ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ទេចចោល​​ឱសថ​ខុសច្បាប់ និង​ផលិត​ផល​ក្លែងក្លាយ​​ជាង​១៣០​តោន (មានវីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ចំនួន​ជាង​១៣០​តោន​ត្រូវ​បាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ធ្វើការ​កម្ទេច​ចោល​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០​ នៅ​ទីលាន​ចាក់​សំរាម​ ស្ថិត​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ចំនួន​ជាង​១៣០​តោន​ត្រូវ​បាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ធ្វើការ​កម្ទេច​ចោល​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០​ នៅ​ទីលាន​ចាក់​សំរាម​ ស្ថិត​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​នាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ឲ្យ​ដឹង​ថា ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ចំនួន​ជាង​១៣០​តោន នឹង​កម្ទេច​ចោល ។

​លោក​បាន​រំលឹក​ថា កាលពី​អំឡុង​ឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ប្រតិបត្តិការ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ធ្វើការ​ស៊ើបអង្កេត និង​បង្ក្រាប​នូវ​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​បាន​ចំនួន​ជាង​១៣០​តោន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​ដោយ​​ដកហូត​បាន​រួម​មាន ឱសថ​ហួស​សុពលភាព​មាន​ចំនួន​២២៥​មុខ ស្មើ​នឹង​៦​តោន និង​ឱសថ​បុ​រាណ​-សម័យ​ចិន អាហា​រ​បំប៉ន គ្រឿងសំអាង​ក្លែងក្លាយ ផលិតផល​ក្លែងក្លាយ​ទូទៅ ផលិតផល​គ្រឿង​ឧបភោគបរិភោគ​ខូចគុណភាព ហួស​សុពលភាព​ជា​ច្រើន​ប្រភេទ​មាន​ដូច​ជា ៖ ប្រេងឆា​, ទឹកដោះគោ​, ទឹកក្រូច ទឹកអប់ , ទឹក​ស៊ី​រ៉ូ​, ទឹកត្រី​, ទឹកស៊ីអ៊ីវ , ស្ព្រៃ​យ៍​បាញ់​ខ្លួន​, ទឹក​ថ្នាំ​ព្រី​ន​ធ័​រ​, មី​, ម្សៅ​មី , នំ​ប៉ាវ​, ដែល​លាងដៃ​, ឱសថ​បូរាណ​ចិន ។​ល​។

លោក​ក៏​សំដែង​នូវ​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​សមាសភាព​ក្នុងការ​ចូលរួម​បង្ក្រាបករណី​ខាងលើ​ ជា​ពិសេស​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​ក្រសួងសុខាភិបាល ក្រោម​ការ​ដឹកនាំ​របស់ លោក សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង ជា​រដ្ឋមន្ត្រី ដែល​ជា​និច្ចកាល​តែងតែបាន​គាំ​ទ្រ​ដល់​សកម្មភាព​របស់​គណៈកម្មាធិការ​ជា​រៀង​រហូត​មក ធ្វើ​ឱ្យ​គណៈកម្មាធិការ​សម្រេច​បាន​នូវ​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ ។

លោក​នាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​បញ្ជាក់​ថា ៖ ទោះបីជាមានការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ពី​បណ្តា ណា​ក៏​ដោយ គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​អ្នក​អនុវត្តន៍​ច្បាប់​បាន​ខិតខំ​យ៉ាង ក៏​ជនល្មើស​នៅ​តែ​ព្យាយាម​បន្ត​ប្រព្រឹត្ត ។ ពីព្រោះ​ថា ការ​ផលិត និង​ការ​ចែកចាយ​ផលិត​ផល​ក្លែងក្លាយ​ដែល​មាន​ហានិភ័យ ប្រៀបធៀប​នឹង​បទល្មើស​ដ៏​ទៃ​ទៀត​ខ្ពស់ គេ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ចំពោះ​ការ​ដាក់​ទោសទណ្ឌ​លើ​បទល្មើស​នេះ​នៅ​មាន​កម្រិត​ស្រាល ស្រប​ពេល​ដែល​ការ​យល់​ដឹង​របស់​សមត្ថកិច្ច​លើ​បទល្មើស​នេះ​ក៏​នៅ​មាន​កម្រិត​ផង​ដែរ ។

លោកបាន​បន្ត​ថា ​ការ​រៀបចំ​ពិធី​កម្ទេច​ចោល​នា​ពេល​នេះ ក៏​ជា​សារ​មួយ​រំលឹក​ទៅ​ដល់​ជនខិលខូច​មួយ​ចំនួន​ដែល​ផលិត​ស្តុក​ទុក និង​ចែកចាយ​ផលិតផល​ក្លែងក្លាយ​ផង​ដែរ​ថា ដរាបណា​សកម្មភាព​ខុសច្បាប់​បំផ្លាញ សុខភាព សុខុមាលភាព​របស់​ប្រជាជន និង​សុវត្ថិភាព​សង្គម​នេះ​នៅ​តែ​បន្ត ដរាប​នោះ​គណៈកម្មាធិការ ក៏​នៅ​តែ​ព្យាយាម​ធ្វើការ​ទប់ស្កាត់ និង រឹបអូស​យក​មក​កម្ទេច​ចោល ដោយ​មិន​មានការ​លើកលែង ​ឬ​ក៏​បន្ធូរបន្ថយ​ជា​ដាច់ខាត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ