សារព័ត៌មាន SBS របស់អូស្ត្រាលី កាលពីពេល ថ្មីៗកន្លងមកផ្សាយថា អ្នកបួសនៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានធ្វើដំណើរទៅជួបជុំគ្នានៅតំបន់ «គូនុង កេមូគូស» (Gunung Kemukus) ឬ «ភ្នំរួមរ័ក» ស្ថិតនៅភាគកណ្តាលកោះជ្វា ជាទីតាំងប្រារព្ធពិធីរួមរ័កដ៏ចម្លែករបស់អ្នកបួសឥណ្ឌូណេស៊ី ។
អ្នកបួសគ្រប់រូប មានគោលបំណងតែម្យ៉ាងគឺទៅភ្នំនោះដើម្បីស្វែងរកដៃគូរួមរ័កក្នុងជំនឿថា នឹងធ្វើឱ្យមានសំណាងល្អ ។
មានការតំណាលថា កាលពីសតវត្សទី១៦ បុរសឥណ្ឌូណេស៊ីម្នាក់លួចសហាយស្មន់ជាមួយម្តាយធម៌របស់ខ្លួន ហើយបាននាំគ្នាគេចទៅរស់នៅលើភ្នំនោះ ។ អ្នកទាំងពីរត្រូវគេសម្លាប់ខណៈពេលកំពុងរួមរ័កជាមួយគ្នា ហើយសពត្រូវគេបញ្ចុះ និងសាងសង់ចេតិយសម្រាប់ឧទ្ទិសដល់វិញ្ញាណក្ខន្ធពួកគេ ។
អ្នកស្រុកមានជំនឿថា គូស្នេហ៍សហាយស្មន់ទាំង២នាក់ត្រូវគេសម្លាប់ពេលកំពុងរួមរ័ក មិនទាន់សម្រេចចំណង់ផ្លូវភេទនៅឡើយ ដូច្នេះហើយបើជនណាទៅរួមរ័កនៅទីនោះ នឹងមានសំណាងល្អ ។
ដោយសារ «ភ្នំរួមរ័ក» មានកេរ្តិ៍ឈ្មោះល្បី ទើបក្លាយជាទីតាំងទេសចរណ៍ ដោយមានកន្លែងលក់ទំនិញ និងការប្រគំតន្ត្រី ។ ដោយសារជាជំនឿរបស់មហាជន ដូច្នេះអាជ្ញាធរមិនអាចយកទោសពៃរ៍អ្វីដល់អ្នកទៅរួមរ័កនៅទីនោះទេ ទោះបីជាដឹងថា ទីតាំងនោះជាប្រភពនៃការរួមភេទ និងការជួញដូរផ្លូវភេទក្តី ។ ដោយចំនួនស្ត្រីតិចជាងបុរស ទើបបង្កឱ្យមានស្ត្រីពេស្យាទៅរង់ចាំបម្រើអ្នកបួសនៅពាសពេញទីនោះ ។ បញ្ហាមួយទៀត គឺការឆ្លងជំងឺកាមរោគ ព្រោះពិធីនោះបុរសភាគច្រើនមិនប្រើស្រោមអនាម័យការពារទេ ។
អ្នករបួសមួយចំនួនបញ្ជាក់ថា ការរួមរ័កនៅទីនោះ នឹងធ្វើឱ្យមានលាភសំណាង និងសិរីសួស្តីក្នុងជីវិត ៕
ចែករំលែកព័តមាននេះ