រាជធានីភ្នំពេញ ៖ ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសពន្យារពេលក្នុងការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ អតីតភាពការងារថ្មី ក្នុងឆ្នាំ២០២០ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ស្តីពី ការពន្យារពេលក្នុងការបើករំលឹកប្រាក់ចំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០២៩ និងប្រាប់ចំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំ២០២០ បានលើកឡើងថា យោងតាមចំណុចទី៧នៃសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិតដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលជំងឺកូវីដ១៩ (ជុំទី៣ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០) និងយោងតាមច្បាប់ស្តីពីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតដែលប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ (UDC) ជ្រាបថា ការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ (សម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង) និងប្រាក់បំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំ២០២០ (សម្រាប់គ្រប់វិស័យ) ត្រូវបានពន្យារពេលក្នុងការអនុវត្តទៅឆ្នាំ២០២១ ។
ក្រសួងបន្ដថា ដោយឡែកអំឡុងពេលនៃការពន្យារការអនុវត្តនេះម្ចាស់ ឬនាយករោងចក្រសហគ្រាសត្រូវទាត់ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៅពេលបញ្ចប់កិច្ចសន្យាការងាររបស់កម្មករនិងយោជិក លើកលែងតែការបញ្ចប់កិច្ចសន្យាដោយកំហុសធ្ងន់របស់កម្មករនិយោជិត ឬកម្មករនិយោជិត លាឈប់ពីការងារដោយឯកឯង៕
ចែករំលែកព័តមាននេះ