ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់​ពេល​ប្តី​ប្រពន្ធ​ទៅ​រើស​អេ​ត​ចាយ​​ដាក់​​កូន​២៥​ថ្ងៃ​ក្នុង​រទេះ​ឆ្លងកាត់​ក្តៅ​ផង ភ្លៀង​​ផង​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ដែល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​បាន​យក​រទេះ​ធ្វើ​ជម្រក (​ដោយ​ដេក​ក្នុង​រទេះ​) ពេល​នេះ​មាន​ខ្ទម​រស់នៅ​បណ្តោះអាសន្ន​ហើយ តែ​គួរ​ឲ្យ​សង្វេគ​ត្រង់​ថា ទារក​ទើប​កើត​បាន​២៧​ថ្ងៃ​ដេក​ក្នុង​រទេះ​មិន​ថា ភ្លៀង ផ្គរ​យ៉ាងណា ខណៈ​ពេល​គ្រួសារ​មួយ​នេះ​រុញ​រើស​អេ​ត​ចាយ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​។…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ដែល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​បាន​យក​រទេះ​ធ្វើ​ជម្រក (​ដោយ​ដេក​ក្នុង​រទេះ​) ពេល​នេះ​មាន​ខ្ទម​រស់នៅ​បណ្តោះអាសន្ន​ហើយ តែ​គួរ​ឲ្យ​សង្វេគ​ត្រង់​ថា ទារក​ទើប​កើត​បាន​២៧​ថ្ងៃ​ដេក​ក្នុង​រទេះ​មិន​ថា ភ្លៀង ផ្គរ​យ៉ាងណា ខណៈ​ពេល​គ្រួសារ​មួយ​នេះ​រុញ​រើស​អេ​ត​ចាយ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​។

គ្រួសា​ទុរគត​ខាងលើ បុរស​ជា​ប្តី​ឈ្មោះ សុខ វៃ អាយុ​៤០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ បេង មុំ អាយុ​៣៤​ឆ្នាំ មានកូន​ក្នុង​បន្ទុក​៣​នាក់ តែ​កូនស្រី​ច្បង​អាយុ​១១​ឆ្នាំ ត្រូវ​បាន​គ្រួសារ​នគរបាល​ចិត្តធម៌​មួយ​នៅ​ឯ​ខេត្តកំពង់ធំ សុំ​យក​ទៅ​ចិញ្ចឹម​ដើម្បី​ឲ្យ​បាន​រៀនសូត្រ​នឹង​គេ​។ គ្រួសារ​មួយ​នេះ កាលពីដើម​ស៊ីឈ្នួល​អូស​រទេះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ធ្លាប់​យក​រទេះ​ធ្វើ​ជម្រក (​ដេក​ក្នុង​រទេះ​) ហើយ​កោះសន្តិភាព​ក៏​ធ្លាប់​លើកយក​មក​សរសេរ​ធ្វើ​ឲ្យ​សប្បុរសជន​ផ្តល់​អំណោយ​ជា​ហូរហែ​ផង​ដែរ​។

មិនតែប៉ុណ្ណោះ ពេល​នោះ​អាជ្ញាធរ​ក្រុង និង​ខេត្ត ក៏​បាន​ជួយ​ឧបត្ថម្ភ​ជា​ស្បៀង​ជា​បន្តបន្ទាប់​ដូច​គ្នា​។ លុះដល់​សម័យ​កូ​វី​ដ​១៩ មក​ដល់ គ្រួសា​ដដែល​នេះ​គ្មាន​មុខរបរ ព្រោះ​ថៃ​បិទ​ព្រំដែន ក៏​បង្ខំចិត្ត​នាំ​គ្នា​រុញ​រទេះ​រើស​អេ​ត​ចាយ​រក​ប្រាក់ ដើម្បី​ចិញ្ចឹម​ក្រពះ​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​នៃ​គ្រួសា​នេះ ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់​អាយុ​ទើបតែ​២៧​ថ្ងៃ​ប៉ុណ្ណោះ នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ព្រោះតែ​ជីវភាព​តោកយ៉ាក ស្ត្រី​ជា​ប្រពន្ធ​បាន​ធ្វើការ​ទាំង​សរសៃ​ខ្វី ដោយ​ដើរ​រើស​អេ​ត​ចាយ​ជា​មួយ​ប្តី​តាំងពី​សម្រាលកូន​បាន​១​ស​ប្តា​ហ៍​។ អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​មែនទែន​នោះ គឺ​កូនប្រុស​តូច​របស់​គ្រួសា​នេះ ដែល​ទើបនឹង​ឃើញ​ពន្លឺព្រះអាទិត្យ ក៏​ត្រូវ​ដេក​តែ​នៅ​ក្នុង​រទេះ បើ​ទោះបីជា​ក្រោម​កំ​ដៅ​ថ្ងៃ​ហួតហែង ឬ​មាន​ភ្លៀង​ធ្លាក់​ផ្គរ​រន្ទះ​យ៉ាងណា​ក៏​ដោយ ក៏​គ្រួសា​មួយ​នេះ​យក​សំពត់​កៅស៊ូ​បិទ​បាំង​ជា​ជម្រក ធ្វើ​ឲ្យ​មើលទៅ​ពិតជា​កំសត់​ណាស់​។

កាលពី​ម្សិលមិញ​នៃ ត្រូវជា​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ រទេះ​រើស​អេ​ត​ចាយ​របស់​គ្រួសា​នេះ​បែក​កង់ ហើយ​ជាង​ប្រាប់​ថា ត្រូវ​ដូរ​ពោះវៀន ព្រោះ​បំណាស់​បែក​ធំ​មិន​អាច​ប្រើប្រាស់​បាន​នោះ​ទេ​។ អ្វី​ដែល​កាន់តែ​អាណិត​ថែម​ទៀត​នោះ គ្រួសា​ខាងលើ​និយាយ​ថា គ្មាន​ប្រាក់​ដូរ​ពោះវៀន​កង់​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​ពួក​គាត់រ​កមួយ​ថ្ងៃ​បាន​១​ម៉ឺន ឬ​ជាង​១​ម៉ឺន​រៀល ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសា ស្ទើរ​មិន​ចង់​គ្រប់​។

ដោយ​ក្តី​អាណិត ភ្នាក់ងារ​កោះសន្តិភាព បាន​ចេញ​ប្រាក់​ថ្លៃ​ប្តូរ​ពោះវៀន​កង់រទេះ និង​ផ្តល់​ប្រាក់​បន្តិចបន្តួច​ឲ្យ​គ្រួសា​នេះ​តែ​ម្តង​។ ហើយ​គ្រួសា​ខាងលើ​អះអាង​ថា បច្ចុប្បន្ន​សុំ​ដី​គេ​រស់នៅ​បណ្តោះ​អាសន្ន​ក្នុង​សង្កាត់​កើតហេតុ​។

ជា​ចុង​ក្រោយ​ពួក​គាត់​ក៏​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ផង ព្រោះ​ពេល​នេះ​ពួក​គាត់​គ្មាន​ដី​រស់នៅ និង​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ដើរ​រើស​អេ​ត​ចាយ​រក​ប្រាក់ ដើម្បី​ដោះ​ស្រាយ​ជីវភាព​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ