ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជ​កម្ម​កម្ពុជា​-​​ថៃ​​ ​កំពុង​ដំណើរ​ការ​ល្អ​ ប៉ុន្តែ​ត្រូវ​មាន​តុល្យ​ភាព​នឹង​គ្នា​ កុំ​អោយ​មួយ​ចូល​មក​បាន​ ហើយ​មួយ​ទៀត​ចូល​ទៅ​វិញ​អត់​បាន

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា កន្លង​មក​នេះ​មាន​បាតុ​ភាព​មួយ​កើត​ឡើង​នៅ​ខេត្ត​ប៉ៃ​លិន​ ដោយ​គយ​ថៃ​បិទច្រក​មិន​ឱ្យ​ប្រជា​ជន​កម្ពុជា​នាំ​ទំនិញ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​។ ចំពោះ​​បញ្ហា​នេះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​សង្កត់​ធ្ងន់​ថា គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ថា មិន​អាច​ឱ្យ​ទំនិញ​តែ​ប្រទេស​មួយ​ចូល​មក​ ហើយ​មិន​ឱ្យទំនិញ​ពី​ប្រទេសមួយ​ចេញ​ទៅ​បានទេ គឺ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​គ្មាន​តុល្យ​ភាព​។ ក្នុង​ករណី​នេះ​សម្តេច​បញ្ជាក់​ថា ប្រជា​ជន​នៅ​ខេត្ត​ប៉ៃ​លិន​បាន​ធ្វើ​សំណើ​ថា បើ​មាន​បាតុ​ភាព​នេះ​កើត​ឡើង​ទៀត​ ប្រជា​ជន​កម្ពុជា​នៅ​ខេត្ត​ប៉ៃ​លិន​ស្នើ​សុំ​ដល់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ដើម្បី​​បិទ​មិន​ឱ្យ​ទំនិញ​ថៃ​ចូល​មក​កម្ពុជា​រយៈ​ពេល​៧​ខែ​។ នេះ​គ្រាន់​តែជា​សំណើ​របស់​ប្រជា​ជន​កម្ពុជា​។

លោក​អ៊ាង​ សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ​បាន​ប្រាប់​ឱ្យ​ដឹង​ថា សម្តេច​បាន​មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា នៅ​វិមាន​សន្តិ​​ភាពទី​ស្តី​ការ​​នាយក​រដ្ឋ​មន្ត្រី​ ក្នុង​ឱកាស​​ដែល​លោក Prasas Prasasvinitchai ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ចូលជួប​​សំដែង​ការ​គួរ​សម និង​ជម្រាបលា​ ខណៈ​ពេល​លោក​បញ្ចប់​បេសក​កម្ម​ការ​ទូតនៅ​កម្ពុជា ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​សំដែង​នូវ​ការ​រីក​រាយ​ចំពោះ​អ្វី​ដែល​បាន​ប្រព្រឹត្ត​កន្លង​ទៅ ​នោះគឺ​​ការ​សំដែង​​សិល្បៈ​រួម និងការ​មក​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា​ ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​នៅ​មាន​បញ្ហា​ជាមួយ​គ្នា​ខ្លះ​ក៏​ដោយ​ ប៉ុន្តែ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​ពាណិជ្ជ​កម្ម​កំពុង​តែ​មាន​ដំណើរ​ការ​ល្អ​។

ក្នុង​ឱកាស​សំដែង​ការ​គួរ​សម​ និង​ជម្រាប​លា​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ លោក​ឯក​អគ្គ​រាជ​ទូត​ថៃ​បាន​ថ្លែង​អំណរ​គុណចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ក៏​ដូច​ជា​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​ដែល​បាន​បញ្ជូន​សិល្បករ​ទៅ​សំដែង​នៅ​ប្រទេស​ថៃ ​នោះ​គឺ​ឆ្លុះ​បញ្ចាំង​នូវ​កិច្ច​​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការ​ពង្រីក​ និង​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ថៃ​។ ថៃ​មាន​គម្រោង​ធ្វើ​ពិព័រណ៍​ពាណិជ្ជ​កម្ម​នៅ​កម្ពុជានាខែ​ឧសភា​ខាង​មុខ​នេះ​ ដោយ​មាន​រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​ថៃ​ចូល​រួម​ផង​ដែរ​។ ម្យ៉ាង​ទៀត​ថៃ​មាន​បំណង​ពង្រឹង​ ពង្រីក​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​កម្ពុជា​ផង​ដែរ​ក្នុង​ការ​នាំ​ទំនិញ​ចេញ​ពី​កម្ពុជា​ ពិសេស​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ខាង​មុខ​នេះ សមា​គម​នាំ​អង្ករ​ចេញ​ និង​គណៈ​កម្ម​ការ​ម៉ាស៊ីន​កិន​ស្រូវ​របស់​ថៃ​នឹង​មក​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ​ដើម្បី​ធ្វើ​ការ​សិក្សា​ស្វែង​យល់​ធ្វើ​យ៉ាង​ណា​សហ​ការ​ជាមួយ​កម្ពុជា​ក្នុង​ការ​នាំ​អង្ករ​ចេញ​។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្វាគមន៍​ចំពោះ​សមា​គម​ដែល​មាន​បំណង​នាំ​អង្ករ​ចេញ​ពី​កម្ពុជា និង​គណៈកម្មការ​ម៉ាស៊ីន​កិន​ស្រូវ​ថៃ​មក​កម្ពុជា​ដើម្បី​សហ​ការ​គ្នា​ក្នុង​ក្រប​ខណ្ឌ​ACMEC ផង និងក្នុង​ក្រប​ខណ្ឌ​ទ្វេ​ភាគី​ផង​ ដើម្បី​ជំរុញ​ការ​នាំ​អង្ករ​ចេញ​ ព្រោះ​ថា សព្វ​ថៃ្ង ថៃ និង​វៀត​ណាម​កំពុង​នាំ​អង្ករ​ចេញ​ ហើយ​បើ​រួម​គ្នា​ប្រទេស​ទាំង​៥​ រួម​ទាំង​កម្ពុជា​ផង​នោះ គឺ​មាន​ចំនួន​ប្រមាណ​៥០%​ផ្គត់​ផ្គង់​ទូទាំង​ពិភព​លោក​។ ដូច្នេះ​​ សម្តេច​សូម​សំដែង​ការ​ស្វាគ​មន៍​នូវ​បំណង​ក្នុង​ការ​ជំរុញ​​នាំ​អង្ករ​ចេញ​ ៕