ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​.​ស​.​ប និង​កងទ័ព​មួក​ខៀវ រៀបចំ​គោ​រព​​វិញ្ញាណក្ខន្ធ​សព​ដែល​ស្លា.ប់​ដោយ​កូ​វី​ដ

3 ឆ្នាំ មុន

ប្រទេស​ម៉ា​លី ៖ អង្គការសហប្រជាជាតិ អ​.​ស​.​ប និង​អង្គភាព​ទាហាន​មួក​ខៀវ​(FC) រួមទាំង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត គ្រោង​នឹង​រៀបចំ​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ឧត្តមសេនីយ៍ទោ ស សា​វី នាយទាហាន​នៃ​កងអនុសេនាធំ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​២៣១…

ប្រទេស​ម៉ា​លី ៖ អង្គការសហប្រជាជាតិ អ​.​ស​.​ប និង​អង្គភាព​ទាហាន​មួក​ខៀវ​(FC) រួមទាំង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត គ្រោង​នឹង​រៀបចំ​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ឧត្តមសេនីយ៍ទោ ស សា​វី នាយទាហាន​នៃ​កងអនុសេនាធំ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​២៣១ ដែល​បានបាត់បង់​ជីវិត ក្នុង​ពេល​បំពេញបេសកកម្ម​មនុស្សធម៌​នៅ​ប្រទេស​ម៉ា​លី ។ ការ​គោរព​វិញ្ញាណក្ខន្ធ​ជា​ផ្លូវការ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​រដ្ឋធានី​បា​ម៉ា​កូ នៃ​សាធារណរដ្ឋ​ម៉ា​លី ។

តាម​សេចក្តី​ប្រកាស​របស់​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា បានឱ្យ​ដឹង​ថា ពិធី​គោរព​វិញ្ញាណក្ខ​ន្ធ​សព​ឧត្តមសេ នីយ៍ទោ ស សា​វី មានការ​អញ្ជើញចូលរួម​ពី​អគ្គលេខាធិការ អ​.​ស​.​ប​(SRSG) មេបញ្ជាការ​ទាហាន​មួក​ខៀវ​(FC) ថ្នាក់ដឹកនាំ​មន្ត្រី​យោធា ស៊ី​វិល កង​យោធា​មួក​ខៀវ​ក្នុង​តំបន់ Minusma ព្រមទាំង​មន្ត្រី​ម្ចាស់​តំបន់​ផង​ដែរ ។ សព​ឧត្តមសេនីយ៍ទោ ស សា​វី ត្រូវ​បាន​កម្លាំង​កងអនុសេនាធំ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​២៣១ ព្រមទាំង​នាយទាហាន នាយទាហានរង​ទាំងអស់ ដែល​បម្រើ​ការ​ក្នុង​ក្រប​ខណ្ឌ អ​.​ស​.​បនៃ​សាធារណរដ្ឋ​ម៉ា​លី រៀបចំ​ពិធី​ជូន​ដំណើរ​សព នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង​ហ្កា​វ ប្រទេស​ម៉ា​លីនៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​ដឹក​ឆ្ពោះទៅ​រដ្ឋធានី​បា​ម៉ា​កូ ។

សូម​បញ្ជាក់​ថា ឧត្តមសេនីយ៍ទោ ស សា​វីបាន​ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ ក្នុង​ពេល​បំពេញបេសកកម្ម​មនុស្សធម៌​ក្រោម​ឆត្រ អ​.​ស​.​បនៅ​ប្រទេស​ម៉ា​លី ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សម្តែង​ការ​សោកស្តាយ​និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព ។ ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ឧបត្ថម្ភ​ថវិកា​៥​ម៉ឺន​ដុល្លារ និង​២០​លាន​រៀល ជូន​គ្រួសារ​សព​ផង​ដែរ ។

ដោយឡែក នៅ​ក្នុង​ប្រទេស​កម្ពុជា​ឯណេះ​វិញនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អគ្គនាយកមជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាមនៃ​ក្រសួងការពារជាតិ ក៏​បាន​និង​កំពុង​ពិភាក្សា​ជាមួយ​គ្រួសារ​សព ដើម្បី​រៀបចំ​ពិធី​បុណ្យសព​របស់ឧត្តមសេនីយ៍ទោ ស សា​វី តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​ឯ​គេហដ្ឋាន​របស់​សព ស្ថិត​ក្នុង​ឃុំម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។បើ​ តាម​នាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នីគឺ​បាន​ដាក់​សំណើ​ទៅ​កាន់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដើម្បី​ដំឡើង​ឋានន្តរស័ក្តិ​សព​ឧត្តមសេនីយ៍ទោ ស សា​វី ជា​ឧត្តមសេនីយ៍ឯក ជា​កិច្ច​ប​ច្ឆា​មរណៈ ។

សូម​ជម្រាប​ថា ឧត្តមសេនីយ៍ទោ ស សា​វី អាយុ​៦៣​ឆ្នាំ បាន​ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ក្នុង​ពេល​បំពេញបេសកកម្ម​មនុស្សធម៌​ក្រោម​ឆត្រ អ​.​ស​.​ប នៅ​ប្រទេស​ម៉ា​លី ។ បច្ចុប្បន្ន សព​របស់​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ា​លី​នៅឡើយ ហើយ​មន្ដ្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុជា នៅ​មិន​ទាន់អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​ថា តើ​សព​ឧត្តមសេនីយ៍​ទោ ស សា​វី នឹង​ត្រូវ​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ ឬ​ក៏​ត្រូវ​បូជា​នៅ​ក្នុង​ប្រទេស​ម៉ា​លី ?

កម្ពុជា បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​របស់​ខ្លួន​ចំនួន​២៩៨​នាក់ ឲ្យ​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​ម៉ា​លី ក្រោម​ឆត្រ​របស់ អ​.​ស.​ប ដោយ​ចែក​ចេញ​ជា​២​កងពល គឺ​កង​វិស្វកម្ម​ចំនួន​១៥៤​នាក់ និង​កង​កម្ទេច​គ្រឿងផ្ទុះ​ចំនួន​១៤៤​នាក់ ។ ឧត្តមសេនីយ៍ទោ ស សា​វី ស្ថិត​នៅ​ក្នុង​កងអនុសេនាធំ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​២៣១ ដែល​បាន​ទៅ​បំពេញបេសកកម្ម​នៅក្នុង​ប្រទេស​ម៉ា​លី​ចំនួន​២​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១៦​ម្តង និង​ឆ្នាំ​២០១៩​ម្តង ។

គួរ​កត់​សម្គាល់ថា មរណភាព​នៃ​កងទ័ព​មួកខៀវ​កម្ពុជា ឧត្តមសេនីយ៍ទោ ស សា​វី កើតឡើង​ចំ​ពេល​ដែល អ​.​ស​.​ប ប្រារព្ធ​ទិវា​អន្ដរជាតិ​នៃ​កងកម្លាំង​រក្សា​សន្តិភាព​ក្រោម​ឆត្រ អ​.​ស.​ប ២៩ ឧសភា ។ កម្មវិធី​អភិវឌ្ឍន៍ អ​.​ស​.​ប​ប្រចាំ​នៅ​កម្ពុជា​(UNDP) បាន​ឆ្លៀតឱកាស​នេះ ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​លោក ស សា​វី ។ ចំណែក​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែស អគ្គលេខាធិការ អ​.​ស​.​ប បាន​ថ្លែង​ថា រោគរាតត្បាត​ផ្លូវដង្ហើម​បណ្ដាល​មក​ពី​វីរុស​កូ​រ៉ូ​ណា​បាន​ផ្លាស់​ប្ដូរ​អ្វី​ៗ​ជា​ច្រើន ប៉ុន្តែ​មិន​អាច​ផ្លាស់​ប្ដូរ​ការ​លះបង់​របស់​កងទ័ព​មួក​ខៀវ​ជាង​៩​ម៉ឺន​៥​ពាន់​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ចំនួន​១៣​ប្រទេស នៅ​ទូ​ទាំង​ពិភពលោក​បាន​ឡើយ ។

បើ​តាម​ទិន្នន័យ​ពី អ​.​ស​.​ប រហូត​មក​ទល់​ពេល​នេះ មាន​កងទ័ព​មួក​ខៀវ​យ៉ាង​ហោច​ណាស់​១៣៧​នាក់ ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​ក្រៅប្រទេស ។ យ៉ាងណា​ក៏​ដោយ ករណី​ស្លាប់​នៃ​កងទ័ព​មួក​ខៀវ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ទើបតែ​កើត​មាន​ចំនួន​២​ករណី​ប៉ុណ្ណោះ គឺ​មួយករណី​កើតឡើង​លើ​កងទ័ព​មួក​ខៀវ​កម្ពុជា និង​មួយទៀត​កើត​លើ​កងទ័ព​មួក​ខៀវ​មក​ពី​ប្រទេស​អែ​ល​សាវា​៉​ឌ័​រ ។

គិត​ត្រឹម​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ តាម​ប្រភព​ព័ត៌មាន​ថា កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៤នាក់​ទៀត​ដែល​កំពុង​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ម៉ា​លីត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុក វីរុស​កូ​វី​ដ​-១៩ ធ្វើ​ឱ្យ​ចំនួន​អ្នកមាន​ជំងឺ​នេះ​កើនឡើង​ដល់​១០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ ។ នេះ​បើ​តាម​ឧត្តម សេនីយ៍ឯក ផល សា​ម៉​ន អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម មាន​ប្រសាសន៍​ប្រាប់អង្គភាព​ព័ត៌មាន​ក្នុងស្រុក​មួយ ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​កងទ័ព​មួក​ខៀវ​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ម៉ា​លី​មាន​ចំនួន​ជិត​៣០០​នាក់ កំពុង​ឈរជើង​នៅក្នុង​តំបន់​ចំនួន​៥​ផ្សេង​ៗ​គ្នា រួម​មាន តំបន់​ទេ​សាលី តំបន់​គី​ដាល់ តំបន់​ហ្គា​វ តំបន់​ជីវិន​ទុ​ស និង​តំបន់​ម៉ប​ទី ៕

អត្ថបទសរសេរ ដោយ