស្ស​រៀង​ៗ​ខ្លួន​» ។

ប្រាកដ​ណាស់ លោក​ឧកញ៉ា លី ហួរ ជា​ច្រើន​លើក​ច្រើន​សារ​អំឡុង​ពេល​នៃ​ការ​ផ្តល់​បទ​សម្ភាសន៍​ពី​ខ្សែជីវិត​ជោគជ័យ​របស់​ខ្លួន​ជាមួយនឹង​សារព័ត៌មាន​កោះសន្តិភាព គឺ​លោក​តែងតែ​ពោល​សរសើរ​ដល់​ច​រិ​ក​លក្ខណៈ​លោក​ជំទាវ​មិន​ដាច់​ពី​មាត់​ថា «​សម្រាប់​លោក​ជំទាវ​ខ្ញុំ​ផ្ទាល់ គឺថា​ជា​ស្រី​គ្រប់លក្ខណ៍​តែ​ម្តង គាត់​មិន​ដែល​ប្រកាន់វណ្ណៈ អត់​ដែល​គិត​ពី​រឿង​តុបតែង​ស៊ី​វិ​ល័យ​អី​ទេ តែ​គាត់​គិត​ផ្តោត​តែ​ពី​រឿង​ការងារ អ្វី​គ្រប់យ៉ាង ប៉ុន្តែ​ក៏​មិន​ធ្វើ​លក្ខណៈ​តោកយ៉ាក​ត្រី​ត្រៀក​ដែរ គឺ​គាត់​ចូល​ចំណោម​ពិធី​ធំដុំ​គាត់​ចូល​ចុះ គាត់​ធ្វើ​អី​គាត់​ធ្វើ​បាន ។ ប៉ុន្តែ​ជា​ចិ​រក​គាត់​គឺ​សាមញ្ញ សុភាព​រាបសារ​និង​រួសរាយ​ជាមួយនឹង​អតិថិជន​ទូទៅ ។ គាត់​គោរព​ឲ្យ​តម្លៃ​អ្នក​ដទៃ គាត់​មិន​មើលងាយ​អ្នក​ខ្សត់ខ្សោយ​ជាង មិន​រើសអើង​អី​ទាំងអស់ ។ អ​ញ្ចឹ​ង​គ្រប់ពេលវេលា តាម​កាលៈទេសៈ​គាត់​ធ្វើ​បាន​ទាំងអស់​»​។

លោក​ឧកញ៉ា​បាន​បន្ថែម​ថា «​ខ្ញុំ​ក៏​កត់សម្គាល់​ឃើញ​ថា សុភាព​នារី​យើង​ខ្លះ ពេល​ណា​បាន​ឡើង​ឋានៈ​អី​ក៏​ប្រែប្រួល​ផ្លាស់​ប្តូរ តែ​សម្រាប់​លោក​ជំទាវ​ខ្ញុំ គឺ​មិន​មានការ​ប្រែប្រួល​អ្វី​ទាំងអស់​គឺ​គាត់​ប្រឡូក​គ្រប់​ការងារ​ធ្ងន់​ស្រាល ជាមួយ​កូនចៅ ជាមួយ​បុគ្គលិក ហូប​ចុក​ជាមួយ​បុគ្គលិក ឬ​ជួនកាល​ធ្វើ​ម្ហូប​ឲ្យ​បុគ្គលិក​ទៀត​ផង អ​ញ្ចឹ​ង​ភាព​សាមញ្ញ​របស់​គាត់ គឺជា​ច​រិ​ក​ដើម​ពិតប្រាកដ​របស់​គាត់ ដែល​មិន​ចេះ​ប្រកាន់ខ្លួន មិន​ប្រែប្រួល​តាម​ទឹក​លុយ ឬ​តាម​ឋានៈ​អី​នោះ​ទេ​សម្រាប់​គាត់ ហើយ​ក៏​មិន​ចេះ​រើសអើង​មនុស្ស​ឡើយ​» ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ