ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យានយន្ត​44.765​គ្រឿង​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ផាកពិន័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​១​ខែ នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​មាន​មន្ត្រី​នគរបាល​៥​រូប ត្រូវ​បាន​ដក​តំណែង និង​ព្យួរការងារ ក្រោយពី​ពួក​គាត់ ល្មើស​ដោយសារ​អនុវត្ត​លើស​ពី​ច្បាប់​ដែល​បាន​កំណត់ ។ នេះ​បើ​តាម…

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​១​ខែ នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​មាន​មន្ត្រី​នគរបាល​៥​រូប ត្រូវ​បាន​ដក​តំណែង និង​ព្យួរការងារ ក្រោយពី​ពួក​គាត់ ល្មើស​ដោយសារ​អនុវត្ត​លើស​ពី​ច្បាប់​ដែល​បាន​កំណត់ ។ នេះ​បើ​តាម អគ្គស្នងការ​រង​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នា​ព្រឹក​ថ្ងៃ​ទី​១ មិថុនា នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​១​ខែ នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​៣១ ខែឧសភា ឆ្នាំ​២០២០ មាន​មន្ត្រី​នគរបាល​ចំនួន​៥​នាក់ ត្រូវ​បាន​ដក​ដំណែង និង​ព្យួរការងារ ដោយសារ​តែ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ចរាចរណ៍ ។

អគ្គស្នងការដ្ឋាន នគរបាល​ជាតិ មាន​ប្រសាសន៍​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​នគរបាល​មួយ​ចំនួន​នៅ​តែ​មិន​បាន​ធ្វើ​ជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ ទាក់ទង​នឹង​ការ​អនុវត្ត​នូវ​ច្បាប់​ចរាចរណ៍​នេះ ហើយ​មន្ត្រី​នគរបាល​ខ្លះ​នៅ​តែ​បំពាន​នឹង​ច្បាប់ ប៉ុន្តែ​ពួក​គេ​ទាំងនោះ​មិន​ត្រូវ​បាន​លើកលែង​នោះ​ឡើយ ដោយ​អគ្គ​ស្នងការ​នគរបាល​បាន​ដក​តំណែង និង​ព្យួរការងារ​ជា​បន្តបន្ទាប់ ។

លោក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មក​ទល់​ពេល​នេះ ក្នុង​ខែ​នេះ​គឺ​យើង​បាន​ដាក់​វិន័យ ៥​នាក់ រួម​មាន
ទី​មួយ​-​ប្រធាន​ការិយាល័យ ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ធំ ត្រូវ​បាន​ដក​ហួត​មុខ​តំណែង និង​ព្យួរការងារ ។
ទី​ពីរ​-​ព្យួរការងារ អធិការរង​ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ។ទី​បី​-​ព្យួ​ការងារ មន្ដ្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​បី​រូប​» ។

ជាមួយ​គ្នា​នេះ​ដែរ អគ្គស្នងការ​រង​នគរបាល​ជាតិ លើក​ឡើង​ថា ទោះបីជា​មានការ​ធ្លាក់​ចុះ​នូវ​អត្រា គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល​១​ខែ នៃ​ការ​រឹត​បន្ដឹង ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏​រាជរដ្ឋាភិបាល នៅ​តែ​មានការ​ព្រួយបារម្ភ​ដដែល ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​មិន​គោរព​ច្បាប់ ជា​ពិសេស​គឺ​ការ​មិន​ពាក់មួក​សុវត្ថិភាព​នេះ​តែ​ម្តង ។

អគ្គស្នងការ​រង​បាន​បន្ថែម​ទៀត​ថា យ៉ាងណា​ក៏​ដោយ​ការ​រឹត​បន្តឹង​នូវ​ច្បាប់​ចរាចរណ៍​នេះ នឹង​បន្ត​ទៅ​មុខជា​និច្ច ដោយ​គ្នាន​ការ​លើកលែង​នោះ​ឡើយ ហើយ​ការ​ធ្វើ​នេះ​គឺ​ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ មិនមែន​ធ្វើ​ឡើង ដើម្បី​គាបសង្កត់​ប្រជាពលរដ្ឋ ដូច​ការ​លើក​ឡើង​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ឡើយ ។

គិត​ចាប់ពី​ថ្ងៃ​ទី​១-៣១ ខែឧសភា ឆ្នាំ​២០២០​គឺ​រយៈពេល​១​ខែ​ពេញ នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី នគរបាល​ចរាចរណ៍ ដោយ​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ និង​ផាកពិន័យ​ចំពោះ​យានយន្ត ល្មើសច្បាប់​ចំនួន ៤៤.៧៦៥​គ្រឿង ក្នុង​នោះ​មាន​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ចំនួន​៣២.៧២៦​គ្រឿង ស្មើនឹង​២៧% និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១២.០៣៩​គ្រឿង ស្មើនឹង​២៧% ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល​នៃ​ការ​រឹត​បន្ដឹង អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក របស់​គណៈកម្មាធិការ​សុវត្ថិ ភាព​ចរាចរណ៍ ផ្លូវគោក​(​គ​.​ស​.​ច​.​គ​)​នៅ​ថ្ងៃ​ទី​១ មិថុនា​នេះ បាន​ឲ្យ​ដឹង​ថា បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នៃ​ខែឧសភា ឆ្នាំ​២០១៩ ឃើញ​ថា ស្ថានភាព​ចរាចរណ៍​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ចំនួន​១៣០​លើក ស្មើ​៣៧% (២១៨/៣៤៨ លើក​) អ្នក​ស្លាប់​ថយ​ចុះ​៤២​នាក់ ស្មើ​២៧% (១១៣/១៥៥​នាក់​) អ្នក​របួស​ថយ​ចុះ​១៦២​នាក់ ស្មើ​៣២% (៣៤២/​៥០៤​នាក់​) ។ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​ខែមេសា ឆ្នាំ​២០២០​នេះ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ២៨​លើក ស្មើ​១១% (២១៨/២៤៦​នាក់​) អ្នក​ស្លាប់​ថយ​ចុះ ១៤​នាក់ ស្មើ​១១% (១១៣/១២៧​នាក់​) អ្នក​របួស​ថយ​ចុះ ២៦​នាក់ ស្មើ​៧% (៣៤២/២៤៦​លើក​) ។

គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់​ថា ចំណុច​កត់សម្គាល់ នោះ​គឺ អ្នក​ប្រើប្រាស់​ផ្លូវ​យ៉ាងច្រើន គោរព​និង​អនុវត្ត​ច្បាប់​ស្តី​ពី ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស បើកបរ អធ្យាស្រ័យ និង​មាន​សណ្តាប់ធ្នាប់​ល្អ ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​ចូលរួម​លើកកម្ពស់ និង​ភាព​ថ្លៃថ្នូរ​របស់​សង្គម​ជាតិ និង​ជា​ប្រភព​លើកទឹកចិត្ត​ដល់ កងកម្លាំង​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​មាន​ស្មារតី​ខ្ពស់ ក្នុង​ការ​បំពេញភារកិច្ច​រឹត​បន្តឹង ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ​គ​.​ស​.​ច​.​គ បាន​កោតសរសើរ វាយតម្លៃ​ខ្ពស់ ចំពោះ​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​ដ៏​ថ្លៃថ្លា ជំរុញ​ការ​រឹត​បន្ដឹង​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​ការ​បម្រើសេវា​សាធារណៈ ប្រកបដោយ​ភាព​ថ្លៃថ្នូរ ទន់ភ្លន់​សុភាព​រាបសារ និង​ម៉ឺងម៉ាត់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។

គ​.​ស​.​ច​.​គ ក៏​បាន​ទទួលយក​នូវ​មតិ​រិះគន់​ក៏​ដូច​ជា​សំណូមពរ​នានា ដើម្បី​ពិនិត្យ​ឆ្លុះ​បញ្ចាំង និង​កែ​លម្អ​ទាន់​ពេលវេលា​នូវ​កង្វះខាត​ទាំងឡាយ សំដៅ​ធ្វើ​ឱ្យ​ការ​រឹត​បន្ដឹង​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​កាន់តែ ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ៕​

អត្ថបទសរសេរ ដោយ